
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4935 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695106 នាក់
នៅថ្ងៃទី២៣ ធ្នូ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ាស្រី ស៊ីណាឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំក្នុងករណីបាញ់សម្លាប់គូដណ្តឹង២នាក់ និងបាញ់មនុស្ស ២នាក់ផ្សេងទៀតឱ្យរបួស។ ជាមួយគ្នា តុលាការក៏សម្រេចឲ្យឧក្រិដ្ឋជនស្រី ស៊ីណាសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ៗចំនួន ១លានដុល្លារ និងអ្នករបួសម្នាក់ចំនួន ២០ម៉ឺនដុល្លារ និងម្នាក់ទៀតចំនួន ៣០ម៉ឺនដុល្លារ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ធ្នូបង្ហាញថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ាស្រី ស៊ីណាក្នុងសំណុំរឿងចំនួន ៣ គឺបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងការរំលោភលើលំនៅឋានក្នុងកម្រិតអតិបរមានៃទោសដែលមិនត្រូវបានស្រូបបញ្ចូលគ្នាឡើយ។អ្នកស្រីស៊ិន សុខគីម ម្តាយជនរងគ្រោះដែលត្រូវអតីតឧកញ៉ាបាញ់សម្លាប់គាំទ្រ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ។ តែអ្នកស្រីក៏បានប្រាប់វិទ្យបារាំងថា បើឧកញ៉ាស្រី ស៊ីណានៅបន្តប្តឹងជំទាស់ទៅឧទ្ធរណ៍ អ្នកស្រីនឹងប្តឹងទាមទារសំណង និងកម្រិតទោសឲ្យធ្ងន់ធ្ងរជាងនេះ។
គួររម្លឹកថា អតីតឧកញ៉ាស្រី ស៊ីណាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ មិថុនា បន្ទាប់ពីបានព្យាយាមរត់គេចពីកន្លែងប្រព្រឹត្តអំពើឃាតកម្មបាញ់សម្លាប់គូដណ្តឹង ២នាក់ គឺលោកឡុង លីសុង អាយុ២៧ឆ្នាំ និងកញ្ញាឃិន កញ្ចនា អាយុ២៦ឆ្នាំ ខណៈមនុស្ស ២នាក់ផ្សេងទៀតរងរបួសនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សាលក្រមនេះត្រូវបានលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធមិវាយតម្លៃខ្ពស់ដោយបញ្ជាក់តាមហ្វេសប៊ុកថា៖សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាដោយផ្ទាល់ឱ្យខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីយុត្តិធម៌ ត្រូវតាមដានការអនុវត្តច្បាប់លើករណីនេះ ពិសេស គឺ ធានាបានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែ ត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់ការជួយឧបត្ថម្ភដល់អ្នករងគ្រោះក្នុងហេតុការណ៍ឃាតកម្មដ៏សាហាវនេះទេ ថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនឱ្យជួយការពាររឿងក្តីនេះ ដោយយកចិត្តទុកដាក់ជាទីបំផុតទៀតផង។
លោករដ្ឋមន្ត្រីនិយាយថាខ្ញុំសូមសម្តែងនូវការអរគុណ និង ការកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាន់ខ្ជាប់នូវគោលជំហរនៃការអនុវត្តច្បាប់ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះទាំងឡាយនៅក្នុងករណីឃាតកម្មនេះ។សម្រាប់ខ្ញុំ, នេះ អាចចាត់ជាប្រវត្តិសាស្ត្រមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។ ខ្ញុំគិតថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖
(ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែ ភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។ ជាការពិត, សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។
ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុង ពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង។ក្នុងនាមជារដ្ឋមន្ត្រីយុត្តិធម៌ ដែលទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី លើរឿងនេះតាំងពីដំណាក់កាលដំបូង, ខ្ញុំនឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែ នឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេស គឺ អ្វីដែលខ្ញុំបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។ ខ្ញុំក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ។