
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10621 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700792 នាក់
កំពត៖ នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយចាត់ទុក គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ គឺជាសមាសភាគមួយ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
សម្តេចមហាបវរធិបតី ហ៊ុន ឲ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បង បានប្រព្រឹត្តទៅយ៉ាងល្អកន្លងមក ទោះបីជាមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ឬជាលក្ខណៈអន្តរជាតិក៏ដោយ, ក៏កំពង់ផែនេះ បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ និង ការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា : កោះរ៉ុង, កោះរ៉ុងសន្លឹម និង កោះស្តេចជាដើម។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តប្រឹងប្រែងធ្វើរឿងវិជ្ជមានសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។រាជរដ្ឋាភិបាលមិនមែនល្អឥតខ្ចោះនោះទេ តែរាជរដ្ឋាភិបាលបន្តប្រឹងប្រែងដោះស្រាយ និងកសាងសមិទ្ធផល។
លើទំនាក់ទំនងជាមួយចិនម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនយល់សោះអ្នកខ្លះប្រើផ្លូវសង់ដោយថវិកាចិន និងធ្វើការនៅរោងចក្រវិនិយោគដោយចិន បែរជាចោទប្រកាន់ និងមានទស្សនៈមិនពេញចិត្តនឹងចិន?។ សម្តេចបញ្ជាក់ថាការរាប់រកចិន គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយការគោរពគ្នា និងផ្អែកលើមូលដ្ឋានច្បាប់នានា។ កម្ពុជា មិនរណបប្រទេសណានោះឡើយ!។សម្តេចមហាបវរធិបតី ឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ជាសារបញ្ជាក់យ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងចិន។ សម្រាប់អ្នកវិភាគថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន មានឱនភាពនោះ ល្មមបញ្ចប់។សម្តេចមហាបវរធិបតី អះអាងថា គោលនយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យកឯករាជ្យភាព ធ្វើមិត្តគ្រប់ប្រទេស មិនយកប្រទេសណាមួយជាសត្រូវនោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឲ្យដឹងថា ចិនមិនមែនវិនិយោគតែនៅកម្ពុជានោះទេ ឆ្នាំ២០២៣ វិនិយោគនៅអាមេរិក ២៨ពាន់លានដុល្លារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវារបស់ជប៉ុន២គ្រឿង ចូលចតកំពង់ផែ នៅខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ វៀតណាម ឥណ្ឌា រុស្ស៊ី និងអាមេរិក ក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមផងដែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញកម្មវិធីចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស រួមតាំងអឺរ៉ុបផង។ តាមរយៈកិច្ចប្រជុំទាំងនេះ បង្ហាញថា កម្ពុជារាប់រកគ្រប់ប្រទេស យកទាំងស្ពៃ សាច់គោ ថែមទាំងសាច់ត្រី។សម្រាប់ការងាដឹកនាំរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ អត់មាននិយាយរឿងប្រជែងអំណាចនោះទេ គឺនិយាយតែរឿងប្រសិទ្ធភាព។ជម្រើសលក្ខខណ្ឌទាំងឡាយពាក់ព័ន្ធការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវប្រកាន់ប្រយោជន៍របស់រដ្ឋជាអតិបរមា សម្តេចមហាបវរធិបតី បញ្ជាក់ថា សម្តេចគ្មានពេលវេលារង់ចាំការចរចារបស់ក្រសួង ស្ថាប័ននោះទេ គឺសម្តេចត្រូវការតែលទ្ធផល។ សម្តេចសុខចិត្តឱ្យមន្ត្រីបន្ទោសរឿងលូកការងារ តែសម្តេចមិនឱ្យប្រជាពលរដ្ឋបន្ទោសថា ធ្វើការងារយឺតនោះទេ។
-ជាអនុសាសន៍លើការងារគ្រប់គ្រងផែនិងការអភិវឌ្ឈន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនគិតគូររៀបចំ និងអនុវត្តផែនការវិនិយោគឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ បានយូរអង្វែង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះបន្ថែមទៀត សម្រាប់នាវាធំៗដឹកអ្នកដំណើរ និងភ្ញៀវទេសចរចូល-ចេញ ឱ្យបានកាន់តែច្រើន។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវបន្តលើកកម្ពស់ការផ្តល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត, ដោយរក្សាតម្លៃសមរម្យ និង ធានាឱ្យបាននូវអនាម័យ និងសោភ័ណភាពនៅទីតាំងកំពង់ផែ, ជាពិសេសពង្រឹងសន្តិសុខ និង សុវត្ថិភាព សម្រាប់បុគ្គលិក អ្នកដំណើរ និងនាវា។ ជាមួយគ្នានេះ, គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀមស្ដីពីប្រតិបត្តិការ និង ការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តកំពត ក៏ត្រូវតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន និង ធានាឱ្យបាននូវស្តង់ដារ និង គុណភាពសេវាកម្មរបស់កំពង់ផែ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យលទ្ធភាពស្វែង រកក្រុមហ៊ុនដៃគូក្រៅស្រុក ដើម្បីពង្រីកប្រតិបត្តិការរបស់កំពង់ផែទេសចរណ៍នេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសផ្សេងៗចេញ-ចូលបាន។សម្តេចមហាបវរធិបតីណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេ ងៗ នៅទីតាំងកំពង់ផែ និង ពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ ដូចជា៖ ការជិះកម្សាន្ត, ការបរិភោគអាហារ, ការរៀបចំពិធីកម្សាន្ត ឬ ទម្រង់ជាទេសចរណ៍តាមនាវានៅតាមព្រែកកំពង់ បាយ ឬ ព្រែកកំពង់សំរោង ជាពិសេសនៅពេលរាត្រី ជាដើម និង ការជំរុញផ្សព្វផ្សាយ ឱ្យកាន់តែ ទូលំទូលាយ សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់តំបន់កម្សាន្តផ្សេងៗ ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយបណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅលើតែសកម្មភាពពាណិជ្ជកម្ម និង ទេសចរណ៍ប៉ុណ្ណោះ ដោយ មិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹកជាមួយបណ្តាប្រទេសជិតខាងនោះទេ។សមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីមានសមត្ថកិច្ច ដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង ឆាប់រហ័ស និង ប្រកបដោយក្តី រីករាយ និង ភាពជឿទុកចិត្ត ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។
សម្តេចមហាបវរធិបតី ស្នើដល់ក្រសួងស្ថាប័ន និង សមត្ថកិច្ចពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួល ឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ ប្រព្រឹត្តទៅដោយរលូន និង មានការគាំទ្រពីអតិថិជនប្រើប្រាស់ សេវាកម្ម ដើម្បីឈានទៅបង្កើនសមត្ថភាព ផ្តល់នូវជម្រើសសេវាកម្មថ្មីៗ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត។កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រួមមានផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងរួមចំណែតភ្ជាប់ប្រព័ន្ធផ្លូវទឹករវាងខេត្តទាំង៤ជាប់សមុទ្រ ក៏ដូចជាតភ្ជាប់ជាមួយបណ្ដាកំពង់ផែទេសចរណ៍នៃប្រទេសជិតខាង និងក្នុងតំបន់ ។ រាជរដ្ឋាភិបាលបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពប្រទាក់ក្រឡាទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស គាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលម្ពុជា ។