
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9421 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699592 នាក់
ភ្នំពេញ៖នៅថ្ងៃសុក្រទី១៩មិថុនានេះ តុលាការកំពូលបានប្រកាសសាលដិកាសម្រេចដកសិទ្ធិឈរឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល ៥ឆ្នាំពីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ បន្ថែមពីការដកសិទ្ធិនយោបាយ លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូលតម្កល់សាលក្រមតុលាការឧទ្ធរណ៍ ដោយផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៤ឆ្នាំ ពីបទញុះញង់ ដោយបន្ថយមកត្រឹមដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ តែទោសនោះត្រូវព្យួរ។ នេះបើតាមសមាគមអាដហុក។
លោក រ៉ុង ឈុន ក៏ត្រូវបានហាមមិនឱ្យប្តូរលំនៅដ្ឋានចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួមជួបជុំជាសាធារណៈផងដែរ។ សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្រោមបទចោទញុះញង់ និងបានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈ ៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ រីឯសាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ ហើយបានបន្ថែមទោស មិនឱ្យលោកធ្វើនយោបាយជាអចិន្រ្តៃយ៍។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៩ ខែមិថុនា ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មិនបានចូលស្ដាប់ការប្រកាសសាលដីកា របស់ តុលាការកំពូលនោះទេ គឺលោក បានរៀបចំឱ្យអ្នកតំណាងចំនួន៥នាក់ទៅស្ដាប់ជំនួស រួមនឹងមេធាវី។ រីឯលោក រ៉ុង ឈុន និងអ្នកគាំទ្រ ជាង៦០០នាក់ នៅរង់ចាំស្ដាប់លទ្ធផលនៅខាងក្រៅតុលាការនៅមុខសួនវត្តបទុមវតីរាជធានីភ្នំពេញ។
គេសង្កេតឃើញថា នៅមុខតុលាការកំពូល ឃើញមានប៉ូលិស និងសន្តិសុខដាក់ពង្រាយគ្នារាប់សិបនាក់ រួមនឹងដាក់របាំង រារាំងមិនឱ្យអ្នកគាំទ្រ លោក រ៉ុង ឈុន អាចទៅឈរជិតសាលាឧទ្ធរណ៍ ដែលកំពុងតែដំណើរប្រកាសសាលដីកា នោះឡើយ។ នៅខាងមុខ អ្នកគាំទ្រជាច្រើននាក់ លោក រ៉ុង ឈុន បានអង្គុយ ធ្វើសមាធិ ដើម្បីរង់ចាំស្ដាប់លទ្ធផល។
ជាមួយគ្នានោះ អ្នកគាំទ្រក៏បានលើបដាពណ៌ស រួមនឹងពាក្យខ្លីៗថា«តុលាការកំពូលត្រូវទម្លាក់បទចោទមកលើ លោក រ៉ុង ឈុន» និងពាក្យថា «ផ្ដល់សេរីភាពដល់លោក រ៉ុង ឈុន គឺជាការបង្ហាញអំពីសាមគ្គីភាព និងឯកភាពជាតិ»។តែលទ្ធផលគឺនៅដដែល។