វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1814 នាក់
ម្សិលមិញ 4250 នាក់
សរុប 16288689 នាក់
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ទី៦មកាបានថ្លែងថា អ៊ីស្រាអែលនឹងប្រគល់តំបន់ហ្គាហ្សាទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធគ្នាបាន បញ្ចប់ ហើយថាមិនចាំបាច់មានវត្តមានទាហានអាមេរិកនៅទីនោះ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈសំណេរលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ បានសរសេរជុំវិញការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់លោក អំពីអនាគតរបស់ហ្គាហ្សានៅសប្តាហ៍នេះ ដោយបានលើកឡើងថា «ហ្គាហ្សាស្ទ្រីបនឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកដោយអ៊ីស្រាអែល នៅពេលបញ្ចប់ការប្រយុទ្ធគ្នា» ដោយលោកបានបញ្ជាក់ចំៗថា «មិនចាំបាច់មានទាហានអាមេរិកទេ!»។ករណីយ៍នេះក្រៅពីលោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ បណ្តារដ្ឋមន្ត្រីមកពីក្រុមស្តាំនិយមជ្រុលអ៊ីស្រាអែលទទួលស្វាគមន៍ដៃពីរ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលនិយាយមិនរអែងចង់ឲ្យគេផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដើម្បីឲ្យអាមេរិកចូលទៅគ្រប់គ្រង និងអភិវឌ្ឍតំបន់ហ្កាហ្សាទៅជាទីក្រុងជាប់មាត់សមុទ្រដ៏ល្អឆើតឆាយ នៅតំបន់ដើមបូព៌ា Riviera of the Middle East។
ដោយគាំទ្រយ៉ាងពេញទំហឹង គំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកអ៊ីស្រាអែល កាតហ្ស នៅថ្ងៃព្រហស្បតិ៍ទី ៦កុម្ភៈនេះបានចេញសេចក្តីថ្លែងការណ៍ បញ្ជាឲ្យកងទ័ពអ៊ីស្រាអែលត្រៀមរៀបចំផែនការដើម្បីអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនអាចចាកចេញពីទឹកដីហ្កាហ្សា។ ផែនការរបស់កងទ័ពអ៊ីស្រាអែលមាននិយាយពីជម្រើសបញ្ចេញប្រជាជនប៉ាឡេស្ទីនពីទឹកដីហ្កាហ្សា តាមផ្លូវគោក ឬបើសិនជាចាំបាច់ តាមផ្លូវទឹក និងផ្លូវអាកាស។
បើតាមប្រមុខការពារជាតិអ៊ីស្រាអែល កងទ័ពត្រូវសម្រួលបើកផ្លូវឲ្យប្រជាជនប៉ាឡេស្ទីនណាដែលស្ម័គ្រចិត្តចាកចេញពីហ្កាហ្សា ទៅកាន់ទីកន្លែងផ្សេងទៀត នៅក្នុងពិភពលោកដែលរង់ចាំទទួលពួកគេ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយដល់ប្រទេសអេស្ប៉ាញ អៀរឡង់ ឬន័រវែសជាដើមដែលត្រូវទទួលយកប្រជាជនប៉ាឡេស្ទីន ព្រោះប្រទេសទាំងនេះធ្លាប់ប្រឆាំងនឹងផែនការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា។
ទោះបីយ៉ាងណាផែនការនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យបញ្ចៀសទង្វើបោសសម្អាតជាតិសាសន៍នៅក្នុង តំបន់ហ្កាហ្សា ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ថ្លែងទៅកាន់កិច្ចប្រជុំរបស់គណៈកម្មាធិការមួយរបស់ UN កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈដោយមិនបានលើកឈ្មោះលោក ត្រាំ ឬសំណើគ្រប់គ្រងតំបន់ហ្កាហ្សារបស់លោក ត្រាំ ចំៗ លោក Guterres បានគូសបញ្ជាក់ថា «នៅក្នុងការស្វែងរកដំណោះស្រាយ យើងមិនត្រូវធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនោះទេ ហើយត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសរាល់ទង្វើបោសសម្អាតជាតិសាសន៍ គ្រប់ទម្រង់ទាំងអស់»។ បើតាមប្រមុខ UN ការដោះស្រាយបញ្ហារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែធ្វើឡើងតាមរយៈដំណោះស្រាយរដ្ឋ២។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ លើការបោសសម្អាតគ្រាប់មីន អាវុធ រួមទាំងអគារដែលត្រូវបានបំផ្លាញ ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងមាត់សមុទ្រមួយ។នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គ្មានអ្វីខុសទេ នៅក្នុងគំនិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលចង់ផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Netanyahu មិនបាននិយាយអំពីចំណុចដែលលោក ត្រាំ ចង់ឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងលើតំបន់ហ្កាហ្សានោះទេ ប៉ុន្តែបានគាំទ្រគំនិតអនុញ្ញាតឱ្យប្រជាជនហ្កាហ្សាចាកចេញ បើពួកគេចង់។ លោកបញ្ជាក់ថា «ខ្ញុំមានន័យថា តើមានអ្វីខុសជាមួយ? ពួកគេអាចចាកចេញ ពួកគេអាចផ្លាស់ទីលំនៅ និងត្រឡប់មកវិញបាន។ ប៉ុន្តែតំបន់ហ្កាហ្សា ត្រូវតែសាងសង់ឡើងវិញ»។ ចាប់តាំងពីថ្ងៃទី២៥ ខែមករា លោក ត្រាំ បានស្នើម្តងហើយម្តងទៀតថា ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា គួរតែត្រូវបានទទួលយកដោយប្រទេសអារ៉ាប់ ក្នុងតំបន់ ដូចជាអេហ្ស៉ីប និងហ្ស៊កដានី ដែលជាគំនិតមួយដែលត្រូវបានច្រានចោល ដោយរដ្ឋអារ៉ាប់ និងមេដឹកនាំប៉ាឡេស្ទីន។ បណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកមួយចំនួនបានរិះគន់ និងបង្ហាញជំហរប្រឆាំងជំទាស់នឹងផែនការរបស់លោក ត្រាំ ដោយពួកគេគាំទ្រដល់ ដំណោះស្រាយរដ្ឋ២ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕