វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1733 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674013 នាក់
ម៉ាឡេស៊ី៖ចូលរដូវរងារបែជាប្រទេសថៃនិងម៉ាឡេស៊ីជួបទឹកជំនន់ទៅវិញ?។ជាក់ស្តែងរដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើន៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣បានឲ្យដឹងថា៖ប្រភពពីទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេស៉ី (Nadma) តំបន់ Kelantan គឺជារដ្ឋដែលមានអ្នកជម្លៀសខ្លួនច្រើនជាងគេគឺចំនួន ១៧,៤៦៦នាក់ ស្នាក់នៅក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នទាំង ៨៩កន្លែង។ ដោយឡែកមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នទាំង ៩ក្នុងរដ្ឋ Pahang នៅតែបើកទ្វារ ហើយមួយក្នុងចំណោមនោះដែលស្ថិតនៅតំបន់ Cameron Highlands បានបន្តផ្តល់កន្លែងស្នាក់សម្រាប់ជនរងគ្រោះ ៨៧នាក់ដែលត្រូវផ្លាស់ទីលំនៅព្រោះតែបំណាក់ដី។គួរបញ្ជាក់ថា ភ្លៀងដែលកំពុងបន្តធ្លាក់ ក៏ត្រូវបានគេរំពឹងថានឹងកើតឡើងនៅទូទាំងរដ្ឋ Terengganu រដ្ឋ Pahang និងរដ្ឋ Johor របស់ម៉ាឡេស៉ី។
ដោយឡែកនៅប្រទេសថៃវិញទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបង្កផលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងត្បូងនៃប្រទេសថៃ ខណៈ ផ្លូវថ្នល់ និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរ ជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។ក្រុមមន្ត្រីថៃ បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាសាលារៀនជាច្រើន នៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្ន ផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះ និងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូងផ្ទះ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ឡើយ៕