
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9902 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700073 នាក់
ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក KIM Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា នេះ បានរួមគ្នាដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។ កិច្ចសន្ទនា ផ្តោតលើការដោះស្រាយបញ្ហា ដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកូរ៉េ និងបានគូសបញ្ជាក់ជាថ្មី នូវ ឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ លោកស៊ុនចាន់ថុលបានបញ្ចាក់ថា កិច្ចសន្ទនានេះមិន មែនត្រឹមតែជាវេទិកា ពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ចំពោះករណីអាទិភាពនានា សំដៅបង្ក លក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ដូចគ្នាដែរលោក KIM Changyong បានចាត់ទុក កិច្ចសន្ទនាលើកទី៣នេះជាសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប សម្រាប់បញ្ហាប្រឈម នានា ដែលវិនិយោគិនកូរ៉េបានលើកឡើង។ លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។
កិច្ចសន្ទនាលើកទី៣នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពសបញ្ជាក់ ឱ្យឃើញពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថា នឹងទទួលបាន នូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្រប តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕