
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9678 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699849 នាក់
ប៉ាឡេស្ទីន៖ ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងបិទផ្លូវសមុទ្រ នៃកំពង់ផែ Haifa របស់អ៉ីស្រាអែល ដើម្បីជាការឆ្លើយតបទៅសង្គ្រាមដែលកំពុងបន្ត នៅឯតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ ២០២៥។
អ្នកនាំពាក្យហ៊ូទី លោក Yahya Saree បានបញ្ជាក់ថា «ក្រុមហ៊ុនទាំងអស់ ដែលមានកប៉ាល់នៅក្នុង ឬត្រូវធ្វើដំណើរទៅកាន់កំពង់ផែនោះ ត្រូវបានជូនដំណឹងចាប់តាំងពីពេលប្រកាសនេះតទៅ កំពង់ផែដែលបានរៀបរាប់ខាងលើ ត្រូវបានបញ្ចូលក្នុងបញ្ជីកំណត់គោលដៅ»។គេដឹងថាក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តិរបស់អ៉ីរ៉ង់ បានបន្តបាញ់បាញ់មីស៉ីលទៅលើអ៉ីស្រាអែល រួមទាំងនៅអាកាសយានដ្ឋាន Ben Gurion ក្បែរទីក្រុង Tel Aviv ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ប៉ុន្តែពួកគេបានយល់ព្រមឈប់បាញ់ ជាមួយអាមេរិក។
សូមបញ្ជាក់ថាយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងពីការវាយប្រហារថ្មីៗនេះតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០នាក់នៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃអង្គារ ទី២០ ខែឧសភា ខណៈដែលអ៊ីស្រាអែលបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ឲ្យបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឲ្យជំនួយចូលដោយគ្មានឧបសគ្គក៏ដោយ។យោងតាមប្រភពយោធានៅហ្គាហ្សា ក្នុងរយៈពេលប្រាំបីថ្ងៃចុងក្រោយនេះ មនុស្សជាង ៥០០នាក់ត្រូវបានសម្លាប់។
កាលពីថ្ងៃចន្ទ មេដឹកនាំអង់គ្លេស បារាំង និងកាណាដា បានព្រមានថា ពួកគេអាចនឹងចាត់ «វិធានការជាក់ស្តែង» ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើខ្លួនមិនបញ្ឈប់ប្រតិបត្តិការ និងបើកផ្លូវឲ្យជំនួយ។ ប្រទេសទាំងបីនេះ រួមជាមួយសហភាពអឺរ៉ុប និងប្រទេស ២០ផ្សេងទៀត ក៏បានចេញសេចក្តីថ្លែងការណ៍រួម ព្រមានពីគ្រោះទុរ្ភិក្សនៅហ្គាហ្សាផងដែរ។នៅព្រឹកថ្ងៃអង្គារ លោកម៉ាក្រុងប្រធានាធិបតីបារាំង លោកគារ ស្តាមឺរ នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា បានរួមគ្នាចេញលិខិតមួយថ្កោលទោសអ៊ីស្រាអែល និងអះអាងថាប្រទេសទាំង៣នឹងមិនធ្មេចភ្នែកឈរមើលទង្វើដ៏អាក្រក់របស់អ៊ីស្រាអែល ដោយមិនធ្វើអ្វីសោះនោះឡើយ។ ចំណែកកាតាដែលជាប្រទេសសម្របសម្រួលការចរចា រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសវិញ បានប្រតិកម្មនៅព្រឹកថ្ងៃអង្គារទី២០ឧសភាថា ប្រតិបត្តិការយោធាចូលទន្ទ្រានគ្រប់គ្រងតំបន់ហ្កាហ្សា វាគឺជាការបំផ្លាញចោលនូវក្តីសង្ឃឹមសន្តិភាព។
នៅក្នុងក្របខណ្ឌសហភាពអឺរ៉ុបវិញ លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Noël Barrot ថ្លែងតាមវិទ្យុបារាំង France Inter ថាបារាំងរួមជាមួយហូឡង់ បានស្នើទៅកាន់គណៈកម្មការអឺរ៉ុប ឲ្យពិនិត្យមើលទាក់ទិននឹងការគោរពកិច្ចព្រមព្រៀងសមាគមរវាងអឺរ៉ុបនិងអ៊ីស្រាអែល។ ផ្អែកតាមលោករដ្ឋមន្ត្រីបារាំង គឺអ៊ីស្រាអែលកំពុងតែបំពាននឹងមាត្រា២ នៃកិច្ចព្រមព្រៀងនេះ ដែលចែងថា ភាគីទាំង២មានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស។ លោកJean-Noël Barrot អះអាងទៀតថា បារាំងប្តេជ្ញាចិត្តហើយ នឹងរៀបចំយន្តការឈានទៅប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ព្រោះថាគេមិនអាចផ្ទេរមរតកនៃអំពើហិង្សា ការស្អប់គុំគួនចងពារ ទៅឲ្យកុមារប៉ាឡេស្ទីនជំនាន់ក្រោយបានទេ។ លោកបន្ថែមថា បារាំងនឹងប្រឹងប្រែងរកដំណោះស្រាយការទូត ប្រកាសរដ្ឋប៉ាឡេស្ទីន ព្រោះវាជាអត្ថប្រយោជន៍រួមសម្រាប់ប្រជាជនប៉ាឡេស្ទីនផង និងសម្រាប់សន្តិសុខអ៊ីស្រាអែលទៅថ្ងៃអនាគតផង។
ក្រៅពីសកម្មភាពមេដឹកនាំវាក៏មានបាតុករដើរដង្ហែរក្នុងក្រុងឡាអេប្រទេសហូឡង់ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលពួកគេហៅថាជា«អំពើប្រល័យពូជសាសន៍»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១៩ខែឧសភានេះ។បាតុករទាំងនេះស្លៀកពាក់ពណ៌ក្រហមរាប់ម៉ឺននាក់ ដែលក្រុមអ្នករៀបចំ បាននិយាយថា វាគឺជាបាតុកម្មដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនច្រើនជាង ១០ម៉ឺននាក់។
លោក Marjon Rozema ប្រធានអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា៖«យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលហូឡង់ បញ្ឈប់ការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាដល់អ៊ីស្រាអែល ដរាបណាអ៊ីស្រាអែលបញ្ចប់ការរារាំងផ្គត់ផ្គង់ជំនួយ និងខណៈពេលដែលអ៊ីស្រាអែលរងបទចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិនៅហ្គាហ្សា និងទឹកដីប៉ាឡេស្ទីន»។សង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣,៣៣៩ នាក់ និងរបួស ១២១,០៣៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ក៏កំពុងបើកសវនាការលើសំណុំរឿងដែលនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូង ដោយសំអាងថាសង្គ្រាមនៅតំបន់ហ្គាហ្សាបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ទោះបីអ៊ីស្រាអែលបានបដិសេធក៏ដោយ។
ទោះបីយ៉ាងណាឆ្លើយតបនឹងការរិះគន់នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ប្រទេសលោកកំពុងធ្វើ «សង្គ្រាមអរិយធម៌ប្រឆាំងនឹងភាពព្រៃផ្សៃ» ហើយបានប្តេជ្ញាថា នឹង «បន្តការពារខ្លួនគ្រប់មធ្យោបាយរហូតដល់ជ័យជម្នះទាំងស្រុង» ដើម្បីដោះលែងចំណាប់ខ្មាំង និងកម្ទេចក្រុមហាម៉ាស់។ លោកក៏បានបញ្ជាក់ពីបំណងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូលផងដែរ។
គួរបញ្ជាក់ថា ទោះបីជាអ៊ីស្រាអែលបានអនុញ្ញាតឲ្យរថយន្តជំនួយ ៥គ្រឿងចូលហ្គាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីការបិទផ្លូវជាងពីរខែក៏ដោយ អង្គការសហប្រជាជាតិនិយាយថា ហ្គាហ្សាត្រូវការរថយន្តជំនួយយ៉ាងតិច ៥០០គ្រឿងក្នុងមួយថ្ងៃ។ សង្គ្រាមដែលអូសបន្លាយជិត ២០ខែនេះ បានចាប់ផ្តើមក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។
គិតមកដល់ពេលនេះតំបន់ហ្គាហ្សាស្ទើរតែទាំងមូលដែលធ្លាប់មានមនុស្សរស់នៅជាង ២លាន ២សែននាក់ ត្រូវបានក្លាយជាទីវាលនៃគំនរបាក់បែក ដោយសារតែប្រតិបត្តិការវាយប្រហារទាំងផ្លូវគោកនិងផ្លូវអាកាសរបស់យោធាអ៊ីស្រាអែលក្នុងរយៈពេលជាង ១ឆ្នាំកន្លះមកនេះ ខណៈដែលរបាយការណ៍របស់អាជ្ញាធរប៉ាឡេស្ទីនបានអះអាងថា មានពលរដ្ឋរបស់ខ្លួនសរុបជាង ៥៣០០០នាក់បានបាត់បង់ជីវិត និងជាង ១២ម៉ឺនរងរបួស៕