
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6410 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696581 នាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តំណាងក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់ ពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ ក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។មិនដឹងថាតើប្រជាពលរដ្ឋជាងង២០នាក់ទៀតដែលរងរបួសបានទទួលអំណោយដែរឬអត់នោះទេ។
តែយ៉ាងណាបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងយោធាថៃបានប្រេីហិង្សាមកលើប្រជាជនខ្មែរ នៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើឱ្យព្រះសង្ឃប្រជាពលរដ្ឋ និងទាហាន បានរងរបួសសរុប ៣០នាក់ ហើយត្រូវបានជួយសង្គ្រោះបឋម និងបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកខេត្តបន្ទាយមានជ័យ និងបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះអង្គឌួងនៅក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ (មិត្តភាពកម្ពុជា-ជប៉ុន) មង្គលបុរី បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា មានជនរងគ្រោះចំនួនពីររូប ត្រូវបានបញ្ជូននៅជួយសង្រ្គោះនៅមន្ទីរបង្អែកខេត្ត ក្នុងនោះ១រូប ជាវីរៈកងទ័ពជួរមុខ និងមួយរូបទៀតជាប្រជាពលរដ្ឋ។ ជនរងគ្រោះទាំងពីររូបនេះ មានអាការៈធ្ងន់ដោយសារការផ្ទុះអាវុធដែលបង្កដោយទាហានថៃមកលើប្រជាជនខ្មែរ នៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត ទុ បារាំង បានបន្តថា វីរៈកងទ័ពដែលត្រូវរបួសក្រោមភ្នែកខាងស្តាំធ្ងន់ធ្ងរត្រូវបានបញ្ជូនសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះអង្គឌួង នៅរាជធានីភ្នំពេញ ខណៈពលរដ្ឋរងរបួសដោយគ្រាប់បែកផ្សែងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ទា លោក សួន វណ្ណា ពលរដ្ឋរងគ្រោះដោយគ្រាប់បែកផ្សែងរបស់យោធាថៃ នៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាក់ព្យាបាលបានរៀបរាប់ថា លោកមានអាការៈហៀរទឹកភ្នែក ស្រវាំងភ្នែក និងថប់ដង្ហើម ក្រោយត្រូវគ្រាប់ផ្សែង ដែលកងកម្លាំងយោធាថៃគប់មកលើប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលតវ៉ារារាំងមិនឱ្យកម្លាំងយោធាថៃរាយបន្លាលួសបំពានមកលើអធិបតេយ្យភាពទឹកដីកម្ពុជា។ បច្ចុប្បន្នអាការៈជំងឺរបស់លោកនៅតែមានលក្ខណៈ ថប់ដង្ហើម និងចង់ចង្អោររកក្អួតចង្អោរ
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងយោធាថៃ បានរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ពបំពានមកលើទឹកដីកម្ពុជានៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនេះផ្ទុយពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)៕