
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11726 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701897 នាក់
ប្រទេសថៃ៖ក្នុងអំឡុងពេលនៃការបង្ក្រាបពលករខុសច្បាប់រយៈពេល១២០ថ្ងៃ របស់រដ្ឋាភិបាលថៃ នាយកដ្ឋានការងារថៃ បានរកឃើញថាមានពលករបរទេសដែលបានចូលទៅធ្វើការដោយគ្មានឯកសារត្រឹមត្រូវនៅក្នុងប្រទេសថៃមានចំនួនសរុប ២៦ ១៨៩នាក់។ ចំនួននេះ ត្រូវបានរកឃើញតែក្នុងរយៈពេល១សប្តាហ៍នៃដើមខែមិថុនានេះ នៅក្នុងរោងចក្រសហគ្រាសថៃទូទាំងប្រទេសចំនួនជាង ១៧០០កន្លែង។
យោងតាមការចុះផ្សាយរបស់កាសែត The Nation ថៃបានឲ្យដឹងថា ក្នុងចំណោមពលករបរទេសខុសច្បាប់ ដែលសមត្ថកិច្ចថៃចាប់ឃុំខ្លួនទាំងនោះ មានពលករកម្ពុជាចំនួន ៣ ៩៧១នាក់ ឡាវ ១ ៦៥៩នាក់ និងភូមាច្រើនជាងគេរហូតដល់ជាង២ម៉ឺននាក់។ ពួកគេត្រូវបានឃុំខ្លួន ដោយសារខ្វះឯកសារត្រឹមត្រូវ ឬមានឯកសារមិនពេញលេញ។ ក្នុងចំណោមពលករបរទេស ដែលត្រូវបានចាប់ខ្លួនទាំងនោះដែរ មាន ២៤០នាក់ ត្រូវបានកាត់ទោស ក្នុងនោះ ៨នាក់ជាពលករកម្ពុជា។ នេះបើតាមកាសែតថៃដដែល។
តាមច្បាប់ការងាររបស់ប្រទេសថៃ ពលករចំណាកស្រុកណា ដែលធ្វើការក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ឬក៏ប្រកបមុខរបរណាដែលគ្មានការអនុញ្ញាត អាចនឹងត្រូវពិន័យជាប្រាក់ពី ៥០០០ ទៅ ៥០ ០០០បាត ហើយហាមធ្វើការនៅប្រទេសថៃរយៈពេល២ឆ្នាំ រួមនឹងការចាប់ខ្លួន បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ទាក់ទងនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជាបានឲ្យដឹងថា ក្រសួងការងារបានបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ប្រឹងប្រែងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ព្រោះថាចំណាកស្រុកខុសច្បាប់ ទៅធ្វើការនៅក្រៅប្រទេស ប្រឈមនឹងបញ្ហាជាច្រើន ដូចជាការអនុវត្តច្បាប់ ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងអំពើហិង្សាជាដើម។ក្រសួងការងារក៏បន្តអប់រំប្រជាពលរដ្ឋ បង្ការការធ្វើចំណាកស្រុកខុសច្បាប់ និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ដើម្បីធានាការគោរពសិទ្ធិពលករ សុខសុវត្ថិភាពការងារ និងលក្ខខណ្ឌការងារល្អប្រសើរ។ នេះបើតាមលោក កត្តា អ៊ន។
សូមរំលឹកថា កម្ពុជាមានពលករចំណាកស្រុកស្របច្បាប់ជាង ១,៣លាននាក់ ដែលបានចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះប្រទេសថៃច្រើនជាងគេដល់ទៅជាង១,២លាននាក់។ ក៏ប៉ុន្តែតួលេខក្រៅផ្លូវការ ទាំងខុសច្បាប់ និងស្របច្បាប់ត្រូវគេមើលឃើញថាមានច្រើនជាងនេះ៕