
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4943 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695114 នាក់
វេណេហ្សុអេឡា៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាលពីថ្ងៃពុធទី៧មករា បានរិះគន់ចំពោះការលើកឡើងដោយរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដែលបានដាក់សម្ពាធឱ្យរដ្ឋធានីការ៉ាកាស នៃប្រទេសវេណេហ្ស៊ីអ៊ីឡា បញ្ឈប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងដៃគូផ្សេងទៀត ហើយងាកមកបង្កើតភាពជាដៃគូប្រេងផ្ដាច់មុខជាមួយសហរដ្ឋអាម៉េរិកជំនួសវិញ ។
លោកស្រី ម៉ៅ នីង បានប្រាប់អ្នកសារព័ត៌មានថា៖ «ការប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងវេណេហ្ស៊ូអ៊ីឡា ក៏ដូចជាការទាមទារឱ្យវេណេហ្ស៊ូអ៊ីឡាផ្ដល់អាទិភាពដល់គោលនយោបាយ «អាម៉េរិកជាអាទិភាព» (America First) ក្នុងការគ្រប់គ្រងធនធានប្រេងរបស់ប្រទេសនេះ គឺជាសកម្មភាពដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ និងប៉ះពាល់ដល់សិទ្ធិសម្រេចចិត្តរបស់ប្រជាជនវេណេហ្ស៊ូអ៊ីឡា» ។
យោងតាមសេចក្ដីរាយការណ៍ អាម៉េរិកបានប្រាប់ឱ្យវេណេហ្ស៊ូអ៊ីឡាកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយ ចិន រុស្ស៊ី អ៊ីរ៉ង់ និងគុយបា ហើយត្រូវលក់ប្រេងឆៅប្រភេទធ្ងន់ឱ្យទៅតែអាម៉េរិកប៉ុណ្ណោះ។ លោកស្រី ម៉ៅ នីង បានរិះគន់ចំពោះសកម្មភាពនេះ ដោយបន្ថែមថា ផលប្រយោជន៍ស្របច្បាប់របស់ចិន និងប្រទេសដទៃទៀតនៅទីនោះ ត្រូវតែទទួលបាននូវការគោរព ។
យោងតាមការចុះផ្សាយនាថ្ងៃទី៨ខែមករាឆ្នាំ២០២៦របស់រ៉យទ័រ រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។
អនុប្រធានាធិបតី លោក JD Vance បានលើកឡើងថា ការគ្រប់គ្រងធនធានថាមពលរបស់វ៉េណេស៊ុយអេឡា នឹងអនុញ្ញាតឲ្យអាមេរិកដាក់សម្ពាធ ដោយមិនចាំបាច់ដាក់ពង្រាយកងទ័ព ហើយលោកបានបន្ថែមថា ការលក់ប្រេងនឹងត្រូវបានអនុញ្ញាត លុះត្រាតែវាបម្រើដល់ផលប្រយោជន៍ជាតិរបស់អាមេរិកប៉ុណ្ណោះ។
ក្រសួងថាមពលបានឲ្យដឹងថា អាមេរិកគ្រោងនឹងលក់ប្រេងឆៅដែលវ៉េណេស៊ុយអេឡាបានស្តុកទុកមុនគេ បន្ទាប់មកនឹងលក់ផលិតកម្មនាពេលអនាគត ដោយចំណូលដែលទទួលបាននឹងត្រូវដាក់ក្នុងគណនីដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រីប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodríguez បានយល់ព្រមលើកិច្ចព្រមព្រៀងនាំចេញដំបូងដែលមានតម្លៃ ២ពាន់លានដុល្លារទៅកាន់អាមេរិក។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបញ្ជាក់នៅលើបណ្តាញសង្គមផងដែរថា វ៉េណេស៊ុយអេឡាបានយល់ព្រមប្រើប្រាស់ប្រាក់ចំណូលពីការលក់ប្រេង ដើម្បីទិញទំនិញដែលផលិតនៅអាមេរិក ដែលលោកបានពណ៌នាថាជាជម្រើស «ដ៏ឈ្លាសវៃ» សម្រាប់ប្រទេសទាំងពីរ។ ដើម្បីសម្របសម្រួលដល់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់វ៉េណេស៊ុយអេឡា លោកត្រាំគ្រោងនឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Exxon Mobil, ConocoPhillips និង Chevron នៅសេតវិមានក្នុងថ្ងៃសុក្រសប្តាហ៍នេះ។
ទោះបីជារដ្ឋបាលអាមេរិកចាត់ទុកផែនការនេះថាជាផ្លូវទៅរកភាពរុងរឿងសម្រាប់ប្រទេសសមាជិក OPEC មួយនេះក៏ដោយ ក៏វាបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្នុងប្រទេស និងសហគមន៍អន្តរជាតិ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យបានប្រៀបធៀបយុទ្ធសាស្ត្រនេះទៅនឹង «ការប្លន់យកប្រេងដោយប្រើកាំភ្លើង» ហើយអ្នកវិភាគឧស្សាហកម្មបានព្រមានថា ចំណាត់ការនេះអាចបង្កឲ្យមានអស្ថិរភាពនយោបាយរយៈពេលវែង។
ប្រទេសវ៉េណេស៊ុយអេឡាមានទុនបំរុងប្រេងធំបំផុតនៅលើពិភពលោក ប៉ុន្តែការផលិតបានធ្លាក់ចុះពី ៣,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មកនៅត្រឹមប្រហែល ១,១លានបារ៉ែលកាលពីឆ្នាំមុន។ មន្ត្រីអាមេរិកជឿជាក់ថា ការបញ្ចូលបច្ចេកវិទ្យា និងឧបករណ៍របស់អាមេរិក អាចជួយជំរុញទិន្នផលបានយ៉ាងឆាប់រហ័ស ទោះបីជាការស្តារឡើងវិញឲ្យដល់កម្រិតប្រវត្តិសាស្ត្រត្រូវបានគេរំពឹងថានឹងត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ៕