
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11772 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701943 នាក់
ប្រទេសចិន៖ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលជួបនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងរកការរឹតបន្តឹងចំណងទាក់ទង ចំពោះមុខភាពមិននឹងនរកាន់តែខ្លាំងឡើង នៃស្ថានការណ៍ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រាបានធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិនលើកដំបូងចាប់ពីថ្ងៃទី៥ខែកុម្ភៈដល់ថ្ងៃទី៨ខែកុម្ភៈ ចាប់តាំងពីចូលកាន់តំណែងក្នុងខែសីហាឆ្នាំមុន ហើយក៏ចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូត។ក្នុងចំនួបទីភ្នាក់ងារព័ត៌មានរ៉យទ័របានយោងខ្លឹមសារដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV (CCTV) បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានលើកឡើងពីគម្រោងនៃកិច្ចសហប្រតិបត្តិការ ដូចជាផ្លូវរថភ្លើងល្បឿនលឿនដែលគ្រោងតភ្ជាប់ទីក្រុងបាងកកជាមួយទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន វិស័យសេដ្ឋកិច្ចឌីជីថល និងរថយន្តអគ្គិសនីគឺជាផ្នែកបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។
យោងទៅលើសភាពការណ៍បច្ចុប្បន្នដែលកំពុងតែប្រែប្រួលខ្លាំង ដោយសារតែការចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សកលលោក លោកស៊ី បានបង្ហាញពីផែនការប្រុងប្រយ័ត្នខ្ពស់។លោកស៊ីជីងពីង និយាយថា «ចំពោះមុខការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក មិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ ប្រទេសចិន និងថៃគួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកលើផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគាំទ្រគ្នាទៅវិញទៅមក»។
ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តបច្ចុប្បន្នក៏នឹងត្រូវរៀបចំខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ ២០២៧ ក៏ត្រូវបានគេមើលឃើញថា បក្សកុម្មុយនីស្តចិនក៏កំពុងប្រឹងប្រែងធ្វើឲ្យមានការផ្លាស់ប្តុរក្នុងវិស័យយោធា និងអាចឈានទៅបង្រួបបង្រួមជាមួយតៃវ៉ាន់ ទោះក្នុងមធ្យោបាយការទូត ឬក៏ប្រើប្រាស់កម្លាំងយោធា។បទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យានិងការព្រួយបារម្ភអំពីសុវត្ថិភាពទេសចរ ក៏ត្រូវភាគីទាំងពីរពិភាក្សាផងដែរក្នុងជំនួបនៃមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំពីរក្នុងតំបន់អាស៊ីនេះ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ប្រទេសថៃដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនបានស្វែងរកការបន្ធូរបន្ថយការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមជនជាតិចិនដែលរួមចំណែកជាក្រុមភ្ញៀវដ៏ធំបំផុតទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។លោកស្រី Paetongtarn បាននិយាយថា៖«សុវត្ថិភាពរបស់ប្រជាជន និងអ្នកទេសចរដែលមកទស្សនាប្រទេសថៃ គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល» ដោយបន្ថែមថា ប្រទេសទាំងពីរនឹងសហការលើប្រព័ន្ធព្រមានមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។សេចក្តីរាយការណ៍បន្ថែមថា៖«ថៃបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចិនដើម្បីបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដែលឆ្លងកាត់ប្រទេសថៃ»។
ករណីតារាសម្តែងចិនម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសថៃ ហើយត្រូវបានគេបោកបញ្ឆោត នាំឆ្លងចូលទៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រោយមក ក៏ត្រូវបានជួយសង្គ្រោះវិញនោះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក នៅក្នុងប្រទេសចិន ជុំវិញបញ្ហាឧក្រិដ្ឋកម្មឆបោកឆ្លងព្រំដែន។ ថៃ ដែលបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន បានព្យាយាមរំងាប់ក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព ក្នុងចំណោមជនជាតិចិន ជាក្រុមភ្ញៀវទេសចរធំជាងគេបង្អស់ ដែលមកទស្សនាប្រទេសថៃ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ថៃបានកាត់ផ្តាច់ ការផ្គត់ផ្គង់អគ្គិសនី អ៉ីនធើណិត និងឥន្ធនៈ ទៅកាន់តំបន់ព្រំដែនមួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីព្យាយាមទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មឆបោក។
គួរបញ្ជាក់ថា ជំនួបពិភាក្សារវាងលោក ស៉ី និងលោកស្រី ផែថងថាន ក៏កើតមានឡើង ស្របពេលទីក្រុងប៉េកាំង កំពុងហែលឆ្លងសង្គ្រាមពាណិជ្ជកម្មថ្មី ជាមួយសហរដ្ឋអាមេរិក ផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ធ្លាប់បានលើកឡើងថា ប្រទេសអាស៊ានមួយនេះ មានតុល្យភាពល្អរវាងអាមេរិកនិងចិន ហើយរំពឹងទទួលបានផលចំណេញ ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ដ្បិតការនាំចេញរបស់ថៃទៅកាន់អាមេរិក មុខជានឹងកើនឡើង ដោយសារអាមេរិក នឹងកាត់បន្ថយការនាំចូលពីចិន។
នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ រដ្ឋាភិបាលថៃ បាននិយាយថា ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមួយចំនួន នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាព របស់បណ្តាញឧក្រិដ្ឋកម្មឆបោក ដែលបានបោកប្រាស់មនុស្សចម្រុះជាតិសាសន៍អស់ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានស្នើឱ្យថៃចូលរួម ទប់ស្កាត់លំហូរធនធាននានា ទៅកាន់បណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលកំពុងបង្កគ្រោះថ្នាក់ ចំពោះពលរដ្ឋចិន។ កាលពីខែមុន សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក្នុងអត្ថបទកម្រមួយ ស្តីពីមជ្ឈមណ្ឌលឆបោកអនឡាញ បាននិយាយថា ធនធានចាំបាច់ដូចជា ថាមពលអគ្គិសនី និងអ៉ីនធើណិត ជាដើម គឺមិនមែនត្រូវបានផ្តល់ដោយមីយ៉ាន់ម៉ាផ្ទាល់ឡើយ គឺដោយប្រទេសដទៃ ដែលហាក់ចង់សំដៅលើប្រទេសថៃ។ បើតាមប្រភពដដែល គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ ជនបរទេសសរុបជាង ៥៥ ០០០នាក់ ដែលភាគច្រើនបំផុតគឺជាជនជាតិចិន ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមកន្លែងឆបោក។
ក្រៅពីបញ្ហាសន្តិសុខអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីដើមឆ្នាំ២០២៥ថា ថៃបានកត់ត្រាពីការធ្លាក់ចុះ ២០ ភាគរយ នៃលំហូរទំនិញគុណភាពអន់ៗដែលភាគច្រើនមកពីប្រទេសចិន ក្រោយអាជ្ញាធរបានដាក់ចេញនូវវិធានការទប់ស្កាត់លំហូរទំនិញថោកៗពីចិន ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។អ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី Sasikarn Wattanachan បានប្រាប់រ៉យទ័រថា បន្ទាប់ពីរឹតបន្តឹងបទប្បញ្ញត្តិ និងការត្រួតពិនិត្យកាលពីខែកក្កដា តម្លៃនៃការនាំចូលទំនិញដែលមានគុណភាពទាបៗរបស់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រីបន្តថា វិធានការនានាត្រូវបានដាក់ចេញដើម្បីបង្ក្រាបលើទំនិញនាំចូល ដែលមិនស្របតាមស្តង់ដារក្នុងស្រុក ដោយផ្តោតលើទំនិញកសិកម្ម ទំនិញប្រើប្រាស់ និងឧស្សាហកម្ម។
គួរគូសបញ្ជាក់ថា កំណើននៃទំនិញថោកៗពីប្រទេសចិន បានបង្កជាក្ដីបារម្ភពីភាគីពាក់ព័ន្ធក្នុងស្រុកថៃផ្សេងៗ ជាពិសេសក្រុមអាជីវកម្មខ្នាតតូច និងមធ្យម ដោយថាវារួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការ។ក្រៅតែពីការរឹតបន្តឹង និងត្រួតពិនិត្យ អាជ្ញាធរថៃបានចាប់ផ្តើមយកពន្ធអាករលើតម្លៃបន្ថែម (VAT) ៧ ភាគរយ នៅក្នុងខែកក្កដា សម្រាប់ទំនិញនាំចូលដែលមានតម្លៃក្រោម ១ ៥០០ បាត។ រហូតមកដល់ពេលនេះ ក្រសួងហិរញ្ញវត្ថុនិយាយថា ខ្លួនបានប្រមូលបានចំនួន ៧០៧ លានបាត ពីទំនិញនាំចូលប្រភេទនេះ។ តែមន្ត្រីគយជាន់ខ្ពស់ថៃ លោក Kitjaluck Srinuchsart បាននិយាយថា ពន្ធនេះហាក់ដូចជាមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ ដោយលំហូរនៃការនាំចូលនៅតែបន្ត។