
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5017 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695188 នាក់
ប្រទេសវៀតណាម៖កម្ពុជា និងវៀតណាមបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា រឹតបន្តឹងសន្តិសុខតាមព្រំដែន និងពង្រីកការបណ្តុះបណ្តាលផ្នែកការពារជាតិ ខណៈប្រទេសទាំងពីរកំពុងត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹងដែលទើបបញ្ចប់ទស្សនកិច្ចបីកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយ ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិជាមួយកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ ទី១៣តុលា២០២៦ពេលរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិត្រីភាគី កម្ពុជា ឡាវ វៀតណាម ព្រមចូលរួមពីធិបិទសមយុទ្ធយោធាសង្រោះគ្រោះមហន្តរាយដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី។
បើតាមវិទ្យវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជំរុញឱ្យមានការពន្លឿនវឌ្ឍនភាពក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែន កែលម្អការគ្រប់គ្រងព្រំដែន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារព្រំដែនប្រទេសទាំងពីរផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងអំឡុងពេលជម្លោះអស់ជាច្រើនទសវត្សរ៍កាលពីអតីតកាល។
ជាការឆ្លើយតបរដ្ឋមន្រ្តីការពារជាតិ លោក ទៀ សីហា បានអំណរគុណដល់វៀតណាមចំពោះការគាំទ្រក្នុងការបណ្តុះបណ្តាលយោធា និងសេវាវេជ្ជសាស្ត្រ ព្រមទាំងបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងហាណូយ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់លើវិស័យការពារជាតិ។ នេះបើតាមការផ្សាយរបស់វិទ្យុសម្លេងប្រជាជនវៀតណាមដដែល។
បើតាមប្រភពដដែល ប្រមុខការពារជាតិកម្ពុជា បានកំណត់ការពិគ្រោះយោបល់គោលនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកភស្តុភារ និងការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ជាអាទិភាពសម្រាប់ការពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ។
ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលការរៀបចំសម្រាប់ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២៧» ដែលនឹងប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ១៩៦៧។
សូមបញ្ជាក់ថារដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា និងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang)បានចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៧។ ពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែតុលា ក្រោយរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាការងារ លើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៦រវាងប្រទេសទាំងពីរ នៅលើទឹកដីវៀតណាមទីដែលប្រមុខការពារជាតិកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិត្រីភាគី និងពិធីបិទសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយត្រីភាគី កម្ពុជា ឡាវ វៀតណាម ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហាបានវាយតម្លៃថា៖«កងទ័ពទាំងយើងទាំងពីរកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន, ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ។»។
រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏បានជំរុញឱ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសហប្រតិបត្តិការដែលបានឯកភាពគ្នា ជាពិសេសលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ឧស្សាហកម្មការពារជាតិ ការងារភស្តុភារ និងសម្ភារៈយោធា សេដ្ឋកិច្ចការពារជាតិ និងការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕