
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6056 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696227 នាក់
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថាបានធ្វើការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ជនសង្ស័យបន្ទាប់មក ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់ នៅក្នុងបណ្តាញសង្គម ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះ ការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ អង្គច្បាប់និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធ រឿងនយោបាយនោះឡើយ។ ពោលការអនុវត្តន៍ច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលចំពោះការ លើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សព្វផ្សាយ លើបណ្តាញសង្គមចោទប្រកាន់មកលើ ត្ថកិច្ចថាការអនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនិងបំភិតបំភ័យ ផ្នែកនយោបាយ។ ដោយការផ្សព្វផ្សាយចោទប្រកាន់នេះ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ។
បើតាមអង្គការលីកាដូលោក ពិន ប៉ូច អាយុ ៥១ ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ដោយអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយក្រុម ខណៈលោកកំពុងស្ថិតនៅក្នុងហាងលក់ដូររបស់ភរិយាលោក នៅមុខផ្ទះក្នុងក្រុងសៀមរាប។ លោកពិន ប៉ូច ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត។
តាមសេចក្តីប្រកាសរបស់លីកាដូ នៅ២ថ្ងៃក្រោយការឃាត់ខ្លួន លោក ពិន ប៉ូច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដោយរង់ចាំសវនាការ នៅពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញ ក្រោមបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើតុលាការរកឃើញថាពិតជាមានកំហុស មគ្គទេសក៍ទេសចររូបនេះនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគារចន្លោះពី ៥ រហូតដល់ ១០ឆ្នាំ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានឱ្យដឹងថា លោក ពិន ប៉ូច ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាននិយាយទាក់ទងនឹងការធ្វើបាតុកម្មនៅប្រទេសនេប៉ាល់ ដោយក្រុមយុជនសម័យ GEN Z។
តាមការកត់សម្គាល់របស់លោក អំ សំអាត ការឃាត់ខ្លួនដោយសារបញ្ចេញមតិតាមបណ្តាញសង្គមជាទូទៅបានទាក់ទាញការរិះគន់ពីមហាជន អង្គការសិទ្ធិមនុស្សក្នុងស្រុក និងស្ថាប័នអន្តរជាតិធំៗដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ក្នុងនោះក៏មានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តាមការកត់ត្រាទុករបស់លីកាដូ ករណីឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិក្នុងបណ្តាញសង្គមមានជាង ៨០នាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ។
ការចាប់ខ្លួនអ្នកសម្តែងមតិនៅកម្ពុជាជារឿយៗទទួលរងការរិះគន់ពីអ្នកការពារសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើល និងវាយតម្លៃអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ អ្នកដែលត្រូវបានឃាត់ខ្លួនកន្លងមក ភាគច្រើនជាសកម្មជន អ្នកគាំទ្រគណបក្សប្រឆាំង ឬសមាជិក និងថ្នាក់ដឹកនាំបក្សជំទាស់ដូចយ៉ាងករណីគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលមានមេដឹកនាំ និងសកម្មជនមួយចំនួនកំពុងជាប់ឃុំដោយសារតែការបញ្ចេញមតិ។ អ្នកកាសែតមួយចំនួនក៏ត្រូវបានចាប់ខ្លួនដោយសារការចុះផ្សាយពត៍មានផងដែរ។បច្ចុប្បន្នជនសង្ស័យឈ្មោះពិនប៉ូច ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕