វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1596 នាក់
ម្សិលមិញ 5810 នាក់
សរុប 17054753 នាក់
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ដើម្បីសម្រួលដល់ការមកដល់នៃភ្ញៀវទេសចរ តាមច្រកទ្វារអន្តរជាតិ សម្តេចបានកំណត់ទុករយៈពេល១ខែ ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រៀបចំផ្គុំបញ្ចូលគ្នាតែមួយ លើការបំពេញបែបបទសុខាភិបាល អន្តោប្រវេសន៍ និងគយ លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារនេះសម្តេចបានដាក់ចេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំដាក់ទិសដៅជាក់ស្តែង ពាក់ព័ន្ធវិស័យទេសចរណ៍។ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។
សម្តេចបានថ្លែងថា «ប្រជុំថ្ងៃនោះ ខ្ញុំដាក់គោលដៅច្រើនណាស់ ទី១រៀបចំប្រព័ន្ធ E-Arrival របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រោះអន្តោប្រេសន៍គាត់បានធ្វើប្រព័ន្ធមួយ អង្កាល់មុនចុះមកត្រូវបំពេញឯកសារលើក្រដាស់បន្តកន្ទុយ ឥឡូវធ្វើតាមអនឡាញ ដល់ប្រជុំសួរទៅថាមានបី មានគយ មានសុខាភិបាល និងអន្តោប្រវេសន៍ ខ្ញុំថាឱ្យមួយខែ ធ្វើឱ្យចេញ ផ្គុំទាំងសុខាភិបាល ទាំងអន្តោប្រវេសន៍ ទាំងគយជាមួយគ្នា ជាទម្រង់មួយ ដាក់មកតែមួយ តាមប្រព័ន្ធអ៉ីនធឺណេត តែម្តង»។សម្តេចបញ្ជាក់ថា សម្រាប់ការបង់លុយថ្លៃវីសាជាដើម ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ មិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយតទៅទៀតទេ។ សម្តេចសង្កត់ធ្ងន់ថា ធ្វើយ៉ាងនេះ ដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យរលូនល្អ។
ក្រៅពីការសម្រួលតាមច្រកទ្វារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏ បានណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប (Low season) ហើយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កាត់បន្ថយចំណាយរបស់ព្រលានដល់យន្តហោះ កាលមុនហោះមកយើងមានសួយសារ ចឹងខ្ញុំឲ្យកាត់ពាក់កណ្ដាល ហើយនៅសល់ប៉ុន្មាន យើងគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០ភាគរយ ទម្លាក់យ៉ាងម្ដេចឲ្យកាន់តែទាប»។លើសពីនោះទៀតសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជានៅរដូវកាលទេសចរណ៍ទាប (Low season) ឬក៏យន្ដហោះថ្មីមក ត្រូវគិតគូរពិចារណាជួយរប្រៀបម្ដេច ឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យតម្លៃចុះចតទាប និងតម្លៃសំបុត្រទាប ហើយរដ្ឋាភិបាល ចុះចិត្ដខាតចំណូលមួយចំនួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កន្លងទៅបានចរចា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តសៀមរាប កុំយកលុយថ្លៃធ្វើដំណើរ លើផ្លូវពីព្រលានយន្ដហោះ មកកាន់ផ្លូវជាតិលេខ៦ ដែលជាគម្រោង BOT ផងដែរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំផែនការ សម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ចេញទិសដៅទាក់ទាញទេសចរណ៍ មកកាន់ខេត្តសៀមរាប ទាំងរដូវទេសចរណ៍ច្រើន និងរដូវទេសចរណ៍ទាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រៀបថា «មិនត្រូវដេកចាំទឹកភ្លៀងទេ ត្រូវរៀបចំអាងស្ដុកទឹក»។បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, មុនដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញទិសដៅទេសចរណ៍១១លាននាក់ តែទទួលបានត្រឹម៧លាននាក់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ដទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យដាក់ចេញវិធានការជាបន្ដបន្ទាប់ នៅរដូវកាលទេសចរណ៍ទាប ដូចជាការបញ្ចុះតម្លៃសំបុត្រ ចូលទស្សនាអង្គរជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីខែមិថុនា ជារដូវកាលទេសចរណ៍ទាប។ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកលេងនៅប្រទេសកម្ពុជា ជាពិសេសគោលដៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យមានការភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាប។
សម្ដេចធិបតី ថ្លែងថា «យើងបានចរចាបើកច្រកជាមួយឥណ្ឌា ហោះទៅ ហោះមក តែយើងក៏ត្រូវយកច្រកពីតំបន់ផ្សេងៗផងដែរ ចឹងបានខ្ញុំទៅម្សិលម្ង៉ៃបានជួបទូតហ្វីលីពីន បានស្នើឱ្យបើកច្រកកោះទេសចរណ៍សេប៊ូ ភ្ជាប់មកខេត្តសៀមរាប បើកពីឡាំងហ្គ្រាវី នៅម៉ាឡេស៉ី មកសៀមរាប ភ្ជាប់ពីកោះចេជូ របស់កូរ៉េ មកសៀមរាប ភ្ជាប់ពីភូកេត របស់ថៃ មកសៀមរាបផ្ទាល់ ហើយយើងក៏ពុងចរចារបន្ថែមទៀត»។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «យើងនៅតែបន្តចរចាបន្ថែមទៀត ហើយធ្វើយ៉ាងណាកុំចាំបាច់ត្រូវហោះទៅភ្នំពេញសិន ហើយចាំបន្តទៅសៀមរាប យើងត្រូវបើកត្រង់ទៅសៀមរាបតែម្តង។ ឥឡូវនេះយើងបើកជើងមេឃហើយ ដូចនេះយើងត្រូវតែដាក់គោលដៅទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ»។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋនឹងកាត់បន្ថយអ្វីដែលអាចធ្វើទៅបាន ហើយរដ្ឋសុខចិត្តខាតចំណូលមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលមកឱ្យបាន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបថា សម្តេចបានបញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍ នៅខេត្តមួយនេះ ទាំងដែលអភិបាលខេត្តមិនដឹងខ្លួនផង។ ប៉ុន្តែសម្តេចបានបញ្ជាក់ និងសរសើរអភិបាលខេត្តថា អ្វីដែលសម្តេចបានទទួលព័ត៌មានពេលជួបផ្ទាល់ជាមួយបងប្អូនដែលរកស៊ីនៅតំបន់ Pub Street គឺដូចនឹងរបាយការណ៍ដែលអភិបាលខត្ត បានដាក់ជូនសម្តេច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២៤ បើគិតពីភ្ញៀវទេសចរដែលចូលតាមច្រកព្រលានយន្ដហោះអន្តរជាតិ មានចំនួន ៣១ម៉ឺននាក់ បើធៀបនៅឆមាសទី១ ឆ្នាំ២០២៣ មានការកើន ហើយរបាយការណ៍ចំនួនទេសចរណ៍ គឺជាមូលដ្ឋានត្រូវស្វែងយល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចតែងតែទទួលបានរបាការណ៍ពីស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប់ជាប្រចាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងពីវិស័យឯកជន តាមរយៈការជួបដោយផ្ទាល់៖«របាយការណ៍ គឺជារបាយការណ៍ ខ្ញុំក៏មានក្រុមចុះមកធ្វើដែរ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អត់ដឹងទេ ព្រោះកិច្ចការងារអីខ្ញុំតែងតែបញ្ជូនឱ្យខេត្តហើយ ខ្ញុំបញ្ជូនបណ្តាញខ្ញុំទៅមើលទៀត ឬមួយយុវជននៅទីតាំងផ្ទាល់ ដើម្បីសួរនាំ និងស្រាយបញ្ហា»។ក្រៅពី ការបញ្ជូនក្រុមការងារពិសេសចុះផ្ទាល់នៅតាមទីតាំងមានបញ្ហា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា សម្ដេចបានចុះដោយផ្ទាល់នៅតំបន់ Pub Street នៅខេត្តសៀមរាប នារាត្រីថ្ងៃទី ១៧ កក្កដា ២០២៤ ដើម្បីស្ដាប់ពីបញ្ហាប្រឈមជាក់ស្ដែងរបស់វិស័យទេសចរណ៍ ពិសេសដើម្បីស្វែងយល់ឱ្យច្បាស់នូវទិន្នន័យភ្ញៀវទេសចរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ណែនាំឱ្យរៀបចំកន្លែងផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជាការជិះទូក និងការលេងកម្សាន្ដអចិន្ដ្រៃយ៍។
សម្តេចថាតាមរយៈការសាកសួរអាជីវករ ចាប់ពីខែតុលាតទៅ នឹងមានទេសចរណ៍កើនឡើង ខណៈព័ត៌មាននេះស៉ីសង្វាក់គ្នាជាមួយរបាយការណ៍ដែលអភិបាលខេត្តរាយការណ៍ទៅសម្ដេច។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជរដ្ឋាភិបាលលុបអនុក្រឹត្យមួយដែលតម្រូវឱ្យភ្ញៀវទេសចរមកកម្ពុជាត្រូវសម្រាក១យប់យ៉ាងតិច ខណៈអនុក្រឹត្យចាស់នេះត្រូវបានដាក់ចេញ ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៨។ ការសម្រេចនិរាករណ៍អនុក្រឹត្យចាស់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សម្ដេចបានចេញគោលការណ៍ឱ្យនិរាករណ៍អនុក្រឹត្យមួយតាំងពីឆ្នាំ១៩៩៨ ដែលតម្រូវឱ្យភ្ញៀវទេសចរដែលមកកម្ពុជា ត្រូវតែសម្រាកយ៉ាងហោច១យប់។ ភ្ញៀវទសចរខ្លះ នៅពេលឃើញការតម្រូវនេះហើយ បែរជាប្ដូរចិត្តមិនមកកម្ពុជាវិញ ហើយពេលខ្លះក៏មានបញ្ហាទៀត ដូច្នេះសម្ដេចក៏បានចេញគោលការណ៍ឱ្យលុបអនុក្រឹត្យឆ្នាំ១៩៩៨នោះចេញវិញ។សម្ដេចធិបតីថ្លែងថា «ភ្ញៀវខ្លះគាត់ចង់មកកម្ពុជាពេលព្រឹក ល្ងាចត្រឡប់ទៅវិញ ដូច្នេះចាំបាច់អីត្រូវឃាត់គាត់ អីចឹងបានបានខ្ញុំឱ្យនិរាករណ៍អនុក្រឹត្យនោះចេញវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ»។
ជាមួយនិងការដាក់ចេញវិធានការជាច្រើនដើម្បីទទួលបានភ្ញៀវទេសចរណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅអ្នកអត្ថាធិប្បាយម្នាក់ដែលសម្តេចហៅថា «លោកតាដើរម៉ាស៊ីន (រត់)» កុំឱ្យរិះគន់បង្កើនបញ្ហា។សម្តេចបានលើកឡើងថា៖ «ខ្ញុំចង់បានព័ត៌មានពិតល្អមិនល្អដាក់មកដើម្បីរកវិធីដោះស្រាយ តែកុំបង្កើតបញ្ហា ការបញ្ចេញមតិដើម្បីស្ថាបនិក ខុសពីការបង្កើតបញ្ហាដើម្បីរករឿង»។សម្តេចបានបន្តថា៖ «ខ្ញុំសូមផ្តាំទៅលោកតានោះ ដើរម៉ាស៊ីន(រត់) ខ្ញុំវាខ្ជិលធុញពេក គេចេះតែបាញ់ឱ្យខ្ញុំមើល មិនដឹងថាម៉េច ម្ង៉ៃគាត់ត្រូវម្ង៉ៃគាត់នេះទៅ ខ្ញុំមិនតទេ តែខ្ញុំប្រាប់ ថាឱ្យខ្ញុំថាចុះ កុំថាឱ្យមន្ត្រីរបស់ខ្ញុំ គ្នាខំប្រឹងហើយ គ្នាមិនល្អឥតខ្ចោះទេ ខ្ញុំទទួល ប៉ុន្តែមិនមែនមិនខំប្រឹងទេ»។សម្តេចធិបតី មិនបានបង្ហើបឈ្មោះបុគ្គលនោះទេ ប៉ុន្តែការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក សុខ សុគន្ធ នៅជែម សុខ រិះគន់ចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថាមិនបានធ្វើអីសោះ៕