
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 37 នាក់
ម្សិលមិញ 7143 នាក់
សរុប 19259990 នាក់
មណ្ឌលគិរី៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបឆ្មក់ចូលទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ប្រតិបត្តិការនេះដំបូងឡើយធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។
ប៉ុន្តែជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់ ) ឥណ្ឌា៣០ នាក់(ស្រ្តី១នាក់) មីយ៉ាន់ម៉ា២២នាក់ (ស្រ្តី១៣នាក់) នេប៉ាល់ ៦នាក់ (ស្រ្តី២នាក់) ប៉ាគីស្ថាន៤នាក់ (ស្រ្តី១នាក់ ) រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់និងហ្វីលីពីន១នាក់ ។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារៈបច្ចេកវិទ្យា រួមមានៈកុំព្យូទ័រលើតុ ៤២០គ្រឿង និងទូរសព្ទដៃ ១,៤៥០គ្រឿង។
តាមការបំភ្លឺពីជនជាតិថៃបានឱ្យដឹងថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ពី ២០,០០០ ទៅ ៤០,០០០បាត ប៉ុន្តែបែរជាត្រូវមកបង្ខំឱ្យធ្វើការងារឆបោកអនឡាញបែបនេះទៅវិញ។ ក្ ជនជាតិថៃ ១នាក់បានបំភ្លឺថាខ្លួនបានធ្វើដំណើចូលកម្ពុជា តាមព្រលានភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាបុគ្គលិកអនឡាញ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវបានអូសទាញឱ្យទៅធ្វើការនៅទីតាំងខាងលើ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។
សមត្ថកិច្ចជំនាញបានឱ្យដឹងថាក្រុមនេះ បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកគោលដៅទៅប្រទេសថៃ ក្នុងរូបភាពក្លែងបន្លំលក់ទំនិញអនឡាញ និងទៅសហរដ្ឋអាមេរិក ក្នុងរូបភាពក្លែងបន្លំការវិនិយោគរូបិយប័ណ្ណឌីជីថល (Crypto)។
ករណីនេះមេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ រួមជាមួយនឹងវត្ថុតាង កុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។
ចំណែកជនបរទេស ២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។
អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនម្ចាស់ទីតាំងដែលកំពុងគេចវេសមិនសហការជាមួយសមត្ថកិច្ច ដើម្បីយកមកអនុវត្តទោសតាមច្បាប់ជាធរមាន។ សម្ភារៈចាប់យកមួយចំនួនត្រូវបានបញ្ជូនទៅឱ្យមន្ត្រីជំនាញបច្ចេកវិទ្យា ធ្វើកោសល្យវិច័យ ដើម្បីស្វែងរកបណ្តាញពាក់ព័ន្ធបន្ថែមទៀត។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមាន ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕