វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2019 នាក់
ម្សិលមិញ 6046 នាក់
សរុប 15870815 នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅក្នុងប្រទេសចិន រយៈពេល៤ថ្ងៃតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។
ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមជាមួយប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២លើពិភពលោក និងលំដាប់លេខ១នៅតំបន់អាស៊ី។សម្តេចធិបតិ និងលោកជំទាវ ទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ក៏ដូចជាមន្ត្រីអមស្ថានទូតមួយចំនួនទៀត។សម្តេចបានអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង។
ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុមហ៊ុនវិនិយោគផ្នែកថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុនផ្នែកថាមពលអគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាផងដែរ និងក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។
ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីគោលនយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។ ក្នុងជំនួបជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនមួយវិនិយោគលើការផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ។
នៅថ្ងៃទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារដំបូងគេ គឺលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។លោកប្រធានាធិបតី ស៊ីន ជីនពីង បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាដំណើរទស្សនកិច្ចនៅប្រទេសជាមិត្តលើកដំបូងរបស់សម្តេចក្រោយឡើងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវចំណងមិត្តដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ពីអនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់បានធ្វើជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំកម្ពុជាមួយរូប ដែលបានកសាងយ៉ាងរឹងមាំនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ក៏បានពិភាក្សាលើកិច្ចការចាំបាច់មួយចំនួនផ្តោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីផ្តោតទៅលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តនយោបាយចិនតែមួយដោយមិនមានការប្រែប្រួលនោះឡើយ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសប្រឆាំងរាល់ការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។លោកប្រធានាធិបតីចិន ក៏បានបង្ហាញជំហរដ៏មុតមាំក្នុងការបន្តគោរពរាល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកប្រធានាធិបតី ក៏បានប្តេជ្ញាចូលរួមជាមួយកម្ពុជាការពាររាល់បំណងជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ជាពិសេសនឹងប្រឹងប្រែងការពារឱ្យបាននូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងចិន ដោយមិនឱ្យអំណាចណាមួយមកបំបែកបាននោះឡើយ ដើម្បីធានារក្សានូវអត្ថប្រយោជន៍រវាងប្រទេស និងប្រជាជនកម្ពុជា និងចិន។
សម្រាប់បញ្ហាតំបន់ និងពិភពលោក មេដឹកនាំកម្ពុជា-ចិន ប្តេជ្ញាបន្តគោរព និងអនុវត្តន៍តាមច្បាប់អន្តរជាតិដែលមានជាធរមាន។ ជាពិសេសនឹងប្រឹងប្រែងដោះស្រាយបញ្ហាទាំងឡាយ ដើម្បីរក្សាបានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ពិភពលោក ដែលជាបំណងប្រាថ្នាដ៏ចាំបាច់របស់មនុស្សជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយលោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាវ ឡឺជី ក៏បានពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ហើយមានជំហរដូចគ្នាក្នុងការបន្តពូនជ្រំ និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។
នៅពេលរសៀល លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ជាមួយកងកិត្តិយសជាច្រើនរូប ត្រូវបានរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសចិន។ក្នុងជំនួបពិភាក្សាទ្វេភាគីភាគីទាំងពិរ បានផ្តោតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានបន្តរក្សាយ៉ាងរឹងមាំ និងខ្លាំងក្លាថែមទៀត លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។ ជាពិសេសនឹងបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេស និងប្រជាជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗរហូតដល់ទៅ១៥។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ឯកសារទាំង១៥នោះ រួមមានផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤-២០២៨) និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល និងពិសារអាហារសាមគ្គី ដែលរៀបចំដោយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការវិនិយោគ ជាពិសេសរាជរដ្ឋាភិបាលផ្តល់កិច្ចគាំពារខ្ពស់ចំពោះវិស័យឯកជន ដែលរាជរដ្ឋាភិបាលចាត់ទុកជាដៃគូដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាតិ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចរបស់ចិន អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានធានាអះអាងថា ការវិនិយោគនៅកម្ពុជានឹងទទួលបានផ្លែផ្កា និងការរីកចម្រើន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា។ លុះព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ហោះតាមជើងយន្តហោះពិសេសរបស់កម្ពុជាលេខ០០១ ឆ្ពោះទៅកាន់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។
សម្តេចធិបតីបានស្នើឱ្យលោក លាវ នីង លេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
លោក លាវ នីង បានជម្រាបថា លោកនឹងពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្កឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលអាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។
បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។
មុននឹងអញ្ជើញដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៉ីផងដែរ។កិច្ចប្រជុំនេះធ្វើឡើង ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុត លើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងបេសកកម្មការងាររយៈពេល៤ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិនហោះឆ្ពោះមកកម្ពុជាវិញ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ៕