
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7614 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697785 នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសដែលមានអ្នកចូលរួមប្រមាណ៥ពាន់នាកដើម្បីអបអរទិវាសេរីភាពសារពត៍មានពិភពលោក។
ក្នុងនោះ ក្រៅពីអ្នកសារព័ត៌មាន ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
ជំនួប ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើកដំបូងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដែលរំលឹកក្នុងអាណត្តិសម្តេចជោនាយករដ្ឋមន្ត្រីហ៊ុនសែន ។ ជំនួបរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំថ្ងៃដែលសម្តេចតេជោចូលព្រៃធ្វើសកម្មភាពតស៊ូទាមទារអំណាចថ្វាយសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋបានចំនួន៥លើក។សម្រាប់ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាឆ្នាំនេះ គឺជាលើកទី២ហើយ ខណៈលើកទី១ ធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
តាមរយៈជំនួបនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មានអាជីព និងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះ ក៏ជាការបន្តថែរក្សាកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។លោកនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០អង្គភាព រួមមាន៖
គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ស្ថានីយ, ទូរទស្សន៍ផ្កាយរណបចំនួន ៣ស្ថានីយ,សែតចំនួន ១២៥អង្គភាព, សមាគមសារព័ត៌មានចំនួន ២៦អង្គភាព, ទស្សនាវដ្តីចំនួន ៦អង្គភាព, ព្រឹត្តិបត្រចំនួន១២អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ចំនួន១៨ អង្គភាព, រោងពុម្ពចំនួន៨៩, សៀវភៅចំនួន ២២អង្គភាព,ភ្នាក់ងារផ្សាយពាណិជ្ជកម្មចំនួន ៣ក្រុមហ៊ុន, វិទ្យុអ៊ែហ្វអ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ស្ថានីយ,ទូរទស្សន៍ផ្សាយបន្តចំនួន១០១ស្ថានីយ, ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភីបាល បានបន្តថា រាជរដ្ឋាភិបាលទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការក្ដាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋដើម្បីរាជរដ្ឋាភិបាលដោះស្រាយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនដល់អ្នកសារព័ត៌មានរួមមាន៖
ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិតសុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ។ប៉ុន្តែសូមចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មាន មានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។
ទី២.ត្រូវគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។
ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។ទី៤.ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថលអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់គុណភាពព័ត៌មានសណ្តាប់ធ្នាប់ព័ត៌មានសុវត្ថិភាពព័ត៌មាននិងកិត្យានុភាពស្ថាប័នសារព័ត៌មានក៏ដូចជាកសាងជំនឿទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន។
សម្តេចមហាបវរធិបតី បានបង្ហាញការប្តេជ្ញាចិត្តផងដែរថា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព៕