
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10810 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700981 នាក់
ត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនយកពន្ធលើការនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនោះទេ ពោលគឺដើម្បីជួយឲ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងបានល្អ និងមានតម្លៃសមរម្យនៅលើទីផ្សារអន្តរជាតិ។
ចំពោះមុខវត្តមានលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជាដែល បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «សូម្បីតែផលិតផលសម្រេច ដូចកង់ឡាននាំទៅក្រៅដូចអត់ជាប់ពន្ធផង បានន័យថា យើងទម្លាក់ពន្ធ អត់យកពន្ធទេ ដើម្បីផលិតផលនេះប្រកួតប្រជែង ចឹងផលិតផលកង់ឡានយើង បើរដ្ឋមិនយកពន្ធអាចលក់បានចំណេញហើយតម្លៃសមរម្យប្រកួតប្រជែង ចឹងគាត់មានលទ្ធភាពមកទិញកៅស៊ូទិញអីតម្លៃខ្ពស់ ដើម្បីបូកចឹងយើងទុកជួយដល់កសិករយើងតាមហ្នឹង»។
ក្នុង «ពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើន ឆាប់រហ័ស, ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ របស់វិនិយោគិន, ទាំងខ្មែរ និងបរទេស, មកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេម បូឌា) របស់ចិន បានបោះទុនវិនិយោគសុរបប្រមាណ ៣០ លានដុល្លារ ដើម្បីសាងសង់រោងចក ផលិតកែច្នៃជ័រកៅស៊ូនេះ លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតជ័រកៅស៊ូសរុប ប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាសន្ធឹកសន្ធាប់, ក្នុងនោះ ការងារផ្ទាល់ ប្រមាណ៣០០កន្លែង និងការងារប្រយោល(អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ ម៉ឺនកន្លែង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បុគ្គលិក របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងសូមស្វាគមន៍ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់រោងចក្រផលិតកែច្នៃ កៅស៊ូទី២ ក្នុងខេត្តរតនគិរី របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជាមួយទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក, និង មានសមត្ថភាពផលិតជ័រកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចគម្រោងទី១ផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២៦ (មករា ដល់ មីនា) កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងតម្លៃជាង ៤៧២លានដុល្លារ កើនឡើង ៤២.៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទីផ្សារធំជាងគេដែលបានទិញសំបកកង់រថយន្តពីកម្ពុជាគឺ សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៣៥៨លានដុល្លារ។
ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង ៥៧.៨៦% បើធៀបនឹងឆ្នាំ២០២៤។ ការកើនឡើងនេះគឺដោយសារតែការទាក់ទាញវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យមានរោងចក្រផលិតសំបកកង់រថយន្តមកដាក់ទុនវិនិយោគនៅក្នុងប្រទេស៕