
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6265 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696436 នាក់
សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល លំនៅឋានពលរដ្ឋជាច្រើនខ្នងត្រូវបានទទួលរងការខូចខាត។ប្រភពពី រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។
ដោយឡែកស្នងការងទទួលបន្ទុកសេនាធិការ លោកសុខ ពីសាន្តបានឱ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យមនុស្ស១០នាក់របួស។ ក្នុងនោះ របួសធ្ងន់ធ្ងរ ២នាក់ និងស្រាល៨នាក់។ ក្រៅពីនោះ មានករណីរន្ទះបាញ់ស្លាប់ម្នាក់ទៀត ក្នុងស្រុកស្វាយលើ នៅក្នុងអំឡុងពេលខ្យល់កន្ត្រាក់នោះ។លោកបានបញ្ជាក់ប្រាប់កាសែតថា៖«ករណីខ្យល់កន្ត្រាក់ គ្របដណ្តប់នៅ១០ស្រុក ក្នុងខេត្តសៀមរាប ដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០០ខ្នងផ្ទះ។ នគរបាលកំពុងតែធ្វើរបាយការណ៍លើករណីនេះ»។
បណ្តាក្រុង ស្រុកមួយដែលរងផលប៉ះពាល់មានដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឱ្យមនុស្ស ២ នាក់ដែលជាប្តីប្រពន្ធនឹងគ្នា ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ ។ នៅក្រុងសៀមរាប ក៏មានការបាក់រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង តាមដងស្ទឹងសៀមរាប ព្រមទាំងធ្វើឱ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ ៦០ ម៉ែត្រ) និង នៅតំបន់រមណីយដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើ កាត់ផ្លូវ និង សង្កត់រោងលក់ដូរផងដែរ។
រីឯនៅភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិ ភ្លៀង និង ខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន ៤៤ ករណី មានរបើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និង បាក់រលំដើមឈើ ព្រមទាំងងាប់គោ ១ ក្បាលផងដែរ។ប្រភពខាងលើនេះ បានបង្ហាញដែរថា នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ លំនៅឋាន ១ ខ្នងស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ទ្រាកបំផ្លាញទាំងស្រុង ព្រម ទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ១៧:០០នាទី នៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប មានចំនួន ៧ ឃុំ ផ្ទះប្រជាពលរដ្ឋ ៣ ខ្នង បានបាក់រលំដល់ដី របើកដំបូល និងសំយ៉ាប ចំនួន ២២១ ដោយខ្យល់កន្ទ្រាក់បណ្តាឱ្យខូចខាតទាំងស្រុង និង ខូចម៉ូតូ ១ គ្រឿង និង របួសស្រាលមនុស្ស ២ នាក់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ករណីខ្យល់កន្ត្រាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានក្រុង ស្រុកចំនួន ៩ ស្រុកទទួលរងផលប៉ះពាល់ មានក្រុងរុនតាឯកតេជោសែន ,ស្រុកប្រាសាទបាគង , ស្វាយលើ , អង្គរធំ ,ស្រុកពួក , បន្ទាយស្រី ,សូទ្រនិគម , ជីក្រែង និង ស្រុកអង្គរជុំ។ ប្រជាពលរដ្ឋរង ផលប៉ះពាល់ ចំនួន ១៨២ គ្រួសារ , រលំផ្ទះនិងទ្រេត ១១ ខ្នង ,របើកដំបូលនិងសំយ៉ាប ១៦០ ខ្នង , របើកដំបូលព្រះវិហារ ១ ខ្នង , អគាររដ្ឋបាល ២ ខ្នង , បន្ទប់ទឹកសាធារណៈ ២ ខ្នង , រោង និង តូប ៦ កន្លែង បាក់ដើមឈើ ៧១ ដើម និងរបួស ៧ នាក់ ស្រី ៣ នាក់៕