វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1867 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123740 នាក់
កែប៖រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ សម្រេចដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលបានប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា លោក ភូ លិ អភិបាលខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ។
ទង្វើដ៏ឃោឃៅ និងអសីលធម៌ ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែប បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី។ប្រភពដដែលថ្លែងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។
យោងតាមប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។ប្រភពបន្ថែមថា ជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ!”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែត ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២អគ្គនាយកដ្ឋានពន្ធដា បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ដកតំណែងលោក ភូ លិ អភិបាលរងខេត្តកែប ដែលបានប្រព្រឹត្តទង្វើដ៏គួរឱ្យស្អប់ខ្ពើមនិងអសីលធម៌ដោយបានប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី២រូបដោយចាត់ទុកថាទង្វើដ៏គួរឱ្យស្អប់ខ្ពើមនិងអសីលធម៌។មូលហេតុដោយសារ ស្ត្រីមួយរូប គឺជាមន្ត្រីរាជការពន្ធដារថ្នាក់ប្រធានការិយាល័យ នៃសាខាពន្ធដារខេត្តកែប ។
បើយោងតាមការសិក្សារបស់អង្គការ ActionAid ទៅលើស្ត្រីកម្ពុជា ចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រីម្នាក់ ក្នុងចំណោម ៥នាក់ (ឬ ២២ ភាគរយ) ត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀន រាងកាយនៅកន្លែងសាធារណៈ ជាមធ្យម៥ដង នៅក្នុងឆ្នាំ២០១៤។ ក្នុងនោះ បុរសប្តូរភេទទៅជាស្រី្ត បានរងគ្រោះ ច្រើនជាងគេ។ ជាង៩០ភាគរយនៃពួកគេបានជួបប្រទះការយាយីនៅកន្លែងសាធារណៈជាច្រើនដង។អង្គការមួយនេះលើកឡើងថា ត្រូវតែមានការសន្ទនាជុំវិញបញ្ហានេះ និងយល់ពីបញ្ហានេះឲ្យបានកាន់តែទូលំទូលាយ ពីព្រោះថា ការបៀតបៀនផ្លូវភេទ នៅទីសាធារណៈជាញឹកញាប់ត្រូវជនល្មើសប្រើជាអាវុធដើម្បីបង្ខាំងជនរងគ្រោះ ដែលភាគច្រើនជាស្ត្រី នៅក្នុងកន្លែងរបស់ពួកគេ៕