
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11469 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701640 នាក់
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជា ត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន.
កាសែតថៃខាវសុតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ Thiranan Nuntakhwang នាយកចារកម្មកងទ័ព បានបង្ហោះសារថា៖ “គ្មានបេសកកម្មណាដែលពិបាកពេកទេ គ្មានការលះបង់ណាដែលធំធេងពេកទេ កាតព្វកិច្ចត្រូវមកមុនគេ។
ប្រភពដដែលលើកឡើងថា ស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា ហាក់ដូចជាកំពុងឃ្លាតឆ្ងាយពីការប្រឈមមុខដាក់គ្នាដោយយោធាផ្ទាល់ ដោយកម្ពុជាបានងាកមកផ្តោតខ្លាំងលើការប្រើប្រាស់យុទ្ធសាស្ត្រក្រោមច្បាប់អន្តរជាតិ និងការព្យាយាមកៀរគរសម្ពាធសកលប្រឆាំងនឹងប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ការវិវត្តទាំងនេះត្រូវបានគ្របដណ្តប់ដោយភាពតានតឹងកាន់តែរីកធំឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ ទោះបីជាយ៉ាងនេះក្តី លោកបានព្រមានថា លទ្ធភាពនៃការផ្ទុះជម្លោះប្រដាប់អាវុធជាថ្មី មិនអាចត្រូវបានច្រានចោលទាំងស្រុងនោះទេ។
លោកបានកំណត់កត្តាសំខាន់ពីរដែលត្រូវតាមដាន គឺការបញ្ជាទិញអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់របស់កម្ពុជាពីប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងការបោះឆ្នោតសកលរបស់កម្ពុជាដែលគ្រោងធ្វើឡើងនៅឆ្នាំ ២០២៧។ លោក ពន្យល់ថា បញ្ហាទាំងពីរនេះ អាចជាសូចនាករដែលនាំទៅរកការប្រឈមមុខដាក់គ្នាដោយអាវុធជាលើកទី៣ នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា ទោះបីជាវាមិនមែនកើតឡើងក្នុងពេលឆាប់ៗនេះក៏ដោយ។