វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8735 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884261 នាក់
ភ្នំពេញ៖ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិបានឱ្យកាសែតដឹងតាមទូរស័ព្ទថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិបញ្ឈរជើង លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរង នគរបាលស្រុកចន្ទ្រាទទួលបន្ទុកចរាចរណ៍ ជាបណ្ដោះ អាសន្នហើយ ដោយសារបានអនុវត្តន៍ លើសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំបង្ករឱ្យ ប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ទោះជាបានចេញមុខមកសុំទោសជាសាធារណៈក៏ដោយ ។
សូមបញ្ជាក់ថានៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា រហូតដល់ម៉ោង៣និង៣០នាទីរសៀល នគរបាលស្រុកចន្ទ្រាក្រោមបញ្ជាលោកវរៈសេនីយ៍ទោ សួគ៌ ធី បានផាកពិន័យលើម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោម៣នាក់មិនមានប័ណ្ណបើកបរ និងត្រូវបានសមត្ថកិច្ចផាក ១៨ម៉ឺនរៀល តែគ្មានប្រាក់បង់ លុះដល់ម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី២ ខែឧសភា សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយរួចដាក់ខ្នោះ ចាប់បញ្ជូនទៅអធិការស្រុកចន្ទ្រា ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នាមកបិតផ្លូវតវ៉ា មិនឲ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ។
ទាក់ទងនិងប៉ូលិសជាតិបាននិងកំពុង ប្រើកម្លាំងជិត៤ពាន់នាក់ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានចេញមករិះគន់។តាមរយៈហ្វេសប៊ុករបស់ព្រះអង្គ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សសេរថា“ដាក់សម្ពាធលើអ្នកតូចតាច ងាយស្រួលជាងប្រមូលលុយពីពួកពុករលួយបំផ្លាញជាតិ។ អរគុណ! សន្តិភាព របបមហាពុករលួយ”។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោអ្នកាសែតនគរធំថាមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទចូលច្រើនដងគ្មានការលើកទទួល។
ឯលោកមុត ចន្ថា ជំនួការលោកកឹម សុខាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិវិញ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា “ថ្ងៃទី១ ខែឧសភា ស្អែកនេះ នគរបាលចរាចរណ៍ចាប់ផ្តើមអនុវត្តច្បាប់វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យដែលភ្ជាប់ជាមួយពិន័យជាប្រាក់យ៉ាងខ្ពស់ទៀតផង។ អាជ្ញាធរអះអាងថា ការអនុវត្តច្បាប់តឹងរ៉ឹង និងផាកពិន័យខ្ពស់នេះ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
យើងខ្ញុំជាប្រជាពលរដ្ឋសូមស្នើដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលបញ្ហាបច្ចេកទេសមួយចំនួន ជាអាទិ៍ ៖
-ភ្លើងស្តុបដែលដំណើរការមិនត្រឹមត្រូវ ដូចជាភ្លើងស្តុបនៅកន្លែងខ្លះ ភ្លើងលឿងពុំដំណើរការ គឺភ្លើងបៃតង លោតចូលភ្លើងក្រហមតែម្តង។
-ភ្លើងស្តុបនៅកន្លែងខ្លះ ជាពិសេសនៅផ្លូវបំបែកជាបួន ដែលភ្លើងបៃតង មិនមានរយៈវិនាទីស្មើគ្នា ឬដើរលឿនពេក ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬរថយន្តត្រូវឈប់លើទ្រូងផ្លូវ ជាដើម។
-ស្លាកសញ្ញាចរាចរណ៍នៅកន្លែងខ្លះ ដូចជា សញ្ញាកំណត់ល្បឿន សញ្ញាហាមបត់៘ ត្រូវបានបាំងជិត ឬដាក់នៅកន្លែងដែលមើលមិនសូវឃើញ។
-QR Code ត្រូវបានបង្កើតនៅលើស្លាកលេខ ក្រដាសពន្ធរថយន្ត និងក្រដាសត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឈៀក) តែសមត្ថកិច្ចនៅតែតម្រូវឱ្យបង្ហាញឯកសារ ដើម។ អ្នកប្រើប្រាស់យានយន្ត ហាក់ពុំចង់ដាក់ឯកសារដើមនៅក្នុងយាយន្ត ព្រោះបារម្ភខ្លាចបាត់បង់ជាយថាហេតុ។
-វត្តមាននគរបាលចរាចរ គួរតែស្ថិតនៅចំណុចដែលងាយមើលឃើញច្បាស់ ។ពលរដ្ឋប្រាកដជាចៀសមិនផុតពីការទទួសខុសត្រូវចំពោះមុខច្បាប់ហើយ ប៉ុន្តែអាជ្ញាធរក៏មានកាតព្វកិច្ចរៀបចំលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងច្បាប់កំណត់ផងដែរ”។
ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់ទ្រង់ធម្មិកោ និងក្រុមប្រឆាំងមួយចំនួនខាងលើនេះ លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រតិកម្មឆ្លើយតបតាមរយៈ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះមិនមែនគាបសង្កត់អ្នកតូចតាចឡើយ តែដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។លោកឆាយ គឺមខឿន បានមានប្រសាសន៍ថា “យើងមើល! ទី១ យើងដឹងហើយថា ធម្មិកោ ហ្នឹងមនុស្សរបៀបម៉េចហើយ អាហ្នឹងទី១ ហើយមួយវិញទៀត គាត់អត់មានផ្តល់ ឬមួយប្រតិកម្មអីជាមួយនឹងការសរសើរដល់រដ្ឋាភិបាល ដល់សមត្ថកិច្ច អាជ្ញាធរដែរ គឺគាត់រកតែកន្លែងបកស្រាយ ដើម្បីឱ្យគេស្តាប់ទៅហៅថា មានផលអវិជ្ជមាន តែសម្រាប់ការឆ្លើយតប សូមបញ្ជាក់ថាអ៊ីចេះ!
យើងធ្វើនេះអត់មានទៅធ្វើបាបជនតូចតាចស្លូតត្រង់ ឬប្រជាពលរដ្ឋដែលគាត់ទន់ខ្សោយទេ គឺយើងធ្វើនេះជាការរឹតបន្តឹងច្បាប់ គោលបំណងគឺចង់កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ការពារជីវិតប្រជាពលរដ្ឋ អត់មានទៅធ្វើបាបអ្នកណាទេ ហើយកុំលើកបញ្ហាថា ពិន័យខ្ពស់ ធ្វើបាបប្រជាពលរដ្ឋ មិនមែនទេ ចុះបើយើងគោរពច្បាប់ មានអ្នកណាគេពិន័យយើង?
សំខាន់គឺយើងធ្វើការអនុវត្តច្បាប់ ការពារពួកគាត់ បើគាត់ខ្លាចពិន័យ បានន័យថា គាត់ត្រូវតែគោរពច្បាប់ឱ្យបានត្រឹមត្រូវ បើគាត់គោរពច្បាប់ត្រឹមត្រូវ បានសេចក្តីថា គាត់ការពារជីវិតគាត់ហើយ។ ដូច្នេះទស្សនៈគាត់ (ទ្រង់ធម្មិកោ) និយាយនេះ គ្រាន់តែជាទស្សនៈកេងចំណេញនយោបាយទេ ចង់និយាយថា ជាទស្សនៈអគតិសុទ្ធតែម្តង គ្មានខួរក្បាលគិតទេ គេធ្វើអីក៏ខុសដែរ”។
លោកឆាយ គឺមខឿន បន្តថា “ចំពោះគាត់និយាយថា ពុករលួយៗកន្លែងណា? ខ្ញុំអត់យល់ដែរ។ អ៊ីចឹងបានថា គាត់លើកមកដើម្បីបង្កើត តែកេងចំណេញ ដើម្បីចោទថា គេពុករលួយ ចោទថា គេអាក្រក់ គេអីប៉ុណ្ណឹង។ ប្រាប់ហេតុផលមក ត្រង់ណាដែលពុករលួយ? បើគាត់អនុវត្តស្របច្បាប់ គេពិន័យតាមច្បាប់ រឿងពុករលួយ?
លើកលែងតែបងប្អូនធ្វើខុសច្បាប់ បំពានទៅរឿងសិទ្ធិប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ឬក៏ផលប្រយោជន៍ដែលមិនស្របច្បាប់ បំពានទៅលើប្រជាពលរដ្ឋ អាហ្នឹងគាត់អាចចោទបាន ប៉ុន្តែបើសិនគេអនុវត្តត្រឹមត្រូវតាមច្បាប់ គឺអត់មានកន្លែងណាមកនិយាយថា ពុករលួយទេ ហើយយើងបានប្រកាសរួចហើយថា មន្ត្រីដែលអនុវត្តច្បាប់បានល្អ ត្រូវទទួលរង្វាន់លើកទឹកចិត្ត តែដែលខុស ត្រូវអប់រំតាមបទបញ្ជា តាមវិន័យរបស់នគរបាលជាតិ
ករណីធ្ងន់ធ្ងរ គឺយើងអនុវត្តវិធានការច្បាប់ គឺអត់មានកន្លែងណាថាគេពុករលួយទេ ហើយគ្រាន់តែ ពាក្យពុករលួយនេះ គាត់ថាអត់មានស្អីអះអាងផងហ្នឹង គាត់ចេះតែថា។ គេថាបាន យើងចង់ថាគាត់ម៉េចក៏បានដែរ តែមិននិយាយអីយកចិត្តទុកដាក់តបទៅវិញទេ គ្រាន់តែបំភ្លឺអ៊ីចឹង”។លោកឆាយ គឹមខឿន បន្តទៀតថា “ចេតនាគាត់ ចេតនាប្រមាថ បង្កើតឱ្យបំពុលបរិយាកាសសង្គម បំពុលការយល់ដឹងរបស់ប្រជាពលរដ្ឋ បំបែរការយល់ដឹងរបស់ប្រជាពលរដ្ឋ។
ដូច្នេះ សូមបញ្ជាក់ថា ទី១ ការលើកឡើងនេះ វាគ្មានហេតុផលច្បាស់លាស់ ហើយជាការលើកឡើងបែបអគតិ យើងសំណូមពរប្រជាពលរដ្ឋមេត្តាពិចារណា ហើយដែលសំណូមពរសំខាន់បំផុតនោះ គឺសុំឱ្យនាំគ្នាបើកចិត្ត លើកកម្ពស់ស្មារតី អនុវត្តច្បាប់ទៅ គឺអត់មានស្អីកើតឡើងដូចគេចោទប្រកាន់ហ្នឹងទេ នាំគ្នាអនុវត្តច្បាប់ ការពារផលប្រយោជន៍ខ្លួនឯង ការពារអាយុជីវិតខ្លួនឯង និងការពារផលប្រយោជន៍អាយុជីវិតអ្នកដទៃ និងសង្គមជាតិ សំណូមពរប៉ុណ្ណឹង។
គោរពច្បាប់ គឺគ្មានអំពើពុករលួយទេ គេអត់មានទៅ ធ្វើស្អីគាត់ ដោយសារគាត់អត់បានធ្វើខុសច្បាប់ ទេ។ កាត់បន្ថយ (គ្រោះថ្នាក់ចរាចរណ៍) បាន ឬមិនបាន ស៊ីសងលើអ្នកអនុវត្ត អ្នកគោរពច្បាប់នេះឯង បានន័យថា ប្រជាពលរដ្ឋទាំងមូលរួមសហការជាមួយសមត្ថកិច្ច។
តាមរយៈអ្នកនាំពាក្យសរុបយានយន្តល្មើសទាំងរយៈពេល៣ថ្ងៃ (ថ្ងៃទី០១-០៣ ខែឧសភា) ដែលនគរបាលផាកមានចំនួន ៧,៩០២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦,០៨៥គ្រឿង និងរថយន្ត ១,៨១៧គ្រឿង.។សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់ បើកបញ្ជ្រាសទិសចរាចរណ៍ និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកបរលើសល្បឿន ផ្ទុកលើសចំណុះ ល្មើសភ្លើងសញ្ញា និងអត់បណ្ណបើកបរជាដើម។ចឹងសាកគុណជាធ្យមតែ១៥ដុល្លារអាមេរិកមួយគ្រឿងសិនទៅចុះបានម៉ាន?។