វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 538 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418205 នាក់
កូរ៉េ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានសន្យាថា នឹងបង្កើតកិច្ចប្រឹងប្រែង ដើម្បីរួបរួមគ្នាវិញជាមួយកូរ៉េខាងជើង ឲ្យបាននៅត្រឹមឆ្នាំ២០៤៥។
សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩បានឲ្យដឹងថា៖ក្នុងឱកាសខួប ៧៤ឆ្នាំ នៃការមានសេរីភាពឡើងវិញរបស់ឧបទ្វីបកូរ៉េ ក្រោយការគ្រប់គ្រងរបស់ប្រទេសជប៉ុន លោក មូន ចេអ៊ីន បានធ្វើការសន្យាថា រូបលោកនឹងព្យាយាមប្រឹងប្រែង បង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីឲ្យប្រទេសទាំងពីរធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០៣២ ហើយនៅឆ្នាំ២០៤៥ ដែលជាខួប ១០០ឆ្នាំនៃថ្ងៃរំដោះឧបទ្វីបកូរ៉េ អាចឈានដល់ការបង្រួបបង្រួមគ្នា នៃបងប្អូនទាំងពីរឲ្យក្លាយជាប្រទេសតែមួយ។
លោក មូន ចេអ៊ីនថា ប្រទេសកូរ៉េដែលរួបរួមគ្នា អាចក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ខ្លាំងមួយនៅលើពិភពលោក ហើយមានទីផ្សារធំជាមួយចំនួនប្រជាជនខ្ទង់ ៨០លាននាក់។សូមបញ្ជាក់ថាការថ្លែងរបស់លោកជែអ៊ីនគឺក្នុងពេលដែលកូរ៉េខាងជើង កំពុងតែធ្វើការថ្កោលទោស ប្រទេសកូរ៉េខាងត្បូង ដោយសារសហរដ្ឋអាមេរិកមានគម្រោង ដាក់ពង្រាយមីស៊ីលវាយប្រហារ ក្នុងរយៈចម្ងាយមធ្យម បំពាក់ក្បាលគ្រាប់ធម្មតា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមព្រៀងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែវាយប្រហារក្នុងចម្ងាយមធ្យម ដែលហៅកាត់ថា INF កាលពីថ្ងៃទី២ ខែសីហា។
ទីភ្នាក់ងារសារព័ត៌មាន រដ្ឋកូរ៉េខាងជើង ឈ្មោះ KCNA បានចាត់ទុក ថា សហប្រតិបត្តិការ ប្រទេសកូរ៉េខាងត្បូងណាមួយជាមួយសហរដ្ឋអាមេរិកនៅក្នុងដំណើរការដាក់ពង្រាយមីស៊ីលមានមូលដ្ឋានលើគោករបស់អាមេរិក នឹងជាទង្វើខ្វះការពិចារណាឥតប្រយោជន៍។ ដោយឡែកសហរដ្ឋអាមេរិក មានការព្រួយបារម្ភ ចំពោះការអភិវឌ្ឍន៍មីស៊ីល របស់កូរ៉េខាងជើង ហើយនឹងបន្តអំពាវនាវឱ្យរបបនេះ បញ្ឈប់ការសាកល្បងមីស៊ីលរបស់ខ្លួន ។
សារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩បានឲ្យដឹងថា៖លោកអាដ្រៀថមសុន( Andrea Thompson) អនុរដ្ឋលេខាធិការ ទទួលបន្ទុកគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានធ្វើអត្ថាធិប្បាយ ជុំវិញការសាកល្បងមីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន ៥ ជុំរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា។ របបនេះបាននិងកំពុងបង្កើន សមត្ថភាពអាវុធរបស់ខ្លួន ទោះបីមានការប្តេជ្ញាចិត្ត ពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីធ្វើការឆ្ពោះ ទៅរកការរំសាយ អាវុធនុយក្លេអ៊ែរក៏ដោយ។
លោក ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានលើកឡើងពីប្រទេសកូរ៉េខាងត្បូងជាឧទាហរណ៍ មួយដែលសហរដ្ឋអាមេរិកបានជួយប្រទេសដទៃទៀត ក្នុងការចំណាយលើបញ្ហាក្នុងស្រុក គឺដូចជាព្រំដែនអាមេរិកអញ្ចឹងដែរ ។
ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩បានដកស្រងសម្តី។ឲលោក ដូណាល់ ត្រាំ ពេលថ្លែងទៅកាន់កម្មករនៅឯរោងចក្រផលិតកម្មមួយ ដែលកំពុងសាងសង់នៅ Monaca រដ្ឋ ផែនស៊ីវិនៀ(Pennsylvania) មកផ្សាយថា៖“បន្ទាប់ពីការកសាងប្រទេសបរទេសអស់រយៈពេលជាច្រើនឆ្នាំមកទីបំផុតយើងកំពុងតែកសាងប្រទេសរបស់យើង យើងការពារព្រំដែននៃប្រទេសកូរ៉េខាងត្បួង ប៉ុន្តែយើងមិនការពារព្រំដែនរបស់យើងទេ ប៉ុន្តែយើងនៅពេលនេះហើយជញ្ជាំងកំពុងត្រូវបានសាងសង់”។
គួរជម្រាបថាសម្រាប់ ថ្ងៃទី១៥ ខែសីហា គឺជាថ្ងៃឈប់សម្រាកទាំងនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីអបអរជ័យជម្នះលើជប៉ុន នៅពេលកងទ័ពអាមេរិក និងអតីតសហភាពសូវៀត បានចូលមកបញ្ចប់ការគ្រប់គ្រងរបស់ជប៉ុននៅឧបទ្វីបកូរ៉េ ដែលបានអូសបន្លាយពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ នោះជាស្ថាពរ។ យ៉ាងណាមិញ ក្រោយមកប្រទេសកូរ៉េត្រូវបានបែកខ្ញែកជាពីរ ខណៈសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅត្រឹមបទឈប់បាញ់ប៉ុណ្ណោះដោយពុំមានសន្ធិសញ្ញាសន្តិភាពពេញលេញឡើយ៕