
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5645 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695816 នាក់
ត្បូងឃ្មុំ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
លោក ប៉ែន កុសល្យ បានបញ្ជាក់ពីគោលជំហរដាច់ខាតក្នុងការគាំទ្រ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ចាត់រាល់ការឆបោកតាមប្រព័ន្ធអនឡាញ ។
លោកបានបញ្ជាក់ថា “ខេត្តត្បូងឃ្មុំ មិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសឡើយ តែគឺជាឋាននរករបស់ឧក្រិដ្ឋជនទាំងឡាយណា ដែលបម្រុងមកបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម”។ បន្ថែមលើសពីនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការណ៍ក្តៅ ដោយដាក់កម្លាំងប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង នៅតាមច្រកចេញ-ចូលនៃទីតាំងគោលដៅសរុបចំនួន ៩កន្លែង ក្នុងនោះមានកាស៊ីណូមានអាជ្ញាបណ្ណ ៤កន្លែង និងការដ្ឋានសាងសង់-មណ្ឌលអាជីវកម្ម ៥កន្លែងដើម្បីទប់ស្កាត់ដាច់ខាត មិនឱ្យមានលំហូរចូលថ្មីនៃជនបរទេស ដែលអាចមកបម្រើឱ្យសកម្មភាពខុសច្បាប់។
ទីតាំងទាំង ៩ ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតរួមមាន កាស៊ីណូ៖ GRAND GOLDEN, XAMAT, រ៉ុងស៊ីងទីរីសត និង ឃីងរូស្ទ័រអេនធើធេនម៉ិន, តំបន់សេដ្ឋកិច្ច និងការដ្ឋាន ទីតាំង ប៉ាយ អ៊ុ សួនឧស្សាហ៍កម្មផ្លូវ៧២ ការដ្ឋានភូមិបុស្សចេក ទីតាំង ជើង ពី (GOLDBI RESORT) និង ការដ្ឋាន២៦០។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ២១២នាក់ (ស្រី៣៩នាក់) ក្នុងនោះមានជនជាតិចិន ១៩២នាក់ (ស្រី២៤នាក់) ជនជាតិមីយ៉ាន់ម៉ា ស្រី៣នាក់ ជនជាតិវៀតណាម ១០នាក់ (ស្រី៧នាក់) និងជនជាតិខ្មែរ៧នាក់ (ស្រី៥នាក់)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្តទៀត៕