
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8625 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698796 នាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ថា៖ ក្នុងរយៈពេល០៤ថ្ងៃមកនេះ កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើង៤៥នាក់ដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបន្តថា ជាក់ស្ដែងគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និងជាការឆ្លើយតបបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ខែឆ្នាំដដែល សមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ពីក្រុមក្មេងទំនើងខាងលើ ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើនគ្រឿងផងដែរ ។ ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សាដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត្តិ ។
ក្រុមក្មេងទំនើង ដែលបង្កការអុកឡុកក្នុងរាជធានីភ្នំពេញ មានចំនួន១២ក្រុមធំៗ បង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុមហើយ នៅសល់ ២ក្រុមទៀត សមត្ថកិច្ចនឹងតាមបង្ក្រាបអោយដល់ឫសគល់ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើង ឲ្យដល់ឫសគល់ សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានក្មេងទំនើងឡើយ ។
ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញ ។បង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើង បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើង ត្រូវពង្រឹងបន្ថែមទៀត ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង ទាំងនេះ ។
លោក ឃួង ស្រេង បានស្នើឱ្យអភិបាលខណ្ឌ នៅជាប់ព្រំប្រទល់ជាមួយ នឹងស្រុក នៃខេត្តកណ្ដាល ប្រជុំជាមួយអភិបាលស្រុក ជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើង ទាំងនេះ។ បន្ថែមពីនេះ ក៏ត្រូវសហការជាមួយ នឹងនាយកសាលានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើង ជាមួយនឹងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្ស ដែលយើងសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចរបស់យើង អនុវត្តបានល្អប្រសើរហើយ។ ប៉ុន្តែអ្វី ដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើង ទើបជារឿង ដែលល្អបំផុត ។
ក្រៅពីបង្ក្រាប បង្ការ ទប់ស្កាត់ក្មេងទំនើងហើយនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃ ដាវសាំម៉ូរ៉ៃ ការបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញ មានក្រុមក្មេងទំនើងចំនួន ១២ក្រុមធំៗ ហើយក្នុងចំនួន១២ក្រុមនេះ កម្លាំងមានសមត្ថកិច្ចរបស់យើង បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន១០ក្រុម នៅសល់២ក្រុម ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួនក្នុងការចុះពង្រាយកម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញក្តីពេញចិត្ត និងសាទរបំផុតចំពោះចំណាត់ការរបស់សមត្ថកិច្ច និងបានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានចេញបទបញ្ជាម៉ឺងម៉ាត់ ដល់កម្លាំងនគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះផងដែរ៕