
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7451 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697622 នាក់
ប្រទេសថៃ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុន នាគផានិត បានអះអាងថា លោកមិនទាន់ត្រូវបានទាក់ទងឲ្យចូលរួមក្នុងគណៈរដ្ឋមន្ត្រីអាណត្តិបន្ទាប់នៅឡើយទេ ហើយនឹងផ្តោតលើការបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលពីរខែដែលនៅសល់។
តែ លោកបានលើកឡើងថា កងកម្លាំងយោធាថៃគួរត្រូវពិចារណាលើវិធានការដែលលើសពីការប្រើកម្លាំងយោធាប្រកបដោយសុវត្ថិភាពតែប៉ុណ្ណោះ។ លោកជំរុញឲ្យមេបញ្ជាការយោធាគិតបន្ថែមអំពីវិស័យការទូត នយោបាយអន្តរជាតិ ចិត្តវិទ្យាសង្គម និងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិឲ្យមានប្រសិទ្ធភាព និងបន្ថយភាពតានតឹងក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិថៃក៏បានគាំទ្រការស្ថាបនារបងអចិន្ត្រៃយ៍នៅចំណុចសំខាន់ៗតាមព្រំដែនថៃ–កម្ពុជា ដូចជា តំបន់បានខ្លុងលឹក និងថ្មដា។ លោកបានណែនាំឲ្យដំឡើងប្រព័ន្ធរបងអេឡិចត្រូនិក និងកាមេរ៉ាវីដេអូ (CCTV) នៅកន្លែងដែលចាំបាច់ ដើម្បីពង្រឹងការត្រួតពិនិត្យ និងការតាមដានសកម្មភាពខុសច្បាប់។
ក្រៅពីវិធានការសន្តិសុខ លោកបានស្នើឲ្យអភិវឌ្ឍតំបន់ភ្នំទ្រព្យ អានសេះ និងមុំបី ឲ្យក្លាយជាតំបន់ទេសចរណ៍ ឬតំបន់អនុស្សាវរីយ៍។ លោកអះអាងថា ការអភិវឌ្ឍបែបនេះអាចជួយបង្កើនការត្រួតពិនិត្យការផ្លាស់ប្តូរនៅលើដី និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ព្រំដែនផងដែរ។
ទាក់ទងនឹងការរៀបចំគណៈរដ្ឋមន្ត្រីថ្មី លោកណាត់ថាផុន បានបញ្ជាក់ថា លោកមិនទាន់ទទួលបានការទាក់ទងជាផ្លូវការអំពីការចូលរួមក្នុងរដ្ឋាភិបាលអាណត្តិបន្ទាប់ទេ។ លោកបញ្ជាក់ថា អាទិភាពបច្ចុប្បន្នរបស់លោកគឺការបំពេញភារកិច្ចឲ្យបានពេញលេញ រហូតដល់អាណត្តិបច្ចុប្បន្នបញ្ចប់ ។នេះបើតាម៖ The Nation។
សូមបញ្ជាក់ថាកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោក Nattaphon Nakpanich ក៏បានឱ្យដឹងថា ក្រសួងរបស់លោក បានស្នើទៅកាន់ក្រុមប្រឹក្សាការពារជាតិ ចង់ឱ្យកាត់បន្ថយដោយសន្សឹមៗ នូវចំនួនកងទ័ពដែលឈរនៅតាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងគោលបំណងបន្ធូរបន្ថយការចំណាយ។ តាមការចេញផ្សាយដោយ សារព័ត៌មាន Thai PBSបានឲ្យដឹងថា៖លោក Nattaphon បាននិយាយថា សម្រាប់ពេលឥឡូវ និងមួយរយៈពេលខាងមុខ វានៅតែជារឿងសំខាន់ក្នុងការរក្សាវត្តមានយោធា នៅតាមបណ្តោយព្រំប្រទល់ រវាងប្រទេសថៃនិងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ ដែលកងទ័ពថៃដណ្តើមកាន់កាប់បានពីកម្ពុជា អំឡុងការប្រយុទ្ធគ្នាកាលពីខែធ្នូ ចុងឆ្នាំមុន។
ប៉ុន្តែលោក Nattaphon បានទទួលស្គាល់ថា ការរក្សាវត្តមានទ័ពជាប់រហូត នៅតាមខ្សែបន្ទាត់ព្រំដែនប្រហែលជិត៨០០គីឡូម៉ែត្រ គឺជារឿងមិនអាចទៅរួច និងត្រូវចំណាយច្រើនខ្លាំង ដូច្នេះហើយលោកបានស្នើទៅក្រុមប្រឹក្សាការពារជាតិថៃ ចង់ឱ្យកាត់បន្ថយចំនួនទ័ពដោយសន្សឹមៗ ហើយទន្ទឹមគ្នានោះ ត្រូវពង្រឹងការដាក់រនាំងព្រំដែន និងសាងសង់ភូមិឱ្យអតីតយុទ្ធជន ដែលនឹងជួយមើលការពារតំបន់ព្រំដែន។
លោករដ្ឋមន្រ្តីការពារជាតិថៃ បានបន្តថា នៅតំបន់មានមនុស្សរស់នៅច្រើន ដូចជា Klong Leuk ដែលស្ថិតនៅទល់មុខក្រុងប៉ោយប៉ែតរបស់កម្ពុជា និងនៅតំបន់ថ្មដា ដែលជាប់ខេត្ត Trat ការដាក់រនាំងព្រំដែន គួរតែត្រូវពង្រឹងឱ្យកាន់តែរឹងមាំបន្ថែម ហើយបំពាក់ឧបករណ៍ឃ្លាំមើលអេឡិចត្រូនិក។ រីឯតំបន់ដទៃទៀត នៅជា Chong An Ma (អានសេះ), Chong Bok (មុំបី), និង Phu Makua (ភ្នំទ្រព្យ) អាចអភិវឌ្ឍទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ៕