
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1742 នាក់
ម្សិលមិញ 10668 នាក់
សរុប 20283757 នាក់
ប្រទេសតៃវ៉ានៈព្យុះទីហ្វុង Kong-rey ដ៏មានឥទ្ធិពល បានបោកបក់លើឆ្នេរភាគខាតកើត នៃកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ បណ្តាលឲ្យស្មាប់ម្នាក់និងរបួសជាង៣០នាក់នាំឱ្យមានការផ្អាកដំណើរការមួយថ្ងៃ នៅទូទាំងក្រុង-ស្រុក ដូចជាផ្សារហិរញ្ញវត្ថុ រួមទាំងជើងហោះហើររាប់រយ ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអ្នកព្យាករអាកាសធាតុ លោក Gene Huang បន្ទាប់ពីបោកបក់លើឆ្នេរភាគខាងកើត ព្យុះនេះនឹងឆ្ពោះទៅកាន់ ច្រកសមុទ្រតៃវ៉ាន់ ដោយចុះខ្សោយកម្លាំង។ មានការព្រមាន ពីខ្យល់បក់កម្រិតលើសពី ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងស្រុកភាគខាងកើតនៃទីក្រុង Taitung និងកោះ Lanyu មានខ្យល់បក់លើសពី ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ទាហានចំនួន ៣៦,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈដែលមនុស្ស ១,៣០០នាក់ត្រូវបានជម្លៀស ចេញពីតំបន់ដែលមានហានិភ័យខ្ពស់។
សូមបញ្ជាក់ថាមុនមានករណីយ៍ខ្យលព្យុះក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី២៧តុលា គេបានចាប់រលកសញ្ញាដឹងថាមានយន្តហោះចម្បាំងនិងដ្រូនវាយប្រហាររបស់ចិន ចំនួនយ៉ាងហោច១៩គ្រឿង ដែលបានហោះចូលក្រវែលចុះឡើង ក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេលចំនួន៤ម៉ោង។ ប្រភពដដែលនេះអះអាងថា វាជាប្រតិបត្តិការត្រៀមប្រយុទ្ធ ដែលកងទ័ពចិនបានធ្វើដោយមានការចូលរួមផងដែរ ពីនាវាចម្បាំងជាច្រើនគ្រឿង។
ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងផងដែរថា ភាគីគេបានត្រៀមខ្លួនយ៉ាងប្រុងប្រយ័ត្ន តាមដានស្ថានការណ៍នេះ ដោយប្រើប្រាស់ ប្រព័ន្ធប្រមូលព័ត៌មាន ក្តាប់ទិន្នន័យ និងបានត្រៀមយន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធមីស៊ីល រងចាំបើកប្រតិបត្តិការឆ្លើយតប ក្នុងករណីចាំបាច់។គួរកត់សំគាល់ថា នេះគឺជាលើកទី៣ហើយ ក្នុងខែតុលានេះ ដែលកងទ័ពចិនបានបើកប្រតិបត្តិការ ទាំងផ្លូវទឹកនិងផ្លូវអាកាស គំរាមឡោមព័ទ្ធកោះតៃវ៉ាន់។ ប្រតិបត្តិការចុងក្រោយនេះ គឺជាប្រតិកម្មរបស់ចិន ឆ្លើយតបទៅនឹងដំណឹងដែលថា សហរដ្ឋអាមេរិក បានសម្រេចលក់ប្រព័ន្ធមីស៊ីលទំនើបថ្មីមួយទៅឲ្យតៃវ៉ាន់។ ក្រសួងការបរទេសចិន បានលើកឡើងថា ទង្វើរបស់សហរដ្ឋអាមេរិកដែលលក់អាវុធទៅឲ្យតៃវ៉ាន់ វាគឺជាការបំផ្លាញដ៏ធ្ងន់ធ្ងរមកលើទំនាក់ទំនងរវាងចិននិងអាមេរិក ហើយវានឹងរុញច្រានស្ថិរភាពសន្តិភាពតំបន់ ឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។
កាលពីថ្ងៃសៅរ៍ ២៦តុលា ផ្អែកតាមទីភ្នាក់ងារអាមេរិកទទួលបន្ទុកលក់គ្រឿងសព្វាវុធទៅឲ្យបរទេស គឺ វ៉ាស៊ីនតោនបានយល់ព្រមលក់ទៅឲ្យតៃវ៉ាន់ នូវប្រព័ន្ធមីស៊ីលទំនើបបាញ់ពីដីទៅអាកាស NASAMS និងគ្រាប់មីស៊ីល១២៣គ្រាប់ ដែលមានតម្លៃទឹកប្រាក់សរុបចំនួន ១,១៦ពាន់លានដុល្លារ។ កិច្ចសន្យាលក់នេះ នឹងត្រូវបញ្ជូនទៅកាន់សភាខុសហ្ក្រេសអាមេរិកជាអ្នកសម្រេចចុងក្រោយ។ បន្ថែមពីប្រព័ន្ធមីស៊ីលនេះ គឺអាមេរិកគ្រោងលក់ប្រព័ន្ធរ៉ាដា មានតម្លៃ៨២៨លានដុល្លារ ទៅឲ្យតៃវ៉ាន់ដែរ។ ប្រព័ន្ធរ៉ាដានេះនឹងត្រូវដកយកចេញពីស្តុករបស់កងទ័ពអាកាសរបស់អាមេរិកតែម្តង ដើម្បីយកប្រគល់ទៅឲ្យតៃវ៉ាន់ឲ្យបានឆាប់បំផុត។
សូមបញ្ជាក់ថាតៃវ៉ាន់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការបិទច្រកសមុទ្រដោយយោធាដែលអាចធ្វើឡើងដោយប្រទេសចិន ខណៈដែលទីក្រុងប៉េកាំងបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដែលមានរបបគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។នៅក្នុងរបាយការណ៍ដែលបង្ហាញពីផែនការស្បៀងអាហារក្នុងសម័យសង្គ្រាមរបស់តៃវ៉ាន់ ដែលត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃអង្គារ ក្រសួងកសិកម្មបាននិយាយថា ខ្លួនបានរក្សាស្តុកអង្កររយៈពេល ៣ខែ ហើយធានាថាស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗត្រូវបានរក្សាទុកស្មើៗគ្នានៅទូទាំងកោះនេះ។
យោងតាមក្រសួងដដែល ស្តុកស្រូវបច្ចុប្បន្នអាចទ្រទ្រង់តៃវ៉ាន់បានរយៈពេលប្រាំពីរខែ ហើយសារពើភណ្ឌចំណីត្រីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការនេសាទក្នុងស្រះរយៈពេលជាងបីខែ ប្រសិនបើការនេសាទសមុទ្រមិនអាចធ្វើបាន។ រដ្ឋាភិបាលបាននិយាយថា ខ្លួនក៏កំពុងរៀបចំផែនការសម្រាប់ការបែងចែកស្រូវក្នុងអំឡុងពេលសង្គ្រាមដែរ។នៅក្នុងព្រឹត្តិការណ៍នៃការបិទច្រកសមុទ្រដោយយោធាចិន អាជ្ញាធរតៃវ៉ាន់បាននិយាយថា ពួកគេនឹងដាក់ដីស្រែចម្ការបន្ថែមទៀត ដើម្បីដាំដុះស្រូវ និងប្រើប្រាស់ស្រះបន្ថែមដើម្បីដាំដុះតាមវារីវប្បកម្ម។ ដំណាំដែលតៃវ៉ាន់ផ្តល់អាទិភាពក្នុងការដាំដុះក្នុងពេលមានសង្គ្រាមរួមមាន ដំឡូងជ្វា សណ្តែកសៀង និងបន្លែស្រស់។ ក្រសួងក៏មានគម្រោងបង្កើតក្រុមការងារមួយដើម្បីធ្វើបញ្ជីសារពើភណ្ឌប្រចាំខែនៃធនធានស្បៀងរបស់កោះដែរ។
ក្រុមមន្ត្រីមកពីក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់ ក៏បានដាក់ចេញនូវផែនការជំរុញថាមពលបម្រុង និងការផ្គត់ផ្គង់ថាមពលរបស់តៃវ៉ាន់ផងដែរ។លោក Hu Wen-chong ប្រធាននាយកដ្ឋានគ្រប់គ្រងសហគ្រាសរដ្ឋនៅក្រសួងកិច្ចការសេដ្ឋកិច្ចតៃវ៉ាន់ បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធថា រដ្ឋាភិបាលគ្រោងនឹងបង្កើតស្ថានីយ៍ទទួលឧស្ម័នធម្មជាតិចំនួនបីដើម្បីបង្កើនស្តុកសុវត្ថិភាពឧស្ម័នធម្មជាតិដល់ជាង ១៤ ថ្ងៃ។ តៃវ៉ាន់បច្ចុប្បន្នមានស្តុកគ្រប់គ្រាន់ដើម្បីរក្សាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេលប្រាំបីថ្ងៃ។
ការរក្សាការផ្គត់ផ្គង់ប្រេងរបស់តៃវ៉ាន់ គឺជាកង្វល់មួយទៀត។ តៃវ៉ាន់បាននាំចូលប្រេងជិត ៧០% ពីមជ្ឈិមបូព៌ា ដែលសមាជិកសភាមួយចំនួនបារម្ភថា អាចរងផលប៉ះពាល់ ប្រសិនបើចិនដាក់សម្ពាធលើប្រទេសក្នុងតំបន់ ឱ្យបញ្ឈប់ការនាំចេញទៅកាន់កោះតៃវ៉ាន់ អំឡុងពេលមានការបិទច្រក។ លោក Hu បាននិយាយថា កោះតៃវ៉ាន់បានធ្វើពិពិធកម្មការទិញប្រេងរបស់ខ្លួនពីប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី។
ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីថ្ងៃសុក្រថា តៃវ៉ាន់នឹងមិនបាត់ទឹកដីសូម្បីមួយចំអាមឡើយ។ លោកថ្លែងដូច្នេះស្របពេលដែលចិននៅតែបន្តដាក់សម្ពាធយោធាលើកោះនេះឱ្យទទួលយកតាមការទាមទារអធិបតេយ្យរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។លោក Lai ថ្លែងបែបនេះក្នុងពេលលោកទៅកោះ Kinmen ដែលនៅជាប់នឹងចិនដើម្បីប្រារព្វខួបទី ៧៥ នៃជ័យជម្នះលើកងកម្លាំងកុម្មុយនីស្តក្នុងសមរភូមិ Guningtou។ការថ្លែងនេះធ្វើឡើងក្រោយពីមានសកម្មភាពយោធាដ៏តានតឹងពីរសប្តាហ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលជាច្រកផ្លូវទឹកដ៏រសើបដែលខណ្ឌចែកចិននិងតៃវ៉ាន់ ដោយកងកម្លាំងនៃភាគីទាំងពីរធ្វើសមយុទ្ធដូចគ្នា។
លោក Lai បានថ្លែងដោយយោងដល់កោះនានាដែលតៃវ៉ាន់គ្រប់គ្រងថា៖ «យើងនឹងការពារមាតុភូមិរបស់យើងឱ្យបានគង់វង្សដោយមិនឱ្យបាត់ដីមួយចំអាមនៅតៃវ៉ាន់, Pengh, Kinmenនិង Matsu ឡើយ»។លោក Lai បញ្ជាក់ថា៖ «សមរភូមិ Guningtou ធ្វើឱ្យយើងយល់ថាប្រជាធិបតេយ្យនិងសេរីភាពមិនមែនជាអ្វីដែលមានស្រាប់ស្រួលៗនោះទេ តែតម្រូវឱ្យមានការខិតខំរួមគ្នាច្រើនជំនាន់ដើម្បីការពាររបស់ទាំងពីរនេះ»។លោក Lai បានទទូចថា៖ «កម្លាំងពីខាងក្រៅណាក៏ដោយ» នឹងមិនត្រូវអនុញ្ញាតឱ្យផ្លាស់ប្តូរអនាគតកោះទាំងនេះទេ។
សូមបញ្ជាក់ថាក្រៅពីការលក់អាវុធមួយសប្តាហ៍ក្រោយលំហាត់សឹកបែបប្រើនាវាចិនឡោមព័ទ្ធតៃវ៉ាន់ ប្រទេសជប៉ុននិងអាមេរិកក៏ចាប់បើកសមយុទ្ធរួម ដែលប្រព្រឹត្តទៅជាលើកទីមួយ នៅកោះយ៉ូណាគូនី ដ៏ជិតបង្កើយបំផុតនឹងកោះតៃវ៉ាន់។លំហាត់សឹកដោយបាញ់គ្រាប់ពិតរបស់ចិន មានរយៈពេល៤ម៉ោង ក្នុងទីតាំងដែលមានផ្ទៃក្រឡាប្រមាណ១៥០គីឡូម៉ែត្រការ៉េ និងតែប្រមាណមួយរយគីឡូម៉ែត្រពីឆ្នេរតៃវ៉ាន់ប៉ុណ្ណោះ។ ពោលគឺសមយុទ្ធប្រព្រឹត្តទៅនៅPingtan ដែនដីចិន ដែលស្ថិតនៅជិតតៃវ៉ាន់ជាងគេ។ បន្ទាប់មក នៅថ្ងៃពុធនេះ ចិនបានបញ្ជូននាវាផ្ទុកយន្តហោះLiaoning ឱ្យបើកក្រវែលតំបន់ច្រកសមុទ្ទតៃវ៉ាន់ ដែលជាចំណុចស្នូលនៃភាពតានតឹងតាំងពី៧០ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ ដោយបញ្ជាក់ថាតៃវ៉ាន់កំពុងតាមដានស្ថានការណ៍ដោយល្អិនល្អន់បំផុត។
នាវាផ្ទុកយន្តហោះLiaoning ដ៏ចំណាស់បំផុតរបស់ចិន ក៏បានធ្វើដំណើរ ទៅដល់តំបន់ដែនទឹក ប៉ែកខាងកើតតៃវ៉ាន់ ដែលកៀកនឹងកោះជប៉ុន យ៉ូណាគូនី ព្រមទាំងបានបង្ហោះយន្តហោះជាច្រើនគ្រឿងចេញពីនាវានេះផង។ នេះបើតាមអគ្គលេខាធិការរងរបស់រដ្ឋាភិបាលជប៉ុន។ជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធរួម ដែលរៀបចំធ្វើជារៀងរាល់ពីរឆ្នាំនៅទូទាំងប្រទេសជប៉ុន និងក្នុងគ្រប់មូលដ្ឋានយោធាជប៉ុន-អាមេរិក រហូតដល់ថ្ងៃទី១វិច្ឆិកា។ ជាពិសេស សមយុទ្ធដែលមានពលយោធាជប៉ុនអាមេរិកចូលរួមចំនួន៤៥០០០នាក់ នាវា៤០គ្រឿង និងយន្តហោះ៣៧០គ្រឿង ព្រមទាំងកងកម្លាំងយោធាអូស្ត្រាលីនិងកាណាដាជាច្រើនទៀតផង ប្រព្រឹត្តទៅ ជាលើកទីមួយ នៅយ៉ូណាគូនី ដីកោះជប៉ុនដ៏កៀកបំផុតនឹងកោះតៃវ៉ាន់។ ជាផ្លូវការ បើតាមអ្នកនាំពាក្យនៃកងកម្លាំងយោធាស្វ័យការពារជប៉ុន នៅលើកោះយ៉ូណាគូនី កងOspreyហាត់ជម្លៀសប្រជាពលរដ្ឋនិងទេសចរ ក្នុងករណីមានមហន្តរាយធម្មជាតិទេ។
ឧត្តមសេនីយ៍ដដែលបានទទួលស្គាល់ ជប៉ុនមានអារម្មណ៍ថាមិនអាចច្រានចោលលទ្ធភាពផ្ទុះវិបត្តិធ្ងន់ធ្ងរដូចអ៊ុយក្រែននៅក្បែររបងប្រទេសទេ។ នាយករដ្ឋមន្ត្រីជប៉ុនថ្មី ធ្លាប់បានអះអាងតាំងពីចូលកាន់តំណែងភ្លាមថា អាស៊ីខាងកើតអាចជួបស្ថានភាពអ៊ុយក្រែននៅពេលអនាគត។ ហេតុដូច្នេះហើយបានជាសម្ព័ន្ធជប៉ុនអាមេរិកត្រូវការការពង្រឹងកម្លាំងការពារខ្លួន ការពារសិ្ថរភាពក្នុងតំបន់។ សមយុទ្ធលើកនេះ មានកម្មវត្ថុបង្ហាញថាសម្ព័ន្ធមានកម្លាំងខ្លាំងជាងអ្នកចង់បំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។
កាលពីខែសីហា យន្តហោះយោធាចិនបានហោះចូលជាលើកទីមួយក្នុងដែនអាកាសជប៉ុន។ នៅថ្ងៃទី១៨កញ្ញា នាវាផ្ទុកយន្តហោះចិនបានចូល ជាលើកទីមួយដែរ ដល់កៀកកោះយ៉ូណាគូនី និងកោះជប៉ុនមួយទៀត ដែលនៅកៀកតៃវ៉ាន់បំផុត។ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែតុលាថា នាវាកងទ័ពជើងទឹកបារាំងមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងបេសកកម្មថ្មីចុងក្រោយ តាមផ្លូវទឹកជាយុទ្ធសាស្ត្រមួយនេះ ពីសំណាក់ប្រទេសលោកខាងលិច។ ទីភ្នាក់ងារសារព័ត៌មាន Reutersបានឲ្យដឹងថា
នាវាបារាំងមិនស្គាល់អត្តសញ្ញាណ បានបើកឆ្លងកាត់ច្រកសមុទ្រ កាលពីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយឆ្ពោះទិសដៅទៅខាងជើង។ ក្រសួងការពារជាតិបារាំង បានឱ្យដឹងថា នាវានោះធ្វើដំណើរទៅកាន់ដែនទឹករបស់ជប៉ុន បន្ទាប់ពីឈប់សំចតនៅហ្វីលីពីន ដើម្បីចាប់ផ្តើមការងារក្នុងដែនបេសកកម្ម របស់អង្គការសហប្រជាជាតិ (UN)។គួរបញ្ជាក់ថា ថ្មីៗនេះ នាវាកងទ័ពជើងទឹកបារាំង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រួមទាំងកាលពីឆ្នាំមុន ផងដែរ។ ដោយឡែក នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ ២គ្រឿង ក៏បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីខែកញ្ញា។ កងទ័ពជើងទឹកអាមេរិក ដែលម្តងម្កាល មានអមដោយកប៉ាល់មកពីប្រទេសសម្ព័ន្ធមិត្ត បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងមួយខែម្តង។សកម្មភាពទាំងនេះបង្ហាញថាសមន្ធមិត្តលោកខាងលិចពិសេសជប៉ុននិងកូរ៉េខាងត្បូងនឹងមិនបណ្តោយឲ្យចិនបិទដង្ហើមតៃវ៉ាន់បានឡើយ៕