
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4979 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695150 នាក់
ខេត្តព្រះសីហនុ៖ជនជាតិចិនចំនួន៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូសបានគ្រឿងញៀនប្រមាណ៩០០គីឡូក្រាម និងអាវុធវែង ខ្លីជាច្រើនដើមនៅខេត្តព្រះសីហនុ ត្រូវបានអយ្យការអមសាលាដំបូងខេត្តសម្រេចចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ។ ជនជាតិចិនទាំងនោះ បានរងការចោទពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើចរាចរណ៍អាវុធ គ្រឿងផ្ទុះ និងសន្និធិអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី០៥ខែតុលានេះ។
ការចោទប្រកាន់ជនជនជាតិចិនទាំង៩នាក់ បានធ្វើឡើងដោយផ្អែកលើភស្តុតាង ក្រោយពីតំណាងអយ្យការបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌចំនួន២ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់ និងពាក់ព័ន្ធនឹងករណីធ្វើចរាចរណ៍ និងសន្និធិអាវុធ ប្រព្រឹត្តនៅចំណុចឆ្នេរព្រែកចាក ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងក្នុងដែនដីកម្ពុជា កាលពីអំឡុងខែសីហា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ការចោទប្រកាន់នេះ ក៏ផ្អែកតាមមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា ៤៨៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់។
តំណាងអយ្យការក៏បានចោទប្រកាន់លើបក្ខពួកជនល្មើស និងអ្នកសមគំនិតមួយចំនួនទៀតដែលកំពុងគេចខ្លួន ព្រមទាំងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។ ក្រៅពីការចោទប្រកាន់នេះ តុលាការក៏បានសម្រេចឃាត់ទុកជាបណ្តោះអាសន្ននូវគណនីធនាគារ, អូប័រ, រថយន្ត និងម៉ូតូ ដែលសង្ស័យថា ជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើស ដើម្បីបន្តនីតិវិធីតាមច្បាប់។
សូមជម្រាបថា ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនដ៏ធំសម្បើមមួយនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ បានដកហូតវត្ថុតាងជាសារធាតុញៀនទម្ងន់ប្រមាណ៩០០គីឡូក្រាម អាវុធវែងខ្លីចំនួន៤៩ដើម សម្ភារពាក់ព័ន្ធនឹងអាវុធរួមមាន បង់ចំនួន១០៨បង់ គ្រាប់អាវុធជិត៨០០០គ្រាប់ និងស៊ីឡង់សឺចំនួន៨ដើម។ ចំណែក មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ដកហូតបានអូប័រ ១គ្រឿង រថយន្ត២គ្រឿង និងម៉ូត ៣គ្រឿង រួមទាំងសម្ភារបម្រើឱ្យសកម្មភាពល្មើសច្បាប់ផ្សេងទៀត៕