
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5009 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695180 នាក់
កំពង់ស្ពឺ៖ សមិទ្ធិផលធំៗដែលកម្ពុជាមានសព្វថ្ងៃ និងកំពុងបន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត គឺមិនអាចកាត់ផ្តាច់បានឡើយពីគុណបំណាច់របស់អតីតនិវត្តជន ដែលបានលះបង់រយៈពេលកន្លងមកនោះទេ។ នេះជាការលើកឡើងលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះពង្រឹងខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនដែលមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពលើកទី៣ ប្រចាំឆ្នាំ២០២៦ ប្រមាណ ២១១៤នាក់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីដែលជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានថ្លែងថា បើគ្មានការចូលរួមពីនិវត្តជន ប្រទេសជាតិក៏មិនអាចអភិវឌ្ឍទៅមុខបានពេញលេញ និងមានចីរភាពនោះទេ។ និវត្តជនគឺជាប្រភពធនធានមនុស្សដ៏មានតម្លៃ និងជាឃ្លាំងនៃចំណេះដឹង បទពិសោធន៍ និងប្រាជ្ញាស្មារតី ដែលបានឆ្លងកាត់ការអនុវត្តការងារជាក់ស្តែងជាច្រើនទសវត្សរ៍។ដូច្នេះចាស់ព្រឹទ្ធាចារ្យទាំងអស់ជានិវត្តជនគ្រប់ៗរូប គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ក្នុងការចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា គ្រប់គោលនយោបាយ និងគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីតែផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ។
លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឱ្យពួកគាត់មានសង្ឃឹម និងកាន់តែជឿជាក់លើថ្នាក់ដឹកនាំ និងថា ការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមកពិតជាមានតម្លៃ។
មហាសន្និបាតបូករសុបការងារអតីតយុទ្ធជននិវត្តន៍ជន១០ឆ្នាំកាលពីខែមិថុនា២០២៦បានសម្រេចកែសម្រួលឈ្មោះរបស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគមផងដែរ។
ឮសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធាន«សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាពសំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខុដមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់ដី សម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិន រំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារពិការ និង គ្រួសារយុទ្ធជនពលី មរណៈ និងអតីត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគេ មានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ។
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន ព្រមទាំងសម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមនេះតាមរយៈការបើកផ្ដល់របបសន្តិសុខសង្គមមួយខែពីរដងជាដើម។ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖ ១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យបានទាន់ពេលវេលា និងទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល ។
២-ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និង វែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ជួយសម្រួល និង កែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ។
៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង គណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូន អតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និង និវត្តជន ដែលក្រីក្រពិតប្រាកដ ។
៥-សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារ អតីតយុទ្ធជន និងនិវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អាជ្ញាធរ ដែនដី សប្បុរសជននានា និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និង សម្ភារ: ។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និង និវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និង និវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់ ។
៦-ក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូល គម្រោងអភិវឌ្ឍអតីតយុទ្ធជន និង និវត្តជន នៅតាមថ្នាក់នីមួយៗ ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និង ជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និង លទ្ធភាពរបស់បងប្អូនជាក់ស្តែង។
៧-ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និង អង្គភាពនគរបាលជាតិគ្រប់លំដាប់ថា្នក់ និង បណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និង ចុះជាប់រួមសុខរួមទុក្ខជាមួយ អតីតយុទ្ធជនដោយមិនគិតពីអតីតភាព។
៨-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និង ស្ថិតស្ថេរគង់វង្ស ។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣ យ៉ាង គឺ៖ ទី១). មានគោលការណ៍ និង មាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និង ទី៣).មានហិរញ្ញវត្ថុសម្រាប់ ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន ។
៩-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និង អនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្ដមហាសន្និបាតសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អនុវត្តរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និង របបប្រជុំ ឱ្យបាន ទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ១០-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និង ពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និង និវត្តជន។
១១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ។
១២- នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និង គោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។
១៣-សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ៦ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និង ទី៣). ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ។
១៤-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និង ការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយ របស់សប្បុរសជននានា ដោយអនុវត្តឱ្យ បានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។
១៥-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសមាគមអតីតយុទ្ធជន និង ចលនាអតីតយុទ្ធជននៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក៕