
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 538 នាក់
ម្សិលមិញ 10159 នាក់
សរុប 20299458 នាក់
ភ្នំពេញ៖សភាសហគម្ន៍អឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជាបន្ទាប់ពីបានដក២០ភាគរយកាលពីឆ្នាំ២០២០ និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។
សេចក្តីសម្រេច ដែលមាន៩ចំណុច របស់សភាអឺរ៉ុបនេះ អំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកអឺរ៉ុប វាយតម្លៃកែប្រែលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលនៃប្រទេសនេះមិនបានផ្តល់កិច្ចសហប្រតិបត្តិការដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។តាមរយៈសេចក្តីសម្រេចនេះសភាអឺរ៉ុប ក៏ជំរុញឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមនុស្សទាំងឡាយណាដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។
សភាអឺរ៉ុប ថ្កោលទោសការកាន់តែរួមតូចទៅៗនៃលម្ហសង្គមស៊ីវិលនៅកម្ពុជា និងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដ៏ទៃទៀតទាំងអស់ដែលត្រូវបានចោទប្រកាន់ក្រោមបទចោទដែលមានចរិតនយោបាយ។ប៉ុន្តែការសម្រេចរបស់សភាសហគមន៍អឺរ៉ុបមិនបានធ្វើឲ្យអាជ្ញាធរកម្ពុជាព្រឺរោមទេ។ គេនៅចាំបានថាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺថា «EBA វាគង់តែបាត់ ១០០ភាគរយ ក្នុងពេលខាងមុខ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬ២០២៧ ព្រោះប្រទេសរបស់យើង គឺជាប្រទេសមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា ។បន្តិចទៀតកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច អីចឹងរកស៉ីត្រូវតែបង់ពន្ធឲ្យគេទៅវិញទៅមក អា២០ភាគរយដែលបាត់នេះ វាគ្មានប៉ះពាល់អី យើងនៅតែនាំចេញ អង្ករក៏ដូចជាគ្នា អង្ករអ៉ីតាលី អេស្ប៉ាញ លក់មិនដាក់ ក៏នាំគ្នាដាក់ឲ្យអង្ករកម្ពុជា និងអង្ករមីយ៉ាន់ម៉ា ត្រូវតែបង់ពន្ធ អីចឹងយើងក៏បង់ពន្ធ ពេលមិនទាន់បង់ពន្ធក៏យើងនាំចេញបាន ដល់ពេលគេឲ្យបង់ពន្ធយើងក៏នាំចូលបាន គ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ អីចឹងទេយើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនៅសហគមន៍អឺរ៉ុប សម្តេចបានហាមដល់រដ្ឋមន្ត្រីទាំងអស់ កុំហារមាត់សុំត្រឡប់មកវិញ នូវការអនុគ្រោះពន្ធដែលបាត់ចំនួន២០ភាគរយនោះ។ ការធ្វើបែបនេះ សម្តេចចង់ដឹងពីភាពធន់របស់កម្ពុជា ក្នុងកម្រិតណា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង កុំឲ្យចាំតែអុកស៉ីសែនពីគេដកដង្ហើម។
ម៉ាបាវផងដែរទាក់ទងបញ្ហានេះលោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយចំពោះស្ថានភាពនេះ ហើយលោកជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកដែនអធិបតេយ្យរបស់ខ្លួនទៅដោះដូរជាមួយនឹងប្រព័ន្ធអនុពន្ធEBAរបស់អឺរ៉ុបឡើយ។លោក យឿន យឿត បានលើកឡើងថា កាលពីពេលរំដោះខ្លួនចេញពីរបបប៉ុល ពត ប្រទេសកម្ពុជា ត្រូវបានហ៊ុមព័ន្ធដោយទណ្ឌកម្មសេដ្ឋកិច្ចគ្រប់ទិស ប៉ុន្តែ រដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែអាចជម្នះបាន។ ចុះទម្រាំនៅពេលបច្ចុប្បន្ននេះ ហេតុអ្វីត្រូវភ័យខ្លាចនឹងរឿងនេះ។
អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយរូបនេះ បានអះអាងថា៖«នៅពេលនេះ យើងអាចរស់បានដោយកម្លាំងខ្លួនឯង រាជរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ឬក៏បានគិតគូរពីបញ្ហានេះច្រើនឆ្នាំមកហើយក្នុងការចាក់គ្រឹះសេដ្ឋកិច្ចជាតិ ពីព្រោះថា រាជរដ្ឋាភិបាលដឹងច្បាស់ណាស់ថា ប្រព័ន្ធអនុគ្រោះពន្ធ នឹងត្រូវបាត់បង់ស្វ័យប្រវត្តិក្នុងពេលណាមួយ ដោយសារកម្ពុជាយើងបានចាកចេញពីស្ថានភាពជាប្រទេសក្រីក្រហើយនឹងទទួលបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រៀមខ្លួនទទួលយកនូវប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
លោក យឿន យឿត បានអះអាងថា ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា មិនបាននៅស្ងៀមនោះទេ ពោល គឺរាជរដ្ឋាភិបាល បានត្រៀម និងគិតគូររួចជាស្រេចហើយ។ ទី១. គឺរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកទីផ្សារនាំចេញទំនិញ និងការវិនិយោគក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កម្ពុជា បានចាប់ផ្តើមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង រួមទាំងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលមានសមាជិកសរុប១៥ប្រទេស។
ទី២. គឺការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាដៃគូទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាបន្តកើនឡើងជាលំដាប់ ខណៈកម្ពុជាបានត្រៀមខ្លួនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ចក្រភពអង់គ្លេស អារ៉ាប៊ី សាអូឌីត និងក្រុមប្រទេសអូប៉ិចក្នុងការពង្រីកការនាំចេញបន្ថែមទៀត។ ទី៣. កម្ពុជា មានផែនការពង្រឹង និងពង្រីកធុរកិច្ច និងមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមាជិកអាស៊ានទាំង១០ប្រទេស រួមទាំងប្រទេសធំជាច្រើនទៀត ដូចជា អូស្ត្រាលី ជប៉ុន និងនូវែល សេឡង់ជាដើម។
ទាក់ទងនិងការត្រៀមបាត់បង់ប្រពន្ធអនុគ្រោះពន្ធេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានប្រាប់វិស័យឯកជន ត្រៀមខ្លួនទាញយកអត្ថបទប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+(Generalised Scheme of Preferences Plus) បន្ទាប់ពីកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៩។លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលមានន័យថា កម្ពុជានឹងអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
លោកស្រីបានគូសបញ្ជាក់ថា នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នោះភាពអនុគ្រោះពន្ធនានា ដែលកម្ពុជាទទួលបានដូចជា EBA និង GSP ជាដើម នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដូចច្នេះហើយវិស័យឯកជនត្រូវត្រៀមខ្លួន ទាញយកប្រព័ន្ធអនុគ្រោះពន្ធ GSP+ ជាពិសេសពីសហគមន៍អឺរ៉ុប។លោកស្រីបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងមាន GSP ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលយើងទទួលបានពីអឺរ៉ុប។ ដូច្នេះហើយនៅពេលដែលចាកចេញពីប្រទេសក្រីក្រ ទៅជាប្រទេសអ្នកមាន គេនឹងបន្ថយ ប៉ុន្តែមិនបន្ថយភ្លាមនោះទេ គេនឹងទុកពេលឱ្យយើង៣ឆ្នាំ បើសិនជាយើងឆ្លងកាត់បាននៅឆ្នាំ២០២៩ បីឆ្នាំក្រោយបានគេផ្តាច់ក្នុងកម្រិតណាមួយ។ បន្ទាប់មកបានគេចូលទៅក្នុងប្រព័ន្ធមួយទៀត ដែលគេហៅថា GSP+ ប៉ុន្តែប្រព័ន្ធមួយនេះ តឹងជាង GSP ធម្មតា។ អ៊ីចឹងវិស័យឯកជនត្រូវត្រៀមខ្លួន ដើម្បីធ្វើម៉េចអាចទាញយកប្រព័ន្ធនេះ មកប្រើប្រាស់បាន ទាំងវិស័យឯកជន និងវិស័យរដ្ឋ ព្រោះមានកិច្ចព្រមព្រៀងប្រហែលចំនួន ២៧ ដែលយើងត្រូវចុះហត្ថាលេខាអនុម័តឯកភាព នៅក្នុងការប្រើប្រាស់ប្រព័ន្ធ GSP+ នេះបានជាពិសេសពីសហគមន៍អឺរ៉ុប»។
ប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហគមន៍អឺរ៉ុប ត្រូវបានផ្តល់ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាការលើកទឹកចិត្តពិសេស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់ពួកគេដោយចីរភាព និងអភិបាលកិច្ចល្អ។ ប្រទេសដែលអាចទទួលបានប្រព័ន្ធអនុគ្រោះនេះ នឹងត្រូវអនុវត្តនូវកិច្ចព្រមព្រៀងចំនួន២៧ ដែលរួមមានការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងមានអភិបាលកិច្ចលល្អជាដើម។ បច្ចុប្បន្ននេះ ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ មានដូចជា បូលីវី កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កាជាដើម។
ទោះបីយ៉ាងណាកាលពីពេលសហគមន៍អឺរ៉ុបកាត់ចេញភាពអនុគ្រោះពន្ធ២០ភាគរយអ្នកសង្កេតការណ៍និងអ្នកសេដ្ឋកិច្ចឯករាជ្យមួយចំនួនគ៨បានធ្វើវិភាគនិងវាយតម្លៃថាប្រសិនបើករណីនេះកើតឡើងមែនចំពោះប្រទេសកម្ពុជា ដូចការព្រមានឬក៏ការជូនដំណឹងរបស់សហភាពអឺរ៉ុបនោះ គឺពលរដ្ឋកម្ពុជាប្រមាណជាជាពីរលាននាក់ អាចនឹងរងផលប៉ះពាល ជាពិសេស គឺកម្មករកម្មការិនីដែលមានកម្លាំងពលកម្មកំពុងប្រព្រឹត្តការងារនៅរោងចក្រនានានៅកម្ពុជាប្រមាណជាជាង៨០ម៉ឺននាក់អាចនឹងប្រឈមមុខមុនគេ។ក្រោយមកទៀតអាចប៉ះពាល់ក្រុមគ្រួសារសហគមន៍និងការប្រកបមុខរបរទទួលទានរបស់ពលរដ្ឋក្រីក្រមួយចំនួន ដែលទទួលបានផលប្រយោជន៍នៃវិស័យវាយនភ័ណ្ឌនៅកម្ពុជា ។
បើផ្អែកលើរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE កម្ពុជាកាលពីខែកុម្ភៈឆ្នៗ០២០បានវាយតម្លៃថា ការដក EBA អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទីតាំងរោងចក្រពីកម្ពុជាទៅប្រទេសផ្សេងៗ ឬអាចនឹងកាត់បន្ថយការវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ដែលវានឹងអាចប៉ះពាល់ដល់វិស័យអចលនទ្រព្យ ២ ករណី។ចំពោះករណីប៉ះពាល់ស្រាល ការធ្លាក់ចុះនៃការវិនិយោគថ្មីៗ ឬការផ្លាស់ប្តូរទីតាំងរោងចក្រចេញពីប្រទេសកម្ពុជា គឺធ្វើឱ្យតម្លៃទិញឬជួលដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្មធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្លៃនេះ គឺបណ្ដាលមកពី ការផ្គត់ផ្គង់លើស តម្រូវការ ដែលជាហេតុធ្វើឱ្យមានដីនៅទំនេរច្រើន។
សម្រាប់ករណីដែលធ្ងន់ធ្ងរ ការដក EBA ទាំងស្រុងអាចបណ្តាលឱ្យមានការក្ស័យធន ឬភាពគ្មានការងារធ្វើជាច្រើន។ ការដក EBA អាចនឹងបង្កើតហានិភ័យធ្ងន់ដល់វិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ដែលជៀសមិនផុតនឹងប៉ះពាល់ដល់វិស័យអចលទ្រព្យ។នៅពេលមនុស្សគ្មានការងារធ្វើ វានឹងកាត់បន្ថយការចំណាយលើផ្នែកសេវាកម្មផ្សេងៗ ជាពិសេសលើផ្នែកលក់រាយ ដែលនឹងជះឥទ្ធិពលអវិជ្ជមានផលទីផ្សារអចលទ្រព្យប្រភេទ Retail។ លើសពីនេះ ការដែលប្រជាជនគ្មានការងារធ្វើ វាក៏អាចនឹងប៉ះពាល់ដល់ការខ្ចីប្រាក់សម្រាប់ទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានផងដែរ។
សម្រាប់អ្នកវិភាគអចលនទ្រព្យក្នុងស្រុក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Key Estate លោក សន សៀប ក៏បានសំដែងការព្រួយបារម្ភចំពោះហានិភ័យចំពោះវិស័យអចលនទ្រព្យ ដែលបណ្តាលមកពីការដក EBA ផងដែរ ។លោកថា៖ «នៅដំណាក់កាលនេះ ខ្ញុំមិនអាចព្យាករណ៍ជាក់លាក់បានទេ ថាការដក EBA នឹងប៉ះពាល់វិស័យអចលនទ្រព្យដូម្ដេច។ ប៉ុន្តែ បើការដក EBA ប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល វិស័យអចលនទ្រព្យក៏នឹងប៉ះពាល់ផងដែរ»។ព្រោះថាបើទីផ្សារប្រកួតប្រជែងហើយអ្នករកស៊ីបានចំណេញតិចគ្មានទីផ្សារគេនឹងមិនមកវិនិយោគរកស៊ីទៀតឡើយ។
សូមបញ្ជាក់ថាសហភាពអឺរ៉ុប បានបង្កើតប្រព័ន្ធអនុគ្រោះពន្ធនេះឡើងក្នុងឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅលើពិភពលោក នូវការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវដែលធ្វើឲ្យ កម្ពុជាចំណេញពីការមិនចាំបាច់បង់ពន្ធក្នុងតម្លៃរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
តាមរបាយការណ៍វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម ដែលបានបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០៤ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ទំហំទឹកប្រាក់នាំចេញទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង ៤ពាន់ដុល្លារអាមេរិក។
របាយការណ៍នេះដដែល បានបញ្ជាក់ថា សភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ថ្នាក់ទី៤ របស់កម្ពុជា តែជាគោលដៅនាំចេញទំនិញកម្ពុជាចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងនោះប្រទេសដែលជាដៃគូសំខាន់របស់កម្ពុជាក្នុងសហភាពអឺរ៉ុបមាន៖ ១.អាល្លឺម៉ង់ មានទឹកប្រាក់ ១,២៤ប៊ីលានដុល្លារ។ ២.បែលហ្សិក ៧៣១,៧១លានដុល្លារ ទី៣ហូឡង់ ៥៩៦,៧១លានដុល្លារ។ ទី៤ បារាំង ៥៤២,៣៦លានដុល្លារ និងអេស្ប៉ាញ ៥០៣,៧៧លានដុល្លារ។
. .
មុខទំនិញសំខាន់ៗដែលកម្ពុជា នាំចេញទៅទីផ្សារអឺរ៉ុបមាន៖ សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ(HS Code 61) ទំហំទឹកប្រាក់ ១,៩៦ប៊ីលានដុល្លារ។ សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ(HS Code 62) ទំហំទឹកប្រាក់ ៦៨៥លានដុល្លារ។ស្រោមជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៤៨៩លានដុល្លារ។ យាន ក្រៅពីអយស្ម័យយាន ឬអយរថអគ្គីសនី ៤៥២លានដុល្លារ។ និងវត្ថុធ្វើស្បែក៖ គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ ១៥៣លានដុល្លារអាមេរិក។តម្លៃពាណិជ្ជកម្មទេ្វរភាគីសរុបឆ្នាំ ២០២២ មានចំនួន ៤៨៥៧លានដុល្លារអាមេរិក តួលេខនេះកើនឡើង ១៥,៩៧% ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤១៨៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕