
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11111 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701282 នាក់
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់កម្ពុជា ដោយដកមួយផ្នែកនៃជំហានទី១ ចេញពីតំបន់ជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដូចនេះ ក្នុងឱកាសដែលក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃ បានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ.។
ទាក់ទងសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួនេះដែរលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដែលទើបចុះហត្ថលេខាថ្មីៗនេះ មិនរាប់បញ្ចូលការបើកច្រកព្រំដែនឡើងវិញទេ!។ ការពិចារណានាពេលអនាគតណាមួយអំពីការបើកព្រំដែន នឹងអនុវត្តតាមនីតិវិធីការទូត និងអាស្រ័យលើវឌ្ឍនភាពក្នុងការអនុវត្តចំណុចសំខាន់ៗទាំងបួននៃកិច្ចព្រមព្រៀង។(ទាន់?)
កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ផ្តោតតែលើការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីន ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងការគ្រប់គ្រងការឈ្លានពានទឹកដីដោយសន្តិវិធី។ អ្នកសង្កេតការណ៍អាស៊ាននឹងតាមដានការអនុវត្ត ដើម្បីធានាបាននូវលទ្ធផលជាក់ស្តែង និងស្តារស្ថិរភាពតាមបណ្តោយព្រំដែនឡើងវិញ។
លោក ស៊ីហាសាក់ បានបន្ថែមថា ប្រទេសថៃនឹងពិចារណាដោះលែងឈ្លើយសឹកកម្ពុជាចំនួន ១៨ នាក់ នៅពេលដែលកម្ពុជាចាប់ផ្តើមអនុវត្តវិធានការដែលបានព្រមព្រៀងគ្នា។ប្រភពកាសែតថៃEnquirer។