
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4612 នាក់
ម្សិលមិញ 4183 នាក់
សរុប 17853202 នាក់
ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ជោគជ័យក្នុងការអនុវត្តនៅបង់ក្លាដែស ទៅមិនរួចទេព្រោះរាជរដ្ឋាភិបាលបានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិបត្តពណ៌ ហើយត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ។
នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយមានបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ចូលរួម។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់ថា អស់រយៈពេលជាច្រើនទសវត្សរ៍ បណ្ដាប្រទេសដែលអះអាងថាជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រខ្មែរក្រហមក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្ដេច ក្រោយដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។
សម្ដេចតេជោបានបន្តថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់ ជាក់ស្ដែងបដិវត្តពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។កាលយប់ថ្ងៃទី២១ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោបាមឲ្យដឹងថាសម្តេចក៏បានលើកពីបទពិសោធន៍ថា បដិវត្តន៍គេអាចធ្វើបាន តួយាងថ្មីៗនេះ គឺបានធ្វើនៅប្រទេសបង់ក្លាដែស ហើយក៏ចង់មកបំផ្លាញនៅកម្ពុជាទៀត ក៏ប៉ុន្តែនៅប្រទេសនេះ យើងខ្ញុំបានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិបត្តពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ មិនផ្ដួលរំលំរដ្ឋាភិបាលតាមបែបរដ្ឋប្រហារនោះទេ ក៏ប៉ុន្តែពួកគេចង់ធ្វើបដិវត្តពណ៌ជំនួសវិញតាមរយៈប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ វិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល។
សម្ដេចបានបន្តទៀតថា សម្រាប់កម្ពុជា អព្យាក្រឹតអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តក៏មិនអាចធ្វើអ្វីបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ពីព្រោះមិនដូច្នោះឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្ដងទៀត ដូច្នេះយើងមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តពណ៌នោះទេ។ក្នុងនាមប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែនបានរំលឹក
ថា «ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេស ដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឲ្យសាងកំហុសលើកទី៣ មកលើកម្ពុជា, លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេ គឺទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឲ្យរបបនេះ កាន់កាប់អសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ»។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានរំលឹកថា «ខ្ញុំបានប្រាប់ទៅអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) យ៉ាងច្បាស់ៗថា ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមនេះបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ ត្រូវចងចាំថាការរួមចំណែករបស់ បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្តី ឬរហូតដល់អង្គការសហប្រជាជាតិក្តី កុំភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួន»។ ការប្រើយន្តការអន្តរជាតិ ដោយមិនគិតពីភាពជាម្ចាស់នៃប្រទេសដែលមានបញ្ហា គឺមិនអាចសម្រេចការផ្សះផ្សា ឬរកសុខសន្តិភាពបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សន្តិភាពក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្សះផ្សាផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហម ទៅក្នុងសង្គមជាតិ ដោយផ្តោតសំខាន់ទៅលើសុខដុមមនុស្សជាតិ ជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហមដោយបានដាក់ចេញនូវគោលការណ៍នយោបាយចំនួន៣ គឺទី១៖ ការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ។ សមាសភាពទាំង៣នេះ គឺជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យសម្តេចមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបានទាំងស្រុង ដោយសន្តិវិធីដោយបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន ក៏លើកពីជំហរថា ចំពោះចក្ខុវិស័យរបស់សម្ដេច លើសន្ដិភាពនៅក្នុងតំបន់ និងសាកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំ លើការថែរក្សាឲ្យបាន នូវសណ្ដាប់ធ្នាប់អន្ដរជាតិ ដោយផ្អែកលើបទដ្ឋាន ដែលទទួលស្គាល់ជាសាកល។ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដែលផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក, ការជឿទុកចិត្ដគ្នាទៅវិញទៅមក, ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឲ្យបានថា សាមគ្គីភាពអន្ដរជាតិ ភាពសុខដមរមនា និងសន្ដិសហវិជ្ជមាន រវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្ដិភាពនោះទេ យើងត្រូវខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួម ជាចំណុចចាប់ផ្ដើម មុននឹងឈានចូលដល់តុចរាចារ ក្នុងគោលបំណងបង្រួបភាពខុសគ្នារបស់យើង, បន្ធូរបន្ថយភាពតាងតឹង និងដោះស្រាយ ជំនួសដោយសន្ដិវិធី។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា ត្រូវបំពេញនូវស្តង់ដារ ប៉ុន្តែអ្វីទៅជាស្តង់ដារ នៅលើលោកិយ៍នេះ ស្តង់ដារមានតែនៅកីឡាតែប៉ុណ្ណោះ គ្មានទេនៅក្នុងនយោបាយ ហើយក៏គ្មានទេនៅក្នុងទិដ្ឋភាពផ្សេងៗ មានតែកីឡាមួយគត់ដែលមានស្តង់ដារពិតប្រាកដ ប៉ុន្តែនយោបាយគ្មានស្តង់ដារនោះទេ ពីប្រទេសមួយទៅប្រទេសមួយ មានរបៀបគ្រប់គ្រងខុសៗគ្នា។
សូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង។
លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បានមានប្រសាសន៍ចាត់ទុក សម្តេចតេជោ ហ៊ុន សែន គឺជាគំរូសន្តិភាពរបស់ពិភពលោក ហើយបទពិសោធន៍កសាង និងរក្សានូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោកមកសិក្សាស្វែងយល់ និងដកបទពិសោធន៍។
ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងគ្រានេះ លោក Andrés Pastrana បានសម្តែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែផ្តល់កិត្តិយសនិងពេលវេលាដ៏មានតម្លៃទទួលជួបលោក និងគណៈប្រតិភូគ្រប់ពេលដែល មកចូលរួមប្រជុំនិងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។
ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បានរម្លឹកពីប្រវត្តិជូរចត់ដូចគ្នារវាងកូឡុំប៊ីនិងកម្ពុជា ដែលបានរងគ្រោះដោយសារសង្គ្រាម និងការបែកបាក់ ជាពិសេសក្នុងអំឡុងពេលនៃការបះបោរ របស់ពួកជ្រុលនិយម Marxist Guerilla ដែលមានរយៈពេលជាង៥០ឆ្នាំមុន។
ទន្ទឹមគ្នានេះ ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC បានសម្ដែងការពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេចតេជោនៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចបានលើកឡើងថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោកគឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះដែលគេប្រើស្តង់ដាររួមមួយ»។
លោក សួស យ៉ារ៉ា ប្រធានក្រុមការងារ ICAPP-ACC កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានថ្លែងប្រាប់សារព័ត៌មាន ថា គណៈប្រតិភូដែលចូលរួមមានចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន៩៩រូប និងប្រតិភូកម្ពុជាចំនួន៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ្វ៊ុនស៊ិច មានចំនួន ១៨រូប)។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២ គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន ៥១ មកពីអាស៊ី , គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្សនយោបាយចំនួន ៧ មកពីអាម៉េរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺតំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) ។ ហើយមាន ៤៥ប្រទេសចូលរួម។ពិធីបើកមហាសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។