
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1618 នាក់
ម្សិលមិញ 15181 នាក់
សរុប 19469120 នាក់
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីពីយន្តការដោះស្រាយបញ្ហាព្រុំដែនជាមួយភាគិថៃថា៖ ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចធិបតីនៅតែជ្រើសយកយន្តការសន្តិវិធី ជាជាងធ្វើសង្គ្រាមច្បាំងគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស ។
ថ្លែងក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ (១២ ឧសភា ) នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦សម្តេចធិបតីអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបញ្ជាក់ពីមូលហេតុថា៖ «សង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយ យើងព្យាយាមគេច យើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតប្រជាជន នៅក្នុងបុព្វហេតុការពារទឹកដី មិនមែនបានន័យថា យើងដោះស្រាយដោយមិនច្បាំងគ្នាយើងប្រគល់ដីឱ្យគេលត់ជង្គង់ស៊ីញ៉េកាត់នោះទេ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ ដោះស្រាយតាមយន្តការការទូត ឱ្យអស់លទ្ធភាព។ ទោះបីជានៅមានសង្ឃឹម ទ្វារមិនទាន់បិទទាំងស្រុង នៅបើកតែ១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្តិវិធី គឺយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ជាជាងច្បាំងគ្នា»។
សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានរួបរួមសាមគ្គីគ្នាគាំទ្រជួយដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខក្នុងកាលៈទេសៈកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ និងសូមពលរដ្ឋខ្មែរបន្តស្មារតីសាមគ្គីភាពនេះ កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង។
សម្តេចបវរធិបតី ក៏បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខ អតីតយុទ្ធជន និង និវត្តជន នៅតាមមូលដ្ឋាន, យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅ តំបន់ព្រំដែន, យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, និង ជនមាន ពិការភាព នៅតាមមណ្ឌលអភិវឌ្ឍយោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និង លើកទឹកចិត្ត ដល់អតីតយុទ្ធជន, យុទ្ធជន និង យុទ្ធនារីទាំងអស់ ឱ្យកាន់តែល្អប្រសើរថែមទៀត ។មានអតីតយុទ្ធជន និវត្តជន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ៣២ ក្រសួងស្ថាប័ន រាជធានី ខេត្ត យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់សរុប ប្រមាណ ៣,៥០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងទិវាដ៏មានសារៈសំខាន់នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឲ្យដឹងថា «សម្រាប់កងទ័ពរបស់យើង ខ្ញុំបានឲ្យក្រសួងការពារជាតិ និងទីស្ដីការគណរដ្ឋមន្ត្រី សិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការ ២០២៥ ចឹងទៅថ្ងៃក្រោយ ររាល់សមរមភូមិ រាល់ការប្រយុទ្ធមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់ គាំទ្រប្រយុទ្ធដោយផ្ទាល់នៅក្នុងបុព្វហេតុប្រយុទ្ធទាំងអស់នោះ»។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកំពុងសិក្សាអំពីការបង្កើតមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥ ហើយនៅពេលខាងមុខ រាល់សមរភូមិ ឬប្រតិបត្តិការយោធានីមួយៗ គួរតែមានមេដាយផ្ដល់ជូនអ្នកដែលបានចូលរួមប្រយុទ្ធ និងបំពេញភារកិច្ចដោយផ្ទាល់ ដើម្បីទទួលស្គាល់ការលះបង់ និងការបម្រើជាតិរបស់ពួកគេ។បច្ចុប្បន្ន កម្ពុជាមានមេដាយការពារជាតិរួចហើយ ប៉ុន្តែសម្រាប់សមរភូមិនីមួយៗ គួរតែមានមេដាយដោយឡែកបន្ថែមទៀត។ ជាមួយគ្នានេះ ក៏គ្រោងរៀបចំមេដាយពិសេស សម្រាប់យោធិនដែលបានពិការ ឬរងរបួសនៅលើសមរភូមិផងដែរ ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយសចំពោះការលះបង់របស់ពួកគេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ទោះបីមេដាយគ្រាន់តែជាវត្ថុតូចមួយក៏ដោយ ប៉ុន្តែអត្ថន័យ និងតម្លៃនៃការទទួលស្គាល់ចំពោះការលះបង់របស់កងកម្លាំងការពារជាតិ គឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន និងជាសក្ខីភាពបង្ហាញពីវីរភាពរបស់យោធិនដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរៀបចំឆ្លាក់ព្រឹត្តិការណ៍ការពារដែនអធិបតេយ្យឆ្នាំ២០២៥ នៅលើវិមានឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលក៏កំពុងពិចារណាសាងសង់ស្តូប ដើម្បីចារឹកឈ្មោះវីរយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់ថៃផងដែរ។
សម្តេចធិបតីបានបញ្ជាក់ឲ្យដឹងពីការងារគ្រប់គ្រងកងទព័ថា ការកែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវបានអនុវត្តជាយូរមកហើយ ដើម្បីបង្កើនប្រសិទ្ធភាពការពារជាតិ។ រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយបង្រួមក្បាល ពង្រីកខ្លួន ដោយកែសម្រួលរចនាសម្ព័ន្ធយោធា បិទការផ្ទេរមិនចាំបាច់ និងផ្តោតលើសមត្ថភាពជាក់ស្តែង។ សម្តេចធិបតី ក៏បានលើកឡើងអំពីការត្រៀមអនុវត្តកាតព្វកិច្ចយោធា ដើម្បីពង្រីកកម្លាំងបម្រុង និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការពារជាតិអត់ចប់ទេ ពីបច្ចុប្បន្នកាល ទៅអនាគតកាល។ បន្ថែមបន្តិច ការកែទម្រង់ និងទំនើបកម្មកងទ័ព គោលបំណងដើម្បីបង្កើនសមត្ថភាពកងទ័ពរយៈពេលវែង។ ដើម្បីពង្រឹងសមត្ថភាពរយៈពេល ២០ឆ្នាំ ត្រូវធ្វើពីហ្នឹងឲ្យហើយ។ ការកែទម្រង់ និងទំនើបកម្មកងទ័ព យើងបានធ្វើតាំងពីបែកឆ្នាំ១៩៧៩ មកម្ល៉េះ»។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា “រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧ម៉ឺនពាន់ ២រយ ៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧ម៉ឺន ៧ពាន់ ៨រយ ៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១ម៉ឺន ៩ពាន់ ៣រយ ២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦ម៉ឺន ២ពាន់ ៣រយ ៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥ម៉ឺន ៧ពាន់ ៩រយ ៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១ម៉ឺន ៥ពាន់ ៤រយ ៧៩នាក់។ ឯកឧត្តម ជា សុមេធី បានបន្តថា “អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានគិតគូរដោះស្រាយកែសម្រួល បន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ផ្អែកតាមស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចជាតិ ស្របតាមគុណបំណាច់ របស់បងប្អូនចំពោះជាតិមាតុភូមិ។
មកដល់បច្ចុប្បន្ន បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលទទួល បានរបបសន្តិសុខសង្គមទាបបំផុតចំនួន ៨៤ម៉ឺន ៥ពាន់រៀល ព្រមទាំងដំឡើងប្រាក់វិភាជន៍គ្រួសារជាបន្ត បន្ទាប់ផងដែរ។ លើសពីនេះ ក្រសួងបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជន នឹងអតីតមន្ត្រី រាជការស៊ីវិល តាមរយៈការផ្តល់កាតអេធីអឹម (ATM) សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ស្របតាមសម័យកាលបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការត្រៀមថវិកាបម្រុងសម្រាប់ដោះស្រាយប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារ សពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់ឧបត្ថម្ភបូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារ សពជនពិការជាអតីតយុទ្ធជនដែលទទួលមរណភាព។
ជាលទ្ធផល គឺបានពន្លឿននីតិវិធីបែបបទផ្តល់ ប្រាក់បានឆាប់រហ័ស និងបានសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះប្រគល់ប្រាក់ ដល់លំនៅដ្ឋានបានទាន់ពេលវេលា។ ដោយឡែកចំពោះរបបថែទាំសុខភាពវិញ រាជរដ្ឋាភិបាលបានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស. ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និង បានផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជន មរណៈជាអតីតយុទ្ធជនដើម្បីអាចទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបង់ប្រាក់ ព្រមទាំងបានអនុវត្តនូវគោលនយោបាយផ្តល់សម្បទានដីសង្គមកិច្ច កសាងលំនៅដ្ឋាន ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ តាមរយៈគម្រោងជាច្រើនដើម្បីកែលម្អជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែប្រសើរឡើងស្របតាមស្ថានភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ៥០,០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០,០០០រៀល ជូនដល់អតីតយុទ្ធជន និងអតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារជនពលី មរណៈផងដែរ។