
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5876 នាក់
ម្សិលមិញ 6888 នាក់
សរុប 20065331 នាក់
បន្ទាយមានជ័យ៖តាមរយៈបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការឆ្លើយតបចំពោះមតិដែលតែងតែលើកឡើងនៅក្នុងបណ្ដាញសង្គមថា តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី? ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថាកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភ បំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង) ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕
ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។
សាររបស់សម្តេចធិបតីហ៊ុនម៉ាណែតបានធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។
ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។
ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕