
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5040 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716935 នាក់
បន្ទាយមានជ័យ៖នាយឧត្តមសេនីយ៍ Antonio G Nafarrete សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ នៅព្រឹកថ្ងៃពុធទី២១តុលា បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រសួងការពារជាតិបានឲ្យដឹងថា៖ក្នុងដំណើរទស្សនកិច្ចនេះ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីស្ថានភាពទូទៅនៅតំបន់នេះ និងសកម្មភាពខុសច្បាប់នានារបស់យោធាថៃក្នុងទឹកដីកម្ពុជាដែលពួកគេកាន់កាប់។
៖ «ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ»។
ក្រសួងការពារជាតិចាត់ទុកការចុះទៅពិនិត្យទីតាំងជាក់ស្ដែងរបស់សេនាធិការកងទ័ពហ្វីលីពីន ថាជាការបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ក្រសួងបន្តថា កិច្ចប្រឹងប្រឹងនេះគឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ក្រសួងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ប្រកបដោយភាពស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួម GBC, កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។