
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10051 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700222 នាក់
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GACនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសដាក់ឲ្យដំណើការដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នគ្រឿងផ្គុំរបស់រថយន្ត គឺនាំមកពីក្រៅស្ទើរតែ១០០ភាគរយ ដូច្នេះសម្តេចបានណែនាំដល់វិនិយោគពិចារណាបង្កើតរោងចក្រដើម្បីផលិតបំណែកគ្រឿងបង្គំណាមួយនៃរថយន្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់បន្តធ្វើការរួមគ្នា ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងយុទ្ធនាការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព ភាពប្រកួតប្រជែង និងនវានុវត្តន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយៈពេលជាងបីទសវត្សរ៍នេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានប្រែប្រួលពីប្រទេសដែល ពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និង មានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និង ចំទិសដៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឧស្សាហកម្មក្នុងផលិតផលជាតិសរុប មានប្រមាណ ១២,៦ភាគរយ ក្នុងឆ្នាំ១៩៩៣ ហើយបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៣,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៣ ៣៥៧រោងចក្រ ស្ថិតនៅក្នុងរាជធានី-ខេត្តទាំង២៥។ ក្នុងនោះ វិនិយោគផ្នែកកម្មន្តសាលមានចំនួន ២៤ជំពូក ស្មើនឹង ១០៧ចំណាត់ថ្នាក់ឧស្សាហកម្ម។ ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ១,៣៦លាននាក់ ស្រីជាង ៩៥ម៉ឺននាក់ ស្មើនឹង ៧០,១៥ភាគរយ។ មានទុនវិនិយោគសរុបជាង ២៨ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៦ប៊ីលាន ដុល្លារអាមេរិក ស្មើនឹង ២៨,៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥,៤៦% នៃទុនវិនិយោគសរុប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ពីមុនត្រឹមសមត្ថភាពផលិតទឹកផឹក និងភេសជ្ជៈផ្សេងៗ ក៏ខ្មែរមិនអាចធ្វើបានផង។ តែបច្ចុប្បន្នកម្ពុជា អាចផលិតបានមិនត្រឹមភេសជ្ជៈ តែអាចឈានដល់ការដំឡើងរថយន្តទៀត ដែលនេះជាមោទនភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជួយកាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកវិញនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ បង្កើតការងារដែលទាមទារជំនាញ និងបច្ចេកទេសខ្ពស់, ញ៉ាំងឱ្យតម្លៃពលកម្មកាន់តែសមរម្យ ជាងវិស័យឧស្សាហកម្មអតិពលកម្ម, ដោយផ្ដល់ឱកាសដល់យុវជនកម្ពុជា ជាពិសេសយុវជននៅតាមមូលដ្ឋាន ចូលរួមក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាខ្ពស់ ជំរុញការផ្ទេរចំណេះធ្វើ និងបច្ចេកវិទ្យាជាបណ្តើរៗ ពីអ្នកជំនាញបរទេសដល់អ្នកជំនាញ និង ប្រជាពលករកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យរោងចក្រ សិក្សាលទ្ធភាពក្នុងការសហការជាមួយរោងចក្រសហគ្រាសក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម និងចំណាយប្រតិបត្តិការ។ បច្ចុប្បន្នមានក្រុមហ៊ុនផ្តុំដំឡើងរថយន្តលំដាប់អន្តរជាតិមួយបានទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុកចំនួន ២០ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសិក្សារៀបចំផែនការ ឬកម្មវិធីទាក់ទាញវិនិយោគលើ វិស័យអាទិភាព និង ផលិតផលគោលដៅ ដោយផ្អែកលើការវិភាគទីផ្សារជាក់លាក់តាមវិស័យ, និន្នាការនៃតម្រូវការទីផ្សារ និងការប្រៀបធៀបសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសប្រហាក់ ប្រហែល ជាពិសេស បណ្តាប្រទេសក្នុងតំបន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី សិក្សារៀបចំកម្មវិធីបរិវត្តកម្មតំបន់ប្រមូលផ្ដុំឧស្សាហកម្ម តាមរយៈ ការធ្វើវិសិដ្ឋកម្មហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង មិនរូបវន្ត, សេវាសាធារណៈ, សេវាគាំទ្រដល់ ការផ្គត់ផ្គង់ ការបម្លាស់ទី និង ការរក្សា កម្លាំងពលកម្ម, ការអភិវឌ្ឍជំនាញតាមតម្រូវការតំបន់, ការសម្របសម្រួលតួអង្គពាក់ព័ន្ធ និង រៀបចំ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដោយចាប់ពីការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និង សួនកសិកម្ម បៃតង, និង បន្តអភិវឌ្ឍសួនឧស្សាហកម្ម ក្នុងឧស្សាហកម្មអាទិភាពផ្សេងៗបន្ថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសិក្សារៀបចំបង្កើតអង្គភាពព័ត៌មានវិនិយោគ (Invest-ment Intelligence Unit) មួយ ដែលមានមុខងារ : ១. វិភាគ ទីផ្សារវិស័យកម្មន្ត- សាលគោលដៅ, និង ខ្សែច្រវាក់ផលិតកម្មដែលមានសក្តានុពល ដើម្បីផ្សព្វផ្សាយ, ទាក់ទាញ, និង ជំរុញវិនិយោគ និង នាំចេញ, និង ២. សិក្សារៀបចំគម្រោងសមាហរណកម្មវិស័យកម្មន្ត- សាលសក្តានុពលរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល ដើម្បីទាក់ទាញ គម្រោងវិនិយោគលើខ្សែច្រវាក់ផលិតកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវ សហការគ្នាកាន់តែជិតស្និទ្ធ ជំរុញការអភិវឌ្ឍជំនាញ ការបង្កើនជំនាញ និង ការផ្លាស់ប្តូរជំនាញ ដល់ប្រជាពលរដ្ឋ និង ប្រជាពលករកម្ពុជា, ព្រមទាំង ពង្រីកសមត្ថភាពគ្រឹះស្ថានអប់រំ និង បណ្ដុះ- បណ្តាលវិជ្ជាជីវៈ, រៀបចំឱ្យមានអាហារូបករណ៍សម្រាប់មុខជំនាញ STEM, បង្កើតកិច្ចសហប្រតិ- បត្តិការរវាងរោងចក្រ និង គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពង្រឹងសមត្ថភាពជំនាញ ឧស្សាហកម្ម, ធ្វើវិសិដ្ឋកម្មបច្ចេកវិទ្យាសម្រាប់គាំទ្រដល់ឧស្សាហកម្មអាទិភាព, និង កាត់បន្ថយ គម្លាតជំនាញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវជំរុញការសិក្សារៀបចំ «គោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥» ដោយត្រូវផ្តោតលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅជាឧស្សាហកម្មដែលពឹងផ្អែក លើជំនាញ និង បច្ចេកវិទ្យាខ្ពស់, ព្រមទាំង ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, សមាហរណកម្ម ទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងការកសាងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក ឱ្យមាន ភាព- ប្រកួតប្រជែង ពិពិធភាព និងភាពធន់។
សូមបញ្ជាក់ថា៖ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% និងមានជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ រោងចក្ររបស់ក្រុមហ៊ុនមានទីតាំងនៅលើផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ ១១ ហិកតា។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខពី GAC International ក្នុងការដំឡើងរថយន្តម៉ាក GAC នៅកម្ពុជា ហើយគម្រោងនេះក៏មានការដំឡើងរថយន្តម៉ាក CHEVROLET ផងដែរ។ រោងចក្រមានសមត្ថភាពផលិតរថយន្តប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្តោតលើទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ជាមួយទុនវិនិយោគប្រមាណ ១៩.៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ២៥០ នាក់។