វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2639 នាក់
ម្សិលមិញ 10352 នាក់
សរុប 16717049 នាក់
អ៊ុយក្រែន៖ប្រទេសរុស្ស៊ីបានចាប់ធ្វើការវាយប្រហារលើប្រទេសអ៊ុយក្រែនភាគខាងកើតនៅព្រលឹមថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ។ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានប្រទេសដទៃមិនឱ្យចូលមកអន្តរាគមន៍ ខណៈសម្ព័ន្ធមិត្តលោកខាងលិចបន្តប្តេជ្ញាគាំទ្រអ៊ុយក្រែន និងប្រកាសការដាក់ទណ្ឌកម្មថ្មីៗទៀត ខណៈពួកគេថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីនេះ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំបន្ទាន់មួយនៅពេលយប់នៅក្នុងការស្វះស្វែងដើម្បីបញ្ចៀសសង្គ្រាមនោះ ។
សម្រាប់ការចូលលុកលុយប្រទេសអ៊ុក្រែននេះលោក Putin បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា អ្នកដែលជំទាស់ប្រឆាំងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas នឹងប្រឈម«ផលវិបាកដែលពួកគេមិនដែលបានឃើញ»។« ខ្ញុំបានសម្រេច ចាប់ផ្តើមប្រតិបត្តិការយោធាពិសេស។ កម្មវត្ថុរបស់វា គឺដើម្បីការពារមនុស្ស ដែលបានរងនូវការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ បង្កឡើងដោយរបបដឹកនាំអ៊ុយក្រែន អស់រយៈពេល៨ឆ្នាំមកនេះ។ ដើម្បីសម្រេចកម្មវត្ថុនេះ យើងនឹងប្រឹងប្រែង ដកគ្រឿងសព្វាវុធពីអ៊ុយក្រែន លាងជំរះផ្នត់គំនិតបែបណាហ្ស៊ីនៅអ៊ុយក្រែន ព្រមទាំងចាប់យកអ្នកទទួលខុសត្រូវ យកទៅកាត់ទោស ចំពោះអំពើឧក្រិដ្ឋដែលបានធ្វើទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដោយក្នុងនោះមានប្រជាជនរុស្ស៊ីផងដែរ។ផែនការរបស់យើង គឺគ្មានរាប់បញ្ចូលដោយការគ្រប់គ្រង ដែនដីអ៊ុយក្រែននោះទេ។ យើងគ្មានបំណងដាក់កំហិតអ្វីមួយ ទៅលើនរណាម្នាក់ តាមរយៈការប្រើកម្លាំងនោះឡើយ។
អ្នកណាក៏ដោយ ដែលហ៊ានមករារាំងយើង ឬក៏មកគំរាមប្រទេសយើង ប្រជាជនយើង គឺត្រូវតែដឹងខ្លួនថា ចម្លើយរបស់រុស្ស៊ី នឹងមានភ្លាមៗ។ ការឆ្លើយតបវិញរបស់រុស្ស៊ី នឹងបង្កផលវិបាកដ៏ធំធេង ដែលគ្មាននរណាធ្លាប់បានឃើញពីមុនមកទេ ក្នុងប្រវត្តិសាស្ត្រ។ យើងបានត្រៀមខ្លួនរួចជាស្រេច មិនស្ថានការណ៍វិវឌ្ឍន៍ទៅជាបែបណាឡើយ។ យើងបានធ្វើសេចក្តីសម្រេចចាំបាច់រួចរាល់អស់ហើយ ហើយខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ច្បាស់ ពីបំណងរបស់យើង។ »
លោកពូទីន ក៏បានអំពាវនាវ ហើយឲ្យកងទ័ពអ៊ុយក្រែន ទំលាក់អាវុធ កុំតតាំងជាងមួយរុស្ស៊ី ដោយអះអាងជាថ្មីទៀតថា ប្រតិបត្តិការរបស់កងទ័ពរុស្ស៊ី គឺដើម្បីជួយរំដោះប្រជាជនអ៊ុយក្រែន ពីរបបដឹកនាំរបស់ពួកណាហ្ស៊ីសម័យថ្មី។
គេបានឮការផ្ទុះលាន់សូរយ៉ាងខ្លាំងជាច្រើននៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនដោយស្ថិតនៅឆ្ងាយពីកណ្តាលទីក្រុង។ ក្រោយមកសារ៉ែន បានបន្លឺនៅក្នុងទីក្រុងដែលជាសញ្ញាមួយប្រាប់ដល់ប្រជាពលរដ្ឋឲ្យស្វះស្វែងរកកន្លែងជ្រកពួន។ចំណតយន្តហោះ២កន្លែងនៅក្នុងរដ្ឋធានីកៀវត្រូវបានគេរាយការណ៍ថា បានក្លាយជាទីដៅនៃការវាយប្រហាររបស់យន្តហោះដ្រូនដែលគ្មានមនុស្សបើក ហើយថា សំឡេងផ្ទុះខ្លះដែលគេបានឮនោះជាគ្រាប់រ៉ុក្កែតដែលកងទ័ពអ៊ុយក្រែនបាញ់យន្តហោះដ្រូនគ្មានមនុស្សបើកនោះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជូនសារតាម Twitter នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែនពេញបន្ទុកហើយ។លោកបាននិយាយថា សហគមន៍អន្តរជាតិ ចាំបាច់ធ្វើការឆ្លើយតបដោយ«ការដាក់ទណ្ឌកម្មដ៏ខ្លាំងទៅលើប្រទេសរុស្ស៊ី» និងបញ្ជូនអាវុធឧបករណ៍យោធា ជំនួយហិរញ្ញវត្ថុនិងជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។ប្រធានាធិបតីអាមេរិកប្រកាសថា៖ «រុស្ស៊ីតែម្នាក់ឯង គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់និងការបំផ្លិចបំផ្លាញដែលបង្កឡើងដោយការវាយប្រហារនេះ។ ពិភពលោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះករណីនេះ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធានិងឆ្មាំការពារព្រំដែនរបស់អ៊ុយក្រែន។ លោកបាននិយាយទៀតថា រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ចេញច្បាប់អាជ្ញាសឹកទូទាំងប្រទេស ស្របពេលជាមួយគ្នានោះ បានជំរុញឲ្យប្រជាពលរដ្ឋរក្សាការស្ងៀមស្ងាត់ហើយស្ថិតនៅផ្ទះ។លោកប្រធានាធិបតី Zelensky បាននិយាយទៀតថា «សូមកុំភ័យស្លន់ស្លោ។ យើងនៅតែខ្លាំង។ យើង បានត្រៀមខ្លួនដើម្បីអ្វីៗទាំងអស់។ យើងនឹងឈ្នះលើពួកគេ ពីព្រោះយើងជាអ៊ុយក្រែន»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា ប្រជាពលរដ្ឋអ៊ុយក្រែន បានទទួលរងគ្រោះដោយការវាយប្រហារដែលខ្លួនមិនបានបង្កនិងដោយអយុត្តិធម៌ពីកងកម្លាំងយោធារបស់រុស្ស៊ី។លោកប្រធានាធិបតី Biden បានពិភាក្សាស្ថានភាពនេះនៅក្នុងការនិយាយតាមទូរស័ព្ទជាមួយលោក Zelensky ដែលបានសុំឲ្យលោកធ្វើការអំពាវនាវដល់មេដឹកនាំពិភពលោក ដើម្បីថ្កោល ទោសប្រឆាំងនឹងភាពគគ្លើនរបស់ប្រធានាធិបតី Putin ហើយនឹងសាមគ្គីជាមួយប្រជាពលរដ្ឋអ៊ុយក្រែន។
បន្ទាប់ពីនិយាយជាមួយមេដឹកនាំដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង៧ប្រទេសឬ G-7នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមក លោកប្រធានាធិបតី Biden មានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងៗទៀត នឹងដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៊ី។វិធានការទាំងនោះ កើតមានឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសផ្សេងៗទៀតនៅសប្តាហ៍នេះប្រឆាំងនឹងពួកមន្ត្រីរុស្ស៊ីនិងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ហើយនឹងបញ្ឈប់គម្រោងបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។លោក ចូ បៃឌិន បានឱ្យដឹងទៀតថា លោកក៏នឹងបន្តតាមដានស្ថានការណ៍នេះពីសេតវិមាន មុនពេលជំនួបតាមតាមអនឡាញជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីពេលថ្មីៗនេះ ក៏បានសម្រេចលុបចោលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះផងដែរ បន្ទាប់ពីប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន។នៅប្រទេសអង់គ្លេសឯណោះវិញ លោកនាយករដ្ឋមន្ត្រីបូរីសចនសុន បានចេញសេចក្តីថ្លែងការណ៍តាមរយៈទូរទស្សន៍ថា ការវាយប្រហាររបស់ប្រទេសរុស្ស៊ីគឺជាអំពើឃោរឃៅ ។ លោកនាយករដ្ឋមន្ត្រីចនសុន បានបញ្ជាក់ទៀតថា លោកពុទីន បាននាំយករលកនៃអំពើហិង្សាទៅកាន់ប្រទេសអ៊ុយក្រែន។ថ្លែងប្រាប់ទៅកាន់ពលរដ្ឋអ៊ុយក្រែន លោកចនសុនបានលើកឡើងបន្តទៀតថា “យើងនៅជាមួយនឹងលោកអ្នក យើងបួងសួងដល់អ្នកនិងក្រុមគ្រួសារអ្នករួចផុតពីបញ្ហា”។អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី ដោយលោកបានហៅការវាយប្រហារនេះថា ជា«ការរំលោភច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ»មួយ។
ក្រៅពីការស្វែងរការដាក់ទណ្ឌកម្មពីសម្ពនញធ័មិត្តលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីការដាក់ពង្រាយសម្ភារៈយោធានិង ទាហាន។ ជាផ្នែកនៃការដាក់ពង្រាយ យន្តហោះ F-35Aរបស់កងកម្លាំងអាកាសចំនួនប្រាំបីគ្រឿងដែលមានវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់នឹងត្រូវដាក់ពង្រាយទៅកាន់”ទីតាំងប្រតិបត្តិការជាច្រើននៅតាមបណ្តោយផ្នែកខាងកើតរបស់អង្គការណាតូ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីមន្ទីរបញ្ចកោណនៅថ្ងៃនេះ។
ឧទ្ធម្ភាគចក្រចម្បាំង AH-64ចំនួន២០ គ្រឿងក្នុងប្រទេសអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់ទីតាំងដែលមិនបានបញ្ជាក់នៅក្នុងតំបន់សមុទ្របាល់ទិក។ ឧទ្ធម្ភាគចក្រ Apaches ចំនួន ១២ផ្សេងទៀតដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសក្រិក គ្រោងនឹងផ្លាស់ទៅប្រទេសប៉ូឡូញ។ ជាចុងក្រោយ កងវរសេនាតូចថ្មើរជើងនៃកងទ័ពជើងគោកដែលមានទាហានប្រហែល ៨០០នាក់នឹងដាក់ពង្រាយពីប្រទេសអ៊ីតាលីទៅកាន់តំបន់សមុទ្របាល់ទិក។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបាននិយាយថា “កងកម្លាំងបន្ថែមទាំងនេះកំពុងត្រូវបានរើទីតាំងឈរជើងឡើងវិញដើម្បីធានាការពារដល់សម្ពន្ធមិត្តណាតូរបស់យើងទប់ស្កាត់ការឈ្លានពានដែលអាចកើតមាន និងហ្វឹកហាត់ជាមួយកងកម្លាំងប្រទេសម្ចាស់ផ្ទះ។ ការចល័តទីទាំងនេះគឺមានចរិតបណ្តោះអាសន្ន ហើយជាផ្នែកមួយនៃកងទ័ពអាម៉េរិកជាង ៩០.០០០ នាក់ដែលដាក់ពង្រាយរួចហើយនៅក្នុងទ្វីបអឺរ៉ុប តាមបទបញ្ជាវិលជុំនិងអចិន្ត្រៃយ៍”។
បន្ទាប់ពីប្រទេសរុស្ស៊ីប្រកាសចូលលុកលុយប្រទេសអ៊ុយក្រែននិងការប្រកាសដាក់ទណ្ឌកម្មពីលោកខាងលិចតម្លៃរូបិយប័ណ្ណរុស្ស៊ីនិងអឺរ៉ុបមានការធ្លាក់ចុះ។ អ្នកវិភាគនៅធនាគារ Mitsubishi UFJ Financial Group លោក Lee Hardman បាននិយាយថា តម្លៃប្រាក់ដុល្លាអាមេរិក ប្រាក់យ៉េន និងប្រាក់ហ្វ្រង់របស់ប្រទេសស្វីស នឹងមានតម្លៃគ្របដណ្តបលើតម្លៃប្រាក់ផ្សេងៗទៀតដែលកំពុងស្ថិតក្នុងភាពប្រថុយប្រថាន។ ចំពោះប្រាក់រូបរបស់រុស្សី និងរូបិយប័ណ្ណនៅអឺរ៉ុបផ្សេងៗទៀតនឹងមានការធ្លាក់ចុះកាន់តែខ្លាំង ដោយសារតែស្ថានភាពយ៉ាងរសើបពីការវាយប្រហារដោយកងកម្លាំងយោធារុស្ស៊ីទៅប្រទេសអ៊ុយក្រែន។
តម្លៃប្រាក់រូបរបស់រុស្សីបានធ្លាក់ចុះដល់កម្រិតទាបបំផុតដល់ទៅ ៨៩,៩៨ក្នុងមួយដុល្លារ។
រូបិយប័ណ្ណអាមេរិកបានឡើងថ្លៃចុងក្រោយ ៧ភាគរយ បើធៀបទៅនឹងរូបិយប័ណ្ណរុស្សី។ ចំណែកឯប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបវិញបានធ្លាក់ចុះដល់ទៅ ០,៨៤ភាគរយ ឬស្មើនឹង ១,១២០៩ដុល្លារអាមេរិកក្នុងមួយអឺរ៉ូ ដែលតម្លៃនេះជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីថ្ងៃទី៣១ ខែមករា។រីឯតម្លៃប្រាក់ហ្វ្រង់របស់ប្រទេសស្វីសវិញបានហក់ឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៥ ដោយមួយអឺរ៉ូមានតម្លៃ១,០២៩ហ្វ្រង់ស្វីសមុនពេលធ្លាក់ចុះមកវិញនៅសល់ត្រឹម១,០៣៥២ហ្វ្រង់ស្វីសក្នុងមួយអឺរ៉ូ ដែលតម្លៃប្រាក់របស់សហភាពអឺរ៉ុបបានធ្លាក់ថ្លៃចុងក្រោយបង្អស់ជាង ០,៣ភាគរយ។ចំពោះតម្លៃប្រាក់ដុល្លារអាមេរិកវិញ បានក្លាយទៅជារូបិយប័ណ្ណដែលមានសុវត្ថិភាព ដោយមានសន្ទស្សន៍ពី ០,៦០ភាគរយ ដល់៩៦,៧៦២ភាគរយជាលើកដំបូងចាប់តាំងពីថ្ងៃទី៣១ ខែមករា។
ចំណែកឯប្រាក់យ៉េនរបស់ជប៉ុនវិញក៏មានការកើនឡើងនូវតម្លៃផងដែរ ដោយមួយដុល្លារអាមេរិកស្មើនឹង ១១៤,៧៤យ៉េន ខណៈប្រាក់ដុល្លារអូស្ត្រាលីវិញបានធ្លាក់ចុះដល់ទៅ០,៩០ភាគរយឬស្មើនឹង០,៧១៦៧ដុល្លារអាមេរិកក្នុងមួយដុល្លារអូស្ត្រាលី។ទីផ្សារភាគហ៊ុនអាស៊ី បានធ្លាក់ចុះ ហើយតម្លៃប្រេង បានហក់ឡើងខ្ពស់ ។ តម្លៃភាគហ៊ុនក្នុងទីក្រុងតូក្យូប្រទេសជប៉ុន និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រមាណ ២% ហើយតម្លៃភាគហ៊ុនក្រុងហុងកុង និងក្រុង Sydney ប្រទេសអូស្ត្រាលី បានធ្លាក់ ចុះប្រមាណ ៣%។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
តម្លៃប្រេងឥន្ធនៈ បានហក់ឡើងជិត ៣ ដុល្លារអាមេរិកក្នុងមួយធុង ដោយបារម្ភពីលទ្ធភាពនៃការរអាក់រអួលនៃការផ្គត់ផ្គត់ប្រេងរបស់រុស្សី។ នៅមុននេះ សន្ទស្សន៍ភាគហ៊ុននៅផ្សារភាគហ៊ុន Wall Street S&P បានធ្លាក់ចុះប្រមាណ ១,៨% ដែលជាចំនួនទាបក្នុងរយៈ ពេល៨ខែ បន្ទាប់ពីរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្សី និយាយថា ក្រុមឧទ្ទាមនៅក្នុងតំបន់ខាងកើតអ៊ុយក្រែន បានស្នើសុំជំនួយយោធាពីរុស្សី។ពួកអ្នកព្យាករណ៍ និយាយថា សេដ្ឋកិច្ចអាស៊ី ប្រឈមហានិភ័យតិចជាងតំបន់អឺរ៉ុបមកពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី និងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ ក៏ប៉ុន្តែ ពួកគេ និយាយទៀតថា សេដ្ឋកិច្ចដែលត្រូវការធ្វើការនាំចូលដូចជាប្រេង អាចឡើងថ្លៃកាន់តែខ្លាំងឡើង ប្រសិនបើ ការផ្គត់ផ្គង់ទាំងនោះមកពីរុស្ស៊ីដែលជាប្រទេសផលិតប្រេងធំទី៣ ត្រូវបានបង្អាក់នោះ។