វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2337 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500761 នាក់
អ៊ុយក្រែន៖ទោះរងការទាមទានិងកៀបសង្កត់ក៏ដោយក៏ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ គឺលោក Mike Johnson បាននិយាយថា សភានឹងមិនអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែនដោយគ្មានកំណែទម្រង់ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនោះទេដោយលោកបានលើកហេតុផលថាសន្តិសុខរបស់អាមេរិកផ្ទាល់បានយកជាអាទិភាពលើជម្លោះជាមួយរុស្ស៊ី។
សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីជំនួបដ៏ចម្រូងចម្រាសមួយជាមួយប្រធានាធិបតី Joe Biden និងមេដឹកនាំសភាមកពីខាងគណបក្សសាធារណរដ្ឋនៅព្រឹកថ្ងៃអង្គារ លោក Mike Johnson បានទទូចថាសមាជិកសភាគណបក្សសាធារណរដ្ឋនឹងមិនផ្លាស់ប្តូរចំពោះជំនួយបរទេសទេ ប្រសិនបើគណបក្សប្រជាធិបតេយ្យមិនសម្របសម្រួលនៅតាមព្រំដែន។
សមាជិកសភារបស់គណបក្សសាធារណរដ្ឋ (GOP) កំពុង “បន្តស្វែងរក និងស៊ើបអង្កេតយ៉ាងសកម្មនូវជម្រើសផ្សេងៗទាំងអស់” សម្រាប់ភាពស្របច្បាប់អ៊ុយក្រែន ប៉ុន្តែ “អាទិភាពទីមួយរបស់ប្រទេសគឺព្រំដែនរបស់យើង ហើយត្រូវប្រាកដថាវាមានសុវត្ថិភាព” នេះបើតាមលោក Johnson បានប្រាប់អ្នកយកព័ត៌មាន។ប្រធានាធិបតី Biden បានព្រមានថា “ផលវិបាកនៃភាពអសកម្មជារៀងរាល់ថ្ងៃនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរ” មុនពេលកិច្ចប្រជុំរបស់គាត់ជាមួយ Johnson ។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានព្រមានថាអ៊ុយក្រែនកំពុងស្ថិតនៅលើវិថីអន្តរាយនៃអស់ទឹកដីជាបន្តកន្ទុយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែមិនមានការគាំទ្រពេញដៃផ្នែកយោធាពីសំណាក់សហរដ្ឋអាមេរិក ។លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអាមេរិកនៅតែតឹងដៃដកជំនួយចេញពីហោប៉ៅផ្ដល់ទៅឲ្យអ៊ុយក្រែនមិនរួចទេនោះ ច្បាស់ណាស់ថាក្នុងរយៈពេល ១ ខែ ឬ ២ ខែខាងមុខនេះ រុស្ស៊ីនឹងឱបក្រសោបទឹកដីកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសគឺនឹងលើកទង់ជ័យនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនតែម្ដង” ។
ការអត្ថាធិប្បាយរបស់មន្ត្រីសេតវិមានរូបនេះកើតមានឡើងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន Reuters បានសម្រង់សម្ដីរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយលោកបាននិយាយថា អ្នកចម្បាំងទីក្រុងកៀវកំពុងរៀបជើងព្រួលទប់ទល់នឹងផែនការវាយសង្គ្រុបដំណាក់កាលថ្មីរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងរយៈពេល ២ ខែខាងមុខនេះ ពោលនាចុងខែឧសភា ឬពេញមួយរដូវក្ដៅនេះតែម្ដង ។
សូមបញ្ជាក់ថាចាប់តាំងផ្ទុះភ្លើងសង្គ្រាម ២ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាផ្ដល់ទៅឲ្យអ៊ុយក្រែន ។ប៉ុន្តែជំនួយទាំងប៉ុន្មាននេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់ឡើយ ពោលលោក Joe Biden បានស្នើសុំជំនួយប្រមាណ ៦០ ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ប៉ុន្តែសំណើរនេះត្រូវរាំងស្ទះពីការអនុម័តដោយសភា ដោយសារតែប្រធានសភាបច្ចុប្បន្នគឺលោក Mike Johnson ជាអ្នកប្រឆាំងអ៊ុយក្រែន ហើយប្រសិនបើកញ្ចប់ជំនួយយោធានៅតែនឹងនៅថ្កល់បែបនេះទៀតនោះ ច្បាស់ណាស់ថា ទីក្រុងអ៊ុយក្រែនជាបន្តបន្ទាប់ទៀតនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៊ី ហើយអ៊ុយក្រែននឹងដុនដាបកាន់តែជ្រៅក្នុងសង្គ្រាមមួយនេះ ។
ទន្ទឹកនិងអាមេរិកមានការទ័លច្រកនេះប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងកំពុងដឹកនាំក្រុមចម្រុះថ្មីមួយ ដែលមានបំណងផ្តល់ឱ្យអ៊ុយក្រែននូវ មីស៊ីល និងគ្រាប់បែករយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយផងដែរ។ទោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយ កិច្ចប្រជុំនៅក្នុងទីក្រុងប៉ារីសស្តីអំពីបញ្ហាអ៊ុយក្រែន លោកក៏មិនបានច្រានចោលការពង្រាយ កម្លាំងដីដើម្បីគាំទ្រក្រុងកៀវនាពេលអនាគតនោះទេ។យោងតាមមេដឹកនាំបារាំង ក្រុមចម្រុះដែលទើបបង្កើតថ្មីព្យាយាម ផ្តល់លទ្ធភាពឱ្យអ៊ុយក្រែន ធ្វើការវាយប្រហារយ៉ាងស៊ីជម្រៅ ចូលទៅក្នុងប្រទេសរុស្សីហើយ លោក Macron បានបន្ថែមថា មានការយល់ស្របយ៉ាងទូលំទូលាយ ដើម្បីធ្វើកាន់តែច្រើន និងលឿនជាមួយគ្នាដើម្បីគាំទ្រដល់ទីក្រុង គៀវ។
សម្តី របស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ា ក្រុង ដែលចង់ឱ្យមានការបញ្ជួន កងកម្លាំងថ្មើរជើងប្រទេស ជាសមាជិកអង្គការណាតូទៅជួយ ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ខណៈឆ្នាំ២០២៤នេះស្ថានការណ៍ប្រយុទ្ធ ក្នុងប្រទេសអ៊ុយ ក្រែនត្រូវគេឃើញថាកាន់តែយ៉ាប់យ៉ឺន ដោយសារតែការខ្វះជំនួយទាំងយោធា និងកម្លាំងធន ធានកងទ័ពបង្កឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក។ ទោះបីយ៉ាងណាប្រទេសអាល្លឺម៉ង់និងប៉ូឡូញថ្លែងថា គេនឹងមិនបញ្ជួនកងទ័ពរបស់គេ ទៅប្រទេសអ៊ុយក្រែនទេ។ សហរដ្ឋអាមេរិកបានចូលរួមជាមួយនឹងប្រទេសជាគន្លឹះក្នុងទ្វីប អឺរ៉ុបបដិសេធការបញ្ជួនទ័ពថ្មើរជើងរបស់ខ្លួនទៅកាន់អ៊ុយក្រែនផងដែរដោយក្តីបារម្ភការផ្ទុះ ឡើងនូវសង្គ្រាមលោកលើកទី៣។ ប្រទេសអង់គ្លេស, អេស្ប៉ាញនិងប្រទេសឆេកជាដើម បានបង្ហាញការដកខ្លួនចេញពីអ្វីដែលមានការបោះតម្រុយ ចង់ឱ្យរដ្ឋនៃអង្គការណាតូប្រឡូកដោយ ផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែនដែលឈានចូលឆ្នាំទី៣រួចមកហើយនេះ។
ប្រធានអង្គការណាតូលោក Jens Stoltenberg ក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្តយោធា ណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនទាហាន ទៅអ៊ុយក្រែនទេ បន្ទាប់ពីមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានបញ្ជាក់ថាពួកគេក៏មិនផ្តល់ ទាហានទៅជួយអ៊ុយក្រែន ផងដែរ។ទាក់ទងរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ក្នុងករណីនេះបើសិនជាកើតមាន, អ្វីដែលយើងត្រូវនិយាយ គឺមិនមែនអំពីភាពប្រហែលទេ ប៉ុន្តែគឺភាពមិនអាចចៀសរួច នៃជម្លោះ»ដែលនឹងកើតឡើង។ទន្ទឹមនិងជំនួយយុទ្ធោបករណសម្រាប់អ៊ុយក្រែនរាំងស្ទះនេះប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈបានរាយការណ៍ថាកូរ៉េខាងជើងបានដឹកជញ្ជូនអាវុធ ៦៧០០កុងតឺន័រ ទៅឱ្យរុស្ស៉ី ចាប់តាំងពីខែកក្កដា ឆ្នាំមុនមក ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
ទីភ្នាក់ងារ សារព័ត៌មាន Reutersបានឲ្យដឹងថា៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កុងតឺន័រខាងលើអាចមានផ្ទុកគ្រាប់កាំភ្លើងធំ១៥២ មីលីម៉ែត្រ ច្រើនជាង ៣លានគ្រាប់ ឬគ្រាប់កាំភ្លើងធំ ១២២មីលីម៉ែត្រ ៥០០ ០០០គ្រាប់។ លោក Shin បន្ថែមទៀតថាវាអាចទៅរួចដែរថាកុងតឺន័រទាំងនោះ អាចមានផ្ទុកគ្រាប់កាំភ្លើងធំទាំង២ប្រភេទនេះតែម្ដង ក្នុងចំនួនរាប់លានគ្រាប់។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ពីការជួញដូរអាវុធ ហើយបានថ្កោលទោស កូរ៉េខាងជើងសម្រាប់ការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ី ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិក ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងបានប្រគល់អាវុធ ឬបរិក្ខារយោធាជាង ១០,០០០កុងតឺន័រទៅឱ្យរុស្ស៉ី ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ខណៈជាថ្នូរមកវិញ កូរ៉េខាងជើងទទួលបានសម្ភារៈ ៩០០០កុងតឺន័រ ក្នុងនោះភាគច្រើនជាស្បៀងអាហារពីរុស្ស៉ី។ ប៉ុន្តែ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោល ការចោទប្រកាន់របស់អាមេរិក និងកូរ៉េខាងត្បូង៕