
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5016 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695187 នាក់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រយៈពេល៤ថ្ងៃហើយ ដែលមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនោះឡើយ។ សាររបស់សម្ដេចនាយករដ្ឋមន្រ្តី តាមរយៈបណ្ដាញសង្គម នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦បានសសេរថា៖ «មកដល់ពេលនេះគឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធ នឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវាយគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួន ចេញពីការអញ្ចើញឱ្យមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថា មន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល បានលួចឱ្យថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែក ឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។ នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នា ករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារអញ្ចើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ឆ្លើយតបសាររបស់សម្តេច ហ៊ុន ម៉ាណែត លោកអ៊ុំសំអាននៅថ្ងៃទី១១តុលាបានសសេរថា ខ្ញុំសូមអរគុណចំពោះលោក ហ៊ុន ម៉ាណែត ដែលធានាសុវត្ថិភាពដល់ខ្ញុំនិងក្រុមការងារ ប្រសិនបើពួកខ្ញុំទៅប្រទេសកម្ពុជា។ អ្វីដែលខ្ញុំចងបានគឺខ្ញុំចង់ឈ្នះថៃបានទឹកដីត្រលប់មកវិញជាជាងឈ្នះខ្មែរគ្នាឯង។ ខ្ញុំចង់បានការបង្រួបង្រួមជាតិ ឯកភាពជាតិនិងការដោះលែងអ្នកទោសមនសិការជាង១០០នាក់។ ក្នុងនាមខ្មែរដូចគ្នា ខ្ញុំចង់ធ្វើការសហការជាមួយលោក ហ៊ុន ម៉ាណែត ក្នុងការដាក់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីទាមទារទឹកដីខ្មែរ៨១ទីតាំងត្រឡប់មកវិញ។ ពលរដ្ឋខ្មែរចង់ឃើញខ្ញុំនិងលោក ហ៊ុន ម៉ាណែត ចាប់ដៃគ្នាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ ជាជាងការជជែកដេញដោលគ្នាយកចាញ់ឈ្នះរវាងខ្មែរនិងខ្មែរ។
ការជជែកដេញដោលគ្នា បើខ្ញុំចាញ់ឬលោក ហ៊ុន ម៉ាណែត ចាញ់ ក៏កម្ពុជាមិនបានទឹកដីខ្មែរ៨១ទីតាំងពីថៃមកវិញនោះទេ។ មានតែការសហការគ្នានិងខ្មែរមានឯកភាពជាតិទេ ទើបកម្ពុជាឈ្នះថៃនិងអាចដណ្តើមទឹកដីខ្មែរត្រឡប់មកវិញ។បន្ទាប់មកទៀតនៅថ្ងៃទី១២តុលាលោកអ៊ុំសំអានក៏បានចេញលិខិតចំហរមួយទៀតដោយរុញបញ្ហាទៅក្រុម២៣តុលានៅក្រៅប្រទេសវិញ។ក្នុងនោះលោកអ៊ុំសំអានបានដាក់លក្ខណ្ឌ័៣ចំណុច៖
លោក អ៊ុំ សំអាន ឲ្យដឹងថា លោកនឹងស្នើទៅរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា កោះប្រជុំដើម្បីពិនិត្យលទ្ធភាពបញ្ជូនប្រតិភូផ្លូវការទៅរាជធានីភ្នំពេញ។លោក អ៊ុំ សំអាន ក៏បានស្នើទៅសម្តេច ហ៊ុន ម៉ាណែត ឲ្យបើកវេទិកាជជែកដេញដោលគ្នាជាសាធារណៈដើម្បីរកដំណោះស្រាយលើរបៀបវារៈចំនួន៣ គឺបញ្ហាព្រំដែនគោកកម្ពុជា-ថៃ ជារួម បញ្ហាដែនសមុទ្រដែលកម្ពុជាមានជម្លោះជាមួយថៃ និងស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើសេចក្តីស្នើទៅរដ្ឋាភិបាលបារាំងឲ្យបញ្ជូនអ្នកជំនាញបច្ចេកទេស និងផែនទីចូលរួមផ្ទៀងផ្ទាត់ និងទម្លាក់ពីផែនទីទៅលើដីជាក់ស្តែង។
នៅក្នុងលិខិតដដែលនេះ លោក អ៊ុំ សំអាន ក៏បានបញ្ជាក់ជំហរច្បាស់លាស់ដែរថា លោក និងក្រុមរបស់លោកមិនមានចេតនាណាមួយជជែកវាយប្រហារដណ្តើមយកឈ្នះចាញ់ឡើយ តែដើម្បីស្វែងរកដំណោះស្រាយបញ្ហាទឹកដីសុទ្ធសាធ។
តែដើម្បីធានាដល់ការចូលរួមរកដំណោះស្រាយបញ្ហាជាតិនេះ អ្នកនយោបាយប្រឆាំងរូបនេះក៏បានស្នើលក្ខខណ្ឌចំនួន ៣ ទី១ ស្នើឲ្យសម្តេច ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍ទម្លាក់ចោលបទចោទ និងលើកលែងទោសសម្រាប់សមាសភាពប្រតិភូរបស់លោក ទី២ ជំនួបពិភាក្សានេះធ្វើឡើងពីថ្ងៃទី១ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយត្រូវមានបន្តទៀតដើម្បីរកដំណោះស្រាយឲ្យបានពេញលេញ និងទី៣ ស្នើឲ្យលោកនាយករដ្ឋមន្ត្រីចេញលិខិតបញ្ជាក់ជាផ្លូវការពីការធានាសុវត្ថិភាពប្រតិភូរបស់លោក។