វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3197 នាក់
ម្សិលមិញ 2432 នាក់
សរុប 13407795 នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើសប្រាស់វិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជានិង ឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ គណបក្សហ្វុនស៊ីនប៉ិច និងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរក្រហមដែលបានផ្តល់ឱកាស និងរួមគ្នាចុះចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហមដែលជាក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេចមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោដោយផ្ទាល់តែម្តងដែលធ្វើអោយកម្ពុជាទាំងមូលទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថា ពិតណាស់ប្រទេសកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញនៅឡើយទេ គឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល គឺៈ ១)ធានាចំពោះអាយុជីវិត និងរូបកាយ។ ២)ធានាចំពោះអាជីព និងមុខរបរ និង ៣) ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនាទ្រព្យ និងអចលនទ្រព្យ។ ដោយសារជំនឿទុកចិត្ត និងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យ និងមានសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់អំពីផលប្រយោជន៍ដែលទទួលបានពីនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងទទួលបានដូចជា៖
១)បានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២)ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។
៣)ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤) ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
៥)កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រោយពីបញ្ចប់សង្គ្រាម គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ សំខាន់ ក្នុងការអភិវឌ្ឍប្រទេសគឺ ១)ប្រែក្លាយតំបន់សមរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
៦) ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើនដូចជា ACMECS, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាតិផងដែរ។
៧)ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរគឺកើនឡើងជារៀងរាល់ឆ្នាំ។(ដកស្រង់ពីហ្វេសប៊ុកសម្តេចតេជោ)
សូមបញ្ជាក់ថាសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណកម្មការសាងសង់ឲ្យដឹងថា៖ «វិមានឈ្នះ-ឈ្នះ បានសាងសង់តាមលក្ខណៈបច្ចេកទេស ប្លង់ស្ថាបត្យកម្ម រៀបចំឡើងតាមការសិក្សារចនាបថខ្មែរ រួមជាមួយសម័យទំនើប មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែង ១១៧ម៉ែត្រ និងកម្ពស់ ៥៤ម៉ែត្រ។ សំណង់នេះ បានប្រើប្រាស់គ្រឹះប្រវែង៤៥ម៉ែត្រ ចំនួន៦២៥ចំណុច បើយើងលាតសន្ធឹងត្រង់ ស្មើនឹងជាង២១គីឡូម៉ែត្រ ដែលបានសង្កត់ចូលទៅក្នុងដី។
ប្រើប្រាស់បេតុងជាង ១៥,០០០ម៉ែត្រគូប, ដែកគ្រប់ប្រភេទជាង ៣,០០០តោន, ស៉ីម៉ង់ត៍ជាង ១,៨០០តោន, ថ្មម៉ាបក្រាលជាង ២៩,០០០ម៉ែត្រការ៉េ ព្រមទាំងឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត»។គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានកសាងអាងទឹកចំនួន៨ អាងនីមួយៗមានទំហំ៨ម៉ែត្រ គុណនឹង៣៥ម៉ែត្រ អាចផ្ទុកទឹកបានចំណុះ២៨០ម៉ែត្រគូប, រចនារូបយក្សទាញព្រ័ត្រ, តោ, នាគ, ដំរីក្បាលបីមានស្លាប គ្រុឌ និងហង្សក្បាលបី, ក្លោងទ្វារចូលសារមន្ទីរ, ផ្ទាំងសិលា និងរូបចម្លាក់តាមអាងទឹកទំហំ ៥៥០ម៉ែត្រការ៉េ ជាការបង្ហាញសច្ចភាព ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតនៅកម្ពុជា ភាពក្សេមក្សាន្តរុងរឿង នៃសម័យតេជោសែន»។
នៅក្នុងដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ជាក់ស្តែង គណៈកម្មការសាងសង់ បានប្រើប្រាស់កម្មករសរុបចំនួន១៨០នាក់ ដោយចែកចេញជា២ផ្នែកគឺ៖ ផ្នែកទី១. កម្មករសាងសង់ចំនួន១៥០នាក់ (វិស្វករ៤រូប ស្ថាបត្យករ២រូប មេការ៤រូប និងកម្មករ១៤០រូប) និងផ្នែកទី២. ក្រុមការងារចម្លាក់មេកា និងកម្មករសរុបចំនួន ៣០នាក់ផងដែរ។
សូមជំរាបថា វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់លើទឹកដី៨ហិកតា ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គណៈកម្មការសាងសង់ បានចាប់ផ្តើមដំណើរការសាងសង់វិមាននេះ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បើគិតរហូតមកដល់ពេលនេះ មានរយៈពេល១,០៣៩ថ្ងៃ ឬ៣៤ខែ៕