
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4973 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695144 នាក់
អ៊ុយក្រែន៖ មេដឹកនាំនៃប្រទេសអ៊ុយក្រែន និងអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៥ ដែលមានតម្លៃសរុបជាង ៨,៥ ពាន់លានអឺរ៉ូ ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក ហ្វ្រីដរិច មើហ្ស៍ (Friedrich Merz) នៅរដ្ឋធានីកៀវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងថាមពល ។
កិច្ចព្រមព្រៀងដ៏ធំធេងនេះ ផ្តោតសំខាន់លើការបញ្ជាទិញសព្វាវុធ និងប្រព័ន្ធការពារអាកាស IRIS-T, រ៉ាដាស៊ើបការណ៍, ការផលិតអាវុធរួមគ្នា ព្រមទាំងការបង្កើតប្រព័ន្ធដ្រូនស្ទាក់ចាប់ជំនាន់ថ្មី ដើម្បីទប់ទល់នឹងការវាយប្រហារដោយដ្រូន ស្យាហ៊ីដ (Shahed) របស់រុស្ស៊ីដែលកើតឡើងស្ទើរតែរៀងរាល់ម៉ោង ។
បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មយោធា អាល្លឺម៉ង់បានប្រកាសផ្តល់កញ្ចប់ជំនួយបន្ថែមភ្លាមៗចំនួន ១,៣ ពាន់លានអឺរ៉ូ ដោយក្នុងនោះ ១ ពាន់លានអឺរ៉ូជាជំនួយយោធាផ្ទាល់ និង ៣៥០ លានអឺរ៉ូទៀតសម្រាប់គាំទ្រ និងស្តារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន មុនរដូវរងាឈានចូលមកដល់ ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានកោតសរសើរចំពោះភាពក្លាហានរបស់មេដឹកនាំអាល្លឺម៉ង់ ដែលហ៊ានធ្វើដំណើរមកទីក្រុងកៀវ ចំពេលមានការវាយប្រហារតាមអាកាស ខណៈភាគីទាំងពីរក៏បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងដ្រូន បន្ទាប់ពីមានការសង្ស័យថា រុស្ស៊ីបានប៉ុនប៉ងវាយប្រហារព្រលានយន្តហោះក្នុងប្រទេសអាល្លឺម៉ង់កាលពីខែសីហា .
សូមបញ្ជាក់ថាកិច្ចសហការរវាងអាល្លឺម៉ងជាមួយអ៊ុយក្រែនបានកើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិកបានសម្រេចចិត្ត ក្នុងការដកទ័ពចេញពីប្រទេសអាល្លឺម៉ង់ កាលពីអំឡុងខែឧសភាឆ្នាំ២០២៦បង្កភាពចម្រូងចម្រាសទាំងជាមួយគណបក្សសាធារណរដ្ឋខ្លួនឯង និងជាមួយអង្គការណាតូ ដោយបង្កឲ្យមានប្រតិកម្ម និងតម្រូវឲ្យមានការបកស្រាយ ច្បាស់លាស់។
សារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦បានឲ្យដឹងថា ក្រសួងសង្គ្រាមអាមេរិក បានសម្រេច ដកទ័ព ៥ ០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានជម្លោះពាក្យសម្តី យ៉ាងតឹងសរសៃ ក រវាងប្រមុខសេតវិមាន ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហា សង្គ្រាមអ៊ីរ៉ង់។
អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារ លើបណ្តាញសង្គម X, ការកែសម្រួលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ និងត្រូវរួមចំណែកកាន់តែធំ សម្រាប់សន្តិសុខរួមរបស់ខ្លួន។
ទន្ទឹមនោះ គណបក្សសាធារណរដ្ឋ បានបង្ហាញក្តីបារម្ភ ព្រោះចំណាត់ការនេះ ពិតជាប៉ះពាល់ខ្លាំង ដល់សន្តិសុខអឺរ៉ុប ជាពិសេស ហាក់ដូចជាផ្តល់បច្ច័យល្អដល់ ប្រទេសរុស្ស៊ី ឯណោះ។
ក្នុងសេចក្តីថ្លែងការណ៍រួម សមាជិកព្រឹទ្ធសភា Roger Wicker និងតំណាងរាស្ត្រ Mike Rogers ដែលជាប្រធានគណៈកម្មាធិការកងទ័ព នៅក្នុងសភានីមួយៗ បានព្រមានថា ការដកទ័ពចេញពីអាល្លឺម៉ង់ ប្រៀបបានដូចជា ការបញ្ជូនសញ្ញា ទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន អ៊ីចឹងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពបំពេញកាតព្វកិច្ចសកម្ម ចំនួន ៣៦ ៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២ ៦៦២ នាក់ នៅអ៊ីតាលី និង ៣ ៨១៤ នាក់ នៅអេស្ប៉ាញ៕