
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4996 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695167 នាក់
ភ្នំពេញ៖ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងវាយតម្លៃថា ការជួបជុំគ្នាក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញមួយនៃយុគសម័យឌីជីថលរបស់យើង ហើយថាភាពជាអ្នកដឹកនាំពិតបា្រកដ អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យយើងប្រឈមមុខនឹងបញ្ហាប្រឈមបន្ទាន់នានាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ដែលឧក្រិដ្ឋកម្មឆ្លងដែននេះគឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ១៩ ដែលវាមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចធិបតីថា៖ «កម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញមោទនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ»។
ថ្លែងអន្តរាគមន៍ក្នុងសន្និសីទលោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានគូសបញ្ជាក់ថា ការឆបោកតាមអនឡាញកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់របស់ឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ និងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ហើយការខាតបង់ដោយសារការឆបោកនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ មានចំនួនរហូតដល់១១៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការគូសបញ្ជាក់របស់លោកស្រីតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោកស្រី Delphine Schantz បានលើកឡើងថា តួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់នៅតំបន់ផ្សេងទៀតនៃពិភពលោកនៅឡើយទេ។ លោកស្រីបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏បានប៉ាន់ប្រមាណថា ការខាតបង់ដោយសារការឆបោកមានប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈ EUROPOL បានចាត់ទុកគម្រោងឆបោកនេះថា ជាវិស័យដែលកំពុងពង្រីកលឿនបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។ លោកស្រីបានអះអាងថា៖ «ការឆបោកតាមអនឡាញមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ទំនុកចិត្តរបស់ប្រជាជនចំពោះស្ថាប័ន និងនីតិរដ្ឋផងដែរ»។
បើតាមលោកស្រី Delphine Schantz ប្រាក់ចំណូលពីការឆបោកទាំងនេះ ត្រូវបានយកទៅវិនិយោគឡើងវិញ ដើម្បីពង្រីកប្រព័ន្ធឧក្រិដ្ឋកម្មឱ្យកាន់តែធំ និងស្មុគស្មាញ។ ទន្ទឹមនេះ តាមការវាយតម្លៃរបស់ UNODC ឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍កំពុងផ្លាស់ប្តូរពីបណ្តាញឧក្រិដ្ឋកម្មដែលបែកខ្ញែក ទៅជាសេដ្ឋកិច្ចឧក្រិដ្ឋកម្មឆ្លងដែនតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យា។ លោកស្រីបានអះអាងទៀតថា៖ «បណ្តាញទាំងនេះមានផ្នែកឯកទេសពាក់ព័ន្ធនឹងការលាងលុយ ការជួញដូរមនុស្ស ការរត់ពន្ធជនចំណាកស្រុក និងការប្រមូលទិន្នន័យ ហើយផ្នែកទាំងនេះត្រូវបានភ្ជាប់គ្នាជាប្រព័ន្ធ»។
លោកស្រី Delphine Schantz បានប្រៀបធៀបរបៀបប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្មទាំងនេះទៅនឹង “ការផ្តល់សិទ្ធិអាជីវកម្មជាបណ្តាញ” ដោយសារពួកគេអាចផ្តល់សេវាកម្ម និងសហការគ្នាឆ្លងកាត់ព្រំដែន។ ស្ថានភាពនេះធ្វើឱ្យស្ថាប័នអនុវត្តច្បាប់កាន់តែពិបាកក្នុងការបែងចែករវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស ព្រមទាំងធានាការការពារ និងជួយសង្គ្រោះជនរងគ្រោះឱ្យបានគ្រប់គ្រាន់។ លោកស្រីក៏បានព្រមានផងដែរថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា រូបិយប័ណ្ណគ្រីបតូ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត និងមេរោគកុំព្យូទ័រ ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន និងគេចចេញពីការអនុវត្តច្បាប់។ «ក្រុមឧក្រិដ្ឋកម្មមួយចំនួនមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដោយខ្លួនឯងផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី Delphine Schantz ។
លោកស្រី Delphine Schantz បានស្វាគមន៍ចំពោះការឆ្លើយតបដែលកំពុងកើនឡើងនៅក្នុងតំបន់ ដោយមានការបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោក ក្រុមការងារពិសេស និងការបង្កើនប្រតិបត្តិការអនុវត្តច្បាប់និង បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោក។ លើសពីនេះទៀត ការបង្កើតគណៈកម្មការអន្តរក្រសួង/គណៈកម្មការពិសេសស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងការរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការបើកចំហររបស់កម្ពុជាក្នុងការសហការជាមួយប្រទេសដទៃ។
លោកស្រី Delphine Schantz ក៏បានស្នើឱ្យផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន ១. បង្កើតការយល់ដឹងរួមអំពីនិន្នាការ និងការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆបោក។ ២. ពង្រឹងក្របខណ្ឌច្បាប់ និងសមត្ថភាពប្រមូល គ្រប់គ្រង និងវិភាគភស្តុតាងឌីជីថល។ ៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការចែករំលែកព័ត៌មាន។ ៤. បង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសវិស័យ FinTech និងបណ្តាញសង្គម។ ៥. សិក្សាឱ្យបានច្បាស់អំពីលំហូរប្រាក់ចំណេញពីការឆបោក និងវិធីទប់ស្កាត់ការយកប្រាក់ទាំងនោះទៅពង្រីកប្រព័ន្ធឧក្រិដ្ឋកម្ម។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «ការឆបោកតាមអនឡាញមិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានឡើយ។ ដូច្នេះ ត្រូវការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់បណ្តាញឧក្រិដ្ឋកម្មពីកន្លែងមួយទៅកន្លែងមួយទៀត»។ លោកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអំពាវនាវឱ្យប្រទេសចូលរួមកំណត់ជំហានជាក់លាក់ និងអាចអនុវត្តបាន ដើម្បីបង្កើតការឆ្លើយតបដែលមានប្រសិទ្ធភាពជាងមុនចំពោះការឆបោកតាមអនឡាញ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធទេសរដ្ឋមន្ត្រី និងជាប្រធានលេខា ធិការដ្ឋាននៃគណៈកម្មចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងថា បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែក មួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូ លាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រទេសផ្សេងៗទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ ឯកឧត្តមសន្តិបណ្ឌិតបានថ្លែងបញ្ជាក់ថា៖ «បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ»។ ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្រ្ដីបានបន្ថែមថា ការឆបោកនេះ បានផ្ដល់ផលប៉ះពាល់អវិជ្ជមាន បានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះ មុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាក អន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជនដែលប្រព្រឹត្តប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះ ត្រូវបានធ្លាក់មកលើប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះ»។
ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ផងដែរថា ៖ «បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត ជាអាទិ៍ ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការសម្អាតប្រាក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។ បញ្ហាទាំងនេះ សុទ្ធសឹងតែមានលក្ខណៈឆ្លងដែន វិវត្តយ៉ាងរហ័ស និងលើសពី សមត្ថភាពរបស់រដ្ឋណាមួយក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯង។»
ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមានការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមសន្ដិបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន គាំទ្រការស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច័យ និងកសាងសមត្ថភាព ព្រមទាំងការទទួលយកពលរដ្ឋខ្លួនត្រឡប់ទៅវិញ៕