វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5403 នាក់
ម្សិលមិញ 5272 នាក់
សរុប 17111028 នាក់
ភ្នំពេញ ៖ថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៥ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពេលវិឡត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសបារាំង លោកហ្សង់ហ្វ្រង់ស័រ តាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ចំពោះសំណុំរឿងព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបាន ឯកឧត្តមអេម៉ានូអែលម៉ាក្រុន( Emmanuel Macron )ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងសន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗដល់កម្ពុជា-ថៃ សម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ ។
នេះបើតាមការបញ្ជាក់របស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ។ដែលអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង ។លោក ហ្សង់ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា «ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួលជួយសម្របសម្រួលជាអាទិ៍តាមរយៈការផ្ដល់ឯកសារឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់» ។
លោកបានរំលឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី បានលើកឡើង៖ទី១-កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិ ការជាមួយនឹងថៃ។ទី២-កម្ពុជាច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហ្នឹងជា ការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ «ខ្ញុំសូមបញ្ជាក់ឡើងវិញ គោលដៅគឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរដំណោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀត រហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី»។
ទី៣-ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបន្តសហការ ជាមួយ ភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។ទី៤-គោលជំហររបស់កម្ពុជា គឺបន្តទំនាក់ទំនងកម្ពុជា-ថៃតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃ ។
ទោះយ៉ាងណាលោក រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រីរូបនេះ បញ្ជាក់ថាការអះអាងពីជំហរកម្ពុជាប្រាប់ភាគីបារាំង ដើម្បីជាសក្ខីកម្មរបស់ខ្លួន ក្នុងជម្លោះព្រំដែនជាមួយថៃ នាពេលថ្មីៗនេះ គឺមិនមែនធ្វើឡើងក្នុងគោលបំណងណាផ្សេងឡើយ។ តាមលោក ហ្សង់ហ្វ្រង់ស័រ តាន់ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មិនបានឆ្លើយតបអ្វីចំពោះការបញ្ជាក់ជំហររបស់កម្ពុជាឡើយ។បារាំងតាមរយៈប្រធានាធិបតី ម៉ាក្រុង បានថ្លែងថា ខ្លួនអាចជួយសម្របសម្រួលផ្តល់ឯកសារនានាដល់កម្ពុជា និងថៃ ទាក់ទងទៅនឹងបញ្ហាព្រំដែន ក្នុងលក្ខខណ្ឌដែលចាំបាច់។
គួរកត់សម្គាល់ថា ការបញ្ជាក់របស់ភាគីបារាំង ចំពោះការផ្តល់ជំនួយជាឯកសារនានា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឡើងស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានបង្ហាញចេតនាចង់ឃើញ រដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីងាយស្រួលក្នុងការដោះស្រាយចរចាបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសជិតខាង។សម្រាប់ជំហរប្រទេសបារាំងកាលពីថ្ងៃ៥ឧសភាឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេក៏បាន ថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនដែលបានលើកបញ្ហាព្រំដែនមកជជែកជាមួយភាគីបារាំងឡើយ និងថា ផែនទីដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះគឺមានតាំងពីសម័យអាណានិគមនិយមបារាំង។ តាមលោក ហ្សាក់ ប៉ឺឡេ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងគឺជារឿងដ៏សំខាន់ដែលត្រូវការចរចាដោះស្រាយ.។
ទោះបីយ៉ាងណាចេញពីទីក្រុង នីស ប្រទេសបារាំង សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ចេញសារតាមហ្វេសប៊ុក ថា កម្ពុជាបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងជាពិសេស MOU ឆ្នាំ ២០០០។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញថា ក្នុងករណីចាំបាច់(?) ដូចជា ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជានឹងប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅពេលខាងមុខ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តរក្សាទំនាក់ទំនងរវាងកម្ពុជា និងថៃ តាមគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកអំពាវនាវឲ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី។បើតាមសម្តីនេះគេជឿថាកិច្ចប្រជុំគណកម្មការចំរុះព្រុំដែនកម្ពុជាថៃអាចនឹងបើកប្រជុំបាននាថ្ងៃទី១៤មិថុនាឆ្នា២០២៥នៅរាជធានីភ្នំពេញ។