
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10898 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701069 នាក់
ភ្នំពេញ៖លោក រ៉ុង ឈុន ទីប្រឹក្សាបានឲ្យដឹងថា៖គណបក្សកម្លាំងជាតិគ្រោងរៀបចំសមាជក្នុងពេលឆាប់ៗខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានបក្ស បន្ទាប់ពីក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សកាលពីខែកញ្ញាកន្លងទៅបន្ទាប់ពីមេគណបក្សមុនក៏ត្រុវបានតុលការដកសិទ្ធធ្វើនយោបាយមួយជីវិតផងដែរ។
កាលពីខែកញ្ញា ឆ្នាំ២០២៤ លោក ជា មុនី ត្រូវបានអង្គសមាជបោះឆ្នោតឲ្យធ្វើជាប្រធានបក្សជំនួស លោក ស៊ុន ចន្ធី ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំពីបទ«ញុះញង់» និងដកសិទ្ធិធ្វើនយោបាយរបស់លោកទាំងស្រុង និងពិន័យជាប្រាក់៤លានរៀលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ។គណបក្សកម្លាំងជាតិនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សដើម្បីកំណត់ថ្ងៃធ្វើសមាជ ក្នុងការឈានទៅរៀបចំក្បាលម៉ាស៊ីនគណបក្ស ព្រោះមិនអាចទុកតួនាទីប្រធានបក្សនៅទំនេរបែបនេះនោះទេ។
លោករ៉ុងឈុនបន្ថែមថា គណបក្សកម្លាំងជាតិ រក្សាជំហរស្វែងរកយុត្តិធម៌ដល់ លោក ស៊ុន ចន្ធី និងសកម្មជននយោបាយផ្សេងទៀត ហើយគណបក្សទាមទារឲ្យមានការដោះលែងសកម្មជនសង្គម និងសកម្មជននយោបាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារឲ្យមានសេរីភាព ដែលរួមមានលោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ កញ្ញា សេង ធារី និងលោក កឹម សុខា ជាដើម។
គណបក្សកម្លាំងជាតិ បានចាត់ទុកការផ្តន្ទាទោសលោក ស៊ុន ចន្ធី ថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ គណបក្សជំទាស់នេះ លើកហេតុផលថា រូបភាពនេះជាការរើសអើង និងគម្រាមកំហែងខាងនយោបាយ ដែលបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត និងបានផ្ទុយពីរដ្ឋធម្មនុញ្ញ ក៏ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ទន្ទឺមនិងបង្ហើបពីការត្រៀមធ្វើសមាជលោករ៉ុងឈុនត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទៅ៣១ធ្នូបានចេញដិកា បង្គាប់ឱ្យ ចូលសវនាការជាបន្ទាន់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅក្នុងដំណើររឿងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤តាមបទល្មើសដែលមានចែង ឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងដីកា លោក សេង ហៀង បានបង្គាប់ឱ្យលោក រ៉ុង ឈុន ជនជាតិខ្មែរ ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី សាលសវនាការទី ១ ជាន់ផ្ទាល់ដី ជាកំហិត ដើម្បីចូលរួមសវនាការ។គួររម្លឹកថា កាលពីខែសីហា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០០លានរៀល ទៅកាន់គណៈកម្មាធិការព្រំដែនកម្ពុជា។ាលោករ៉ុងឈុនបានឲ្យដឹងថាលោកនឹងចូលតាមការកោះហៅ។
សូមបញ្ជាក់ថាលោករ៉ុង ឈុនបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងសុំផ្តល់នីតិសម្បទាដាក់ទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញចុះថ្ងៃទី១៣ វិច្ឆិកាថា ការស្នើសុំឲ្យផ្តល់នីតិសម្បទាវិញធ្វើឡើង បន្ទាប់ពីលោកបានផុតបម្រាមរបស់តុលាការរយៈពេល ៣ឆ្នាំ។ តាមលោក រ៉ុង ឈុន ក្រោយការដាក់ពាក្យបណ្តឹងនេះរួចហើយ លោកសង្ឃឹមនឹងទទួលបាននីតិសម្បទាពេញលេញមកវិញក្រោមហេតុផលផលថា លោកបានអនុវត្តទោសគ្រប់គ្រាន់តាមផ្លូវច្បាប់ចប់សព្វគ្រប់។
គួររំលឹកជូនថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុនត្រូវបានតុលាការឃុំខ្លួនពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីលោកបាននិយាយរិះគន់រឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានសម្រេចដោះលែង បន្ទាប់ពីលោក រ៉ុង ឈុនជាប់ពន្ធនាគារបានរយៈពេល ១៥ខែ និង១១ថ្ងៃនៃរយៈពេលឃុំខ្លួនសរុបចំនួន ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យនៅក្រោមការពិនិត្យពីបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីផ្អាកទោសមជ្ឈិម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។ ប៉ុន្តែលោក រ៉ុង ឈុនត្រូវបានតុលាការក្រុងភ្នំពេញអនុញ្ញាតឲ្យនៅក្រៅឃុំ និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដោយមិនឲ្យប្រព្រឹត្តសកម្មភាពណាមួយប៉ះពាល់ដល់នីតិវិធីស៊ើបសួរ៕