
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7626 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697797 នាក់
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។
នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមាន បន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់បច្ចុប្បន្ននេះ។
ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលបន្តថា «ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជនកម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត»។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុង ឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស។
ព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែលបានរូបរួមគ្នាបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់ប្រជារាស្ត្រឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន និងបានយក ចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ។
ព្រះមហាក្សត្រ ទ្រង់បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា៕