វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8514 នាក់
ម្សិលមិញ 3974 នាក់
សរុប 15884040 នាក់
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅទីតាំងទី៣ (campus 3) ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវា ថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបង្កើត របបសន្ដិសុខសង្គម ប.ស.ស គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្ដ្រីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថ្លៃ សម្រាកព្យាបាលថ្លៃនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាល។ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យមានប.ស.ស អ្នកក្នុងបន្ទុក ។ហើយឥឡូវនេះខ្ញ៉ំឲ្យសិក្សាមើលពីលទ្ធភាពឲ្យមានកញ្ចប់សំរាប់គ្រួសារតែម្តង ដើម្បីប្រើប័ណ្ណប.ស.ស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និង សេចក្តីថ្លៃថ្នូរ ដោយ ប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌ ដោយត្រូវធានាថាគ្មានអ្នកជំងឺ ណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួលបានសេវាថែទាំព្យាបាល រាជរដ្ឋាភិបាលបានពង្រីកបន្ថែមការគ្របដណ្តប់កម្មវិធីមូលនិធិសមធម៌ សុខាភិបាលដល់ពលរដ្ឋក្នុងគ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព (បសស) ព្រមទាំងបានពង្រីកវិសាលភាពជាបន្តបន្ទាប់ដល់បុគ្គលិក ក្នុងវិស័យសាធារណៈ បុគ្គលិកស្វ័យនិយោជ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជន ឈរលើគោលការណ៍ស្ម័គ្រចិត្ត និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ជូនប្រជាជនគោលដៅ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលរាល់នីតិកាលតែងតែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថ ដែលជាមុខព្រួញមួយក្នុងការធានាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់លើផ្នែកផ្គត់ផ្គង់ឱសថនេះ ជាពិសេសត្រូវធានាគុណភាព បរិមាណ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋ ខណៈរយៈពេលច្រើនខែមកនេះ ក្រសួងសុខាភិបាលអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានជាច្រើនផងដែរ។
សម្ដេចថ្លែងថា ថ្នាំសង្កូវ ក៏ជាមុខព្រួញមួយក្នុងការធានានិងបង្កើនសុខភាពជូនប្រជាពលរដ្ឋដែរ ដែលប៉ុន្មានអាណត្តិនេះ រាជរដ្ឋាភិបាលបានបង្កើនការជំរុញវិនិយោគច្រើនទៅលើផ្នែកផ្គត់ផ្គង់ថ្នាំ ហើយក្នុងអាណត្តិទី៧នេះ សម្ដេចបានប្រាប់ទៅរដ្ឋមន្ត្រីសុខភិបាល លោក ឈាង រ៉ា តាំងពីដើមទី (ដើមអាណត្តិ) គឺត្រូវធានាតាមគុណភាព តម្លៃសមរម្យ ហើយត្រូវធ្វើម៉េចលើកកម្ពស់គុណភាពនិងបរិមាណ។
សម្ដេចបានបន្តថា ជាមួយគ្នានោះ ក្រសួងសុខាភិបាលក៏បានអនុវត្តនូវការផ្ដល់ថ្នាំដល់ប្រជាពលរដ្ឋ បង្កើនពី៥ថ្ងៃ ទៅកន្លះ ឬមួយខែ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីមកបើកថ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យក្រសួងសុខាភិបាល ត្រូវបន្តពង្រឹងកម្មវិធីសិក្សា បំផុសឱ្យនិស្សិត និងអ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ឱ្យអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈ ស្វ័យសិក្សា និង ការសិក្សា ស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយ សក្ដានុពល និង ផលិតភាព ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ការទាញ យកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល ដែលជាការរួមចំណែកដល់ការកសាងម៉ូឌែល កំណើនថ្មីនៅកម្ពុជា ដោយផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សូមបញ្ជាក់ថាគម្រោងនេះសាងសង់អគារចំនួន ៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដី និងមានទំហំផ្ទៃអគារសរុបចំនួន ២៧ ០៧៩,០៦ ម៉ែត្រ ការ៉េ ដែលមានរយៈពេលសាងសង់២៨ខែ លើផ្ទៃដីសរុប ជាង២ម៉ឺនម៉ែត្រការ៉េ ដោយមានទំហំដីសម្រាប់សង់អគារជិត ៥ពាន់ម៉ែត្រការ៉េ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា “អគារមន្ទីរពេទ្យសាកលវិទ្យាល័យនេះបែងចែកទៅតាមមុខងារ ដោយជាន់ក្រោមដី ឃ្លាំងកណ្តាល បន្ទប់រក្សាសាកសព ផ្នែកអគ្គីសនី ទឹកនិងមេកានិច ផ្នែកអនាម័យ បោកគក់ និង សម្លាប់មេរោគ ផ្នែកជួសជុលថែទាំសម្ភារៈបរិក្ខារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសំរាកពេទ្យ និងអាហារដ្ឋានសម្រាប់បុគ្គលិក។ ជាន់ផ្ទាល់ដី ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅចំនួន៣២បន្ទប់ ផ្នែកសង្គ្រោះបន្ទាន់ចំនួន២២គ្រែ ផ្នែកឱសថស្ថានសម្រាប់ជំងឺក្រៅ និងកន្លែងទទួលភ្ញៀវ ។ជាន់ទី១ផ្នែកកោសិកាកាយវិភាគវិទ្យា មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ផ្នែកពិនិត្យអង់ដូស្កុប ផ្នែកពិគ្រោះជំងឺក្រៅចំនួន២៣បន្ទប់ កៅអីពិនិត្យធ្មេញចំនួន៥កៅអី ផ្នែកលាងឈាម មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបន្ត មាន៤បន្ទប់។
ជាន់ទី២ ផ្នែកប្រពោធនកម្ម (ICU) ចំនួន១៥គ្រែ ផ្នែកសល្យសាស្ត្រដែលមានបន្ទប់វះកាត់ធម្មតា ចំនួន៥បន្ទប់ បន្ទប់វះកាត់សិបទិកចំនួន១បន្ទប់ បន្ទប់សិក្សាវះកាត់ផ្ទាល់ចំនួន១បន្ទប់។ ជាន់ទី៣ ផ្នែកសម្ភពនិងរោគស្ត្រីចំនួន២២គ្រែ ផ្នែកទារកចំនួន១០គ្រែ ផ្នែកប្រពោធនកម្មទារកចំនួន១០គ្រែ ផ្នែកស្តារនីតិសម្បទាជាន់ទី៤ មជ្ឈមណ្ឌលទិន្នន័យ ផ្នែកអប់រំនិងស្រាវជ្រាវ ផ្នែករក្សាព័ត៌មានអ្នកជំងឺ និង ការិយាល័យ រដ្ឋបាល និងផ្នែកសម្រាប់ជំងឺត្រូវនៅដោយឡែក ប្រើបន្ទប់សម្ពាធ អវិជ្ជមានចំនួន៥គ្រែ ជាន់ទី៥ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧០គ្រែ (ក្នុងនោះមាន ២០គ្រែសម្រាប់ជំងឺកុមារ) ជាន់ទី៦ ផ្នែកអ្នកជំងឺសម្រាកពេទ្យមានចំនួនសរុប៧៣គ្រែ (ក្នុងនោះមាន ៦គ្រែសម្រាប់មជ្ឈមណ្ឌលដាច់សសៃឈាមក្នុងខួរក្បាល) “។
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េដែលជួយលុយបានថ្លែងថា "គម្រោងនេះគ្រោងបញ្ចប់ នូវឆ្នាំ២០២៧ "។ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ បានបន្តថា "ដើម្បីបន្ត នៃការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នឹងបន្តជួយកម្ពុជាបន្តទៀត "។ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា "កម្ពុជាជាប្រទេស ដៃគូរអភិវឌ្ឍធំជាងគេទី៣របស់សាធារណរដ្ឋកូរ៉េ"៕