
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8201 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698372 នាក់
កណ្ដាល៖ កម្មករ-កម្មការិនីនៅរោងចក្រ កូធីវើ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលធ្វើការជាធម្មតាវិញហើយ បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ខណៈកម្មការិនីមានផ្ទៃពោះដែលបានដួលក្នុងហេតុការណ៍នេះ មានសុខភាពធូរស្បើយ។ស្ត្រីអ្នកគ្រប់គ្រងជនជាតិចិនដែលពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើកម្មករមានផ្ទៃពោះ ត្រូវបានដកបណ្ណការងារ និងបញ្ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់កម្មករ-កម្មការិនីនៅតាមសហគ្រាស និងរោងចក្រ ហើយករណីដែលមានការប្រព្រឹត្តផ្ទុយនឹងច្បាប់ នឹងត្រូវបានចាត់វិធានការតាមនីតិវិធីជាធរមាន។
លោកបានបញ្ជាក់ថា៖ «ក្រសួងនឹងបន្តយកចិត្តទុកដាក់ការពារសិទ្ធិ និងសុវត្ថិភាពរបស់កម្មករ-កម្មការិនីគ្រប់រូប ហើយរាល់ករណីដែលមានការប្រព្រឹត្តខុសច្បាប់ ឬប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពរបស់កម្មករ-កម្មការិនី នឹងត្រូវបានចាត់វិធានការតាមនីតិវិធីដោយមិនទុកឱ្យករណីនៅសេសសល់ឡើយ»។
លោក ស៊ុន មេសា បានបន្តថា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានចុះពិនិត្យ និងតាមដានស្ថានភាពដោយផ្ទាល់ ជាពិសេសសុខភាពរបស់កម្មការិនីមានផ្ទៃពោះដែលរងផលប៉ះពាល់ ខណៈស្ថានភាពការងារនៅក្នុងរោងចក្រ បានវិលត្រឡប់មកប្រក្រតីវិញ។
តាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាពកម្មការិនីមានផ្ទៃពោះឈ្មោះ ថន ង៉ិត ដែលបានដួលក្នុងហេតុការណ៍ប៉ះទង្គិចគ្នា។ ជាលទ្ធផល សុខភាពរបស់កម្មការិនីរូបនេះមានសភាពធូរស្បើយ និងកំពុងបន្តសម្រាកព្យាបាលរហូតដល់ជាសះស្បើយ។
ចំពោះប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ រោងចក្របានរក្សាទុកជូនកម្មការិនីរូបនេះ រហូតដល់អាចជាសះស្បើយ និងត្រឡប់ចូលបម្រើការងារវិញជាធម្មតា។ ជាមួយគ្នានេះ ក្រសួង និងមន្ទីរការងារខេត្តកណ្ដាល នឹងបន្តតាមដានស្ថានភាពរបស់កម្មការិនីរូបនេះ រហូតដល់មានសុខភាពល្អ។ឯ អ្នកគ្រប់គ្រងជនជាតិចិនដែលពាក់ព័ន្ធនឹងហេតុការណ៍ ត្រូវបានចាត់វិធានការរដ្ឋបាល ដោយ ដកបណ្ណការងារ និងបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមច្បាប់៕