
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12297 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702468 នាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើករណីសកម្មជនកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសដែលរួមមាន លោក ស្រ៊ុន ស្រ៊ន, លោក សាន សិទ្ធ និងកញ្ញា ភឹង សោភា ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីពួកគេបានផ្សាយផ្ទាល់(LIVE)វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង “គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម(CLV-DTA)” ។
លោក សឺន ជុំជួន ដែលជាមេធាវីការពារក្តីឱ្យសកម្មជន២៣តុលា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់សវនាការថា តុលាការបានសម្រេចផ្តន្ទាទោសលោក ស្រ៊ុន ស្រ៊ន, លោក សាន សិទ្ធ និងកញ្ញា ភឹង សោភា ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។ ទាក់ទងនឹងការសម្រេចនេះ លោក សឺន ជុំជួន បញ្ជាក់ថា ក្នុងនាមរូបលោកជាមេធាវី លោកពិតជាពិបាកក្នុងការទទួលយក ហើយនឹងមានការពិភាក្សាជាមួយកូនក្តីនិងក្រុមគ្រួសារពួកគេបន្ថែមទៀត ថានឹងត្រូវធ្វើយ៉ាងណា។
អ្នកស្រី ស្វាយ ពៅ ភរិយារបស់លោក សាន សិទ្ធ បានលើកឡើងថា អ្នកស្រីមិនសប្បាយចិត្តទេព្រោះប្តីបានជាប់ឃុំជិត២ឆ្នាំមកហើយ ខណៈជីវភាពគ្រួសារកំពុងខ្វះខាត។ អ្នកស្រីបន្ថែមថា ការចោទពីបទញុះញង់នេះគឺមិនយុត្តិធម៌ឡើយសម្រាប់ស្វាមី និងសកម្មជន២៣តុលាផ្សេងៗទៀត។ យ៉ាងណាមិញ ចំពោះសាលក្រមនាថ្ងៃនេះ លោកស្រីថាក៏អាចប្តឹងទៅសាលាឧទ្ធរណ៍បាន។
ចំណែកអ្នកស្រី ស៊ឹង សុភីណា ភរិយារបស់លោក ស៊្រុន ស្រ៊ន បានលើកឡើងដែរថា ទោះនីតិវិធីយ៉ាងណាក៏ទទួលយកដែរ ព្រោះជាគ្រួសារគឺព្យាយាមដើរតាមនីតិវិធី តែក៏មានខកចិត្តព្រោះស្វាមីនៅក្នុងឃុំ ខណៈជីវភាពគ្រួសារក៏លំបាក។
រីឯកញ្ញា ភឹង សោភ័ណ បងស្រីរបស់កញ្ញា ភឹង សោភា បានលើកឡើងថា កញ្ញាគោរពតាមការសម្រេចរបស់តុលាការ តែការពិតនៅតែជាការពិត ព្រោះឆន្ទៈនិងគោលបំណងរបស់សោភានៅក្នុងការផ្សព្វផ្សាយពីច្បាប់នៅតែជាផលប្រយោជន៍ដល់ពលរដ្ឋទូទៅ ហើយកញ្ញានៅតែគាំទ្រសកម្មភាពដែលប្អូនបានធ្វើកន្លងមក។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទចំនួន៤នាក់ គឺ លោក ស្រ៊ុន ស្រ៊ន, លោក ចក់ ប៊ានមុន្នី, លោក សាន សិទ្ធ និងកញ្ញា ភឹង សោភា។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង៤នាក់ និងបក្ខពួកបានផ្សាយផ្ទាល់វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះSrun Srornពាក់ព័ន្ធទៅនឹង“គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)” ដោយបានអត្ថាធិប្បាយមានចរិតមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត និងញុះញង់៕