
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6889 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697060 នាក់
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅ ដើម្បីពិនិត្យលើការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិពីក្រុមក្បត់ជាតិដែលបម្រើផលប្រយោជន៍បរទេសប្រឆាំងជាតិរបស់ខ្លួនឯងនោះហើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរាជរដ្ឋាភិបាល សិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីមនុស្សណាដែលក្បត់ជាតិ។ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ក្នុងពិធីសំណេះសំណាលមួយនៅខេត្តព្រៃវែង សម្តេចតេជោបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាដែលមានសម្លេងជាង៩០ភាគរយមកពីគណបក្សប្រជាជន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ដើម្បីពិនិត្យលើការធ្វើច្បាប់ដកសញ្ជាតិពីក្រុមក្បត់ជាតិ ដែលបម្រើផលប្រយោជន៍បរទេសប្រឆាំងជាតិរបស់ខ្លួនឯង។សម្តេចតេជោ៖ «រឿងក្រុមប្រឆាំងគង់នឹងដល់ទេ ហើយក៏សុំជូនព័ត៌មានដល់ក្រុមប្រឆាំងដែរ។ អ្នកឯងចង់ថាម៉េចថាទៅ ប៉ុន្តែសភា នឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកក្កដានេះហើយ ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានកែ ដើម្បីផ្តល់ឳកាសសម្រាប់ការដកសញ្ជាតិ អ្នកឯងប្រឹងប្រឆាំងឃុបឃិត ជាមួយបរទេសប្រឆាំងខ្មែរទៀតទៅ អ្នកឯងលមើល»។
ថ្មីៗនេះមានការកត់សម្គាល់ថា ខណៈពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងបង្ហាញភាពរួបរួមជាធ្លុងមួយក្នុងការគាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការគំរាមកំហែង និងអំពើឈ្លានពានពីប្រទេសថៃនោះ, បុគ្គល សម រង្ស៊ី បែរជានិយាយខុសពីការពិត ដោយចោទថា ទង្វើរបស់មេដឹកនាំកម្ពុជា នាពេលបច្ចុប្បន្ន មិនមែនជាចលនារក្សាឯករាជ្យជាតិនោះទេ ប៉ុន្តែជារឿង «ភ័យខ្លាចបាត់បង់ប្រាក់រាប់ពាន់លានដុល្លារ» ពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិឯណានោះទៅវិញ។
សម្តីនេះត្រូវបានចាត់ទុកថា មិនត្រឹមតែបំពានលើសេចក្ដីស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសំឡេងស្ទួន បំពងតាមការចោទរបស់មេដឹកនាំថៃ ដែលព្យាយាមបិទបាំងអំពើឈ្លានពាន និងជាការបកស្រាយព្រឹត្តិការណ៍ខុសស្រឡះនូវអ្វីដែលថៃបានប្រព្រឹត្តមកលើកម្ពុជា។ចឹងកាធ្វើវិសោធនកម្មច្បាប់ ដែលនឹងធ្វើក្នុងពេលខាងមុខនេះ គឺក្នុងគោលបំណងដើម្បីធានាថា ជនជាតិខ្មែរទាំងអស់ត្រូវមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ ហើយសកម្មភាពណាដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិ នឹងត្រូវទទួលទោសតាមច្បាប់រួមទាំងការដកហូតសញ្ជាតិផងដែរ។
សម្រាប់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មីគឺ លោក ហ៊ី សោភា ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រខ្មែរថា ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងអាចធ្វើទៅបានដោយមិនប៉ះពាល់រដ្ឋធម្មនុញ្ញនៃច្បាប់កំពូលរបស់ជាតិឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បញ្ជាក់បន្ថែមជុំវិញការត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះថា៖«ព្រោះលើកនេះ សំណើររួមគ្នារវាងរដ្ឋសភា ទាំង១២៥រូប និងរាជរដ្ឋាភិបាលស្នើសុំទៅព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់សួរយោបល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ អញ្ចឹងហើយក្រុមប្រឹក្សាធម្មនុញ្ញ បានឆ្លើយតបថាធ្វើបាន ដោយមិនផ្ទុយនឹង (រដ្ឋធម្មនុញ្ញ)… ព្រោះរឿងធ្វើម៉េចកុំឲ្យតែផ្ទុយនឹងមាត្រាទាក់ទិនជាមួយនឹងរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស… កន្លែងហ្នឹង មិនអាចកែបានទេ។ អ្វីដែលផ្ទុយនៅក្នុងកន្លែងហ្នឹង គឺថា រដ្ឋធម្មនុញ្ញគឺមិនអាចកែបានទេ។ អញ្ចឹងយើងធានាបាននូវបញ្ហាថា របបរាជានិយម មិនត្រូវបានផ្លាស់ប្តូរ ទៅជាសាធារណ:រដ្ឋ ដូចដែលអ្នកខ្លះ បានអំពាវនាវឲ្យរំលាយចោលរបបរាជានិយយមគឺធ្វើអត់រួចទេ មានតែរដ្ឋប្រហារយោធាមួយគត់ ដែលអាចធ្វើបាន ប៉ុន្តែអ្នកឯងគ្មានលទ្ធភាពធ្វើរដ្ឋប្រហារយោធាទេ»។
សម្រាប់ការបង្កើតច្បាប់ដកសញ្ជាតិនេះ មិនមែនជារឿងថ្មីដែលទើបនឹងកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ, វាគឺជាការអនុវត្តស្តង់ដានៃច្បាប់របស់ប្រជាជាតិនានាជាច្រើនលើសកលលោក និងសូម្បីតែអតីតកាលកម្ពុជាក្នុងសម័យដឹកនាំរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានចែងនូវច្បាប់ដកសញ្ជាតិនេះផងដែរ ក្នុងឆ្នាំ១៩៦៨។ ដូច្នេះ គំនិតផ្តួចផ្តើម ស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ មិនមែនទើបជាលើកទីមួយឡើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងពិធីបើកការដ្ឋាន សាងសង់មួយ នាខេត្តកំពង់ធំថ្ងៃទី៣កក្កដា បានថ្លែងព្រមានថា បើអ្នកហ៊ានក្បត់ផលប្រ យោជន៍ជាតិរបស់ខ្លួនឯងហើយ អ្នកក៏មិនត្រូវខ្លាច នឹងចំណាត់ការច្បាប់របស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដើម្បីការរក្សាដែនអធិបតេយ្យជាតិរបស់ខ្មែរដែរ។សម្តេចធិបតី៖«ហើយប៉ុន្មានថ្ងៃនេះ ឃើញមានការចេញព្រោងព្រាត នៅខាងក្រៅ ភ័យ នៅពេលដែលគ្រោង រៀបចំធ្វើវិសោធនកម្មរឿងដកសញ្ជាតិ…សំដៅទៅលើអ្នកណា ជនជាតិខ្មែរណា ដែលប្រឆាំងនិងផលប្រយោជន៍របស់ខ្មែរ។
ឥឡូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយ មិនធ្វើប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ…អញ្ចឹងកុំភ័យព្រួយពេក! បើសិនជាអ្នកមានផែនការបំផ្លាញ ឃុបឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ និយាយឲ្យច្បាស់តែម្តង។ យើងកំពុងតែប៉ះទង្គិច ការពារទឹកដី នៅមិននៅ ទៅរត់ស្រែកវាយបំបាក់ជាតិយើង អាហ្នឹងរឿងតែមួយ ខ្ញុំមិននិយាយរឿងច្បាប់ គេធ្វើក្រោយចុះ ប៉ុន្តែខ្ញុំសូមបញ្ជាក់អញ្ចេះ នៅលើពិភពលោកហ្នឹងណា យើងគ្រាន់តែឲ្យស្រាវជ្រាវបន្តិច (តើ)ប្រទេសប៉ុន្មាន ដែលមានច្បាប់ដកសញ្ជាតិ? ប្រទេស១៩៥ នៅក្នុងអង្គការសហប្រជាជាតិ ក្នុងហ្នឹង១៥០ប្រទេសមានច្បាប់ដកសញ្ជាតិ។»
ការស្រាវជ្រាវចុងក្រោយបានបង្ហាញថា កាលពីឆ្នាំ២០២២ លើប្រទេសចំនួន១៩០ ក្នុងចំណោមប្រទេសទាំង១៩៥ លើពិភពលោក មានប្រទេសចំនួន១៥០ ឬស្មើនឹង៧៩% ដែលមានច្បាប់ដកសញ្ជាតិ។ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន១៣៤ អាចដកសញ្ជាតិពលរដ្ឋខ្លួនដោយផ្អែកលើហេតុផលដូចជា៖ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០០០ មានប្រទេសដល់ទៅ៣៧ បានបង្កើតច្បាប់ដកសញ្ជាតិក្រោមហេតុផងដូចតទៅនេះ៖- នៅសហភាពអឺរ៉ុប៖ សហគមន៍នេះ ឈានមុខគេក្នុងការបង្កើតច្បាប់ដកសញ្ជាតិ ដោយមាន១៨ប្រទេស (រួមទាំងចក្រភពអង់គ្លេស ហូឡង់ អាល្លឺម៉ង់ និងដាណឺម៉ាក) តាំងពីឆ្នាំ២០០០។
នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង៖ ជាទូទៅ ការបង្កើតច្បាប់ដកសញ្ជាតិ គឺធ្វើឡើងដើម្បីប្រឆាំងអំពើភេរវកម្ម។- នៅសហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាចដកហូតសញ្ជាតិពីពលរដ្ឋ ដោយសារការក្លែងបន្លំ ឬក្លែងក្លាយ (fraud or misrepresentation) ។ គោលនយោបាយថ្មីៗនៃការដកសញ្ជាតិ បានផ្តោតលើបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ឬខ្វះ «សីលធម៌» (terrorism or lacking "good moral character”) ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣កក្កដា បានមានប្រសាសន៍បញ្ជាក់បន្ថែម ជុំវិញការធ្វើច្បាប់ដកសញ្ជាតិតាមប្រទេសមួយចំនួននៅលើសកលលោក៖ «មាន១៥០ប្រទេស, ប្រទេស EU មាន១៨ប្រទេស ដែលមានច្បាប់រួមទាំងអង់គ្លេសទាំងអី តែអ្នកឯងធ្វើរញ៉េរញ៉ៃខុសច្បាប់ ខុសអី រហូតទៅដល់ដកសញ្ជាតិ អាមេរិកក៏មានដែរ អាមេរិក ឥឡូវច្បាប់ថ្មីរបស់អាមេរិក គឺមានរហូតទៅដល់ដកសញ្ជាតិ បើអ្នកហ្នឹង អ្នកឯងប្រព្រឹត្តអំពើភេរវកម្ម ឬមួយអំពើខ្វះសីលធម៌ទៀតនោះ…។
នៅក្នុងចំណោម១៥០ប្រទេសនេះ មាន៣៤ប្រទេស ដែលមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ ប្រឆាំងនឹងផលប្រយោជន៍ជាតិ។ រដ្ឋធម្មនុញ្ញយើងត្រូវតែមើល ប៉ុន្តែបងប្អូនអើយ ប្រទេសខ្លះ បើសិនជាបុគ្គលម្នាក់ហ្នឹង ធ្វើទាហានមានសញ្ជាតិពីរ ធ្វើទាហានឲ្យប្រទេសហ្នឹងផង ធ្វើទាហានឲ្យប្រទេសខ្មែរផង គឺគេដកសញ្ជាតិមួយចោល…ព្រោះពេលច្បាំងគ្នា អ្នកឯងច្បាំងឲ្យពីណា? និយាយឲ្យច្បាស់ អ្នកឯងសុទ្ធតែស្បថជាមួយរដ្ឋធមនុញ្ញ ថាការពារជាតិ ដល់អ្នកឯងសញ្ជាតិពីរ ធ្វើក្របខណ្ឌទាហាននេះផង ទាហាននោះផង គេត្រូវដកចោលមួយ…អញ្ចឹងពេលវាយគ្នាស្ដាប់ពីណា? ពាក់អាវនេះ តែស្តាប់បទបញ្ជាខាងនោះ? អញ្ចឹងរឿងនេះ រឿងនិតិវិធី រឿងការគាំទ្រ រឿងការទៅមុខ ខ្ញុំទុកឲ្យខាងច្បាប់គេធ្វើការ…ខ្ញុំមិនលូកលាន់ ប៉ុន្តែជាគោលគំនិត គឺគ្មានអ្វីដែលធ្វើបាបប្រជាពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ… អ្នកដែលមិនទៅឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៏ជាតិធ្ងន់ធ្ងរនោះទេ កុំព្រួយបារម្ភ។
អ្នកដែលស្នេហាជាតិពិតប្រាកដ ស្រឡាញ់ខ្មែរពិតប្រាកដ ទោះជាដំណាក់កាលណាក៏ដោយ នៅបក្សណាក៏ដោយ និន្នាកាណាក៏ដោយ គេមិនដែលទៅឃុបឃិតនឹងបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងនោះទេ ផលប្រយោជន៍ជាតិនោះទេ»។ជារួមនៅលើពិភពលោកនេះ ប្រទេសប្រមាណ១៥០ប្រទេស ឬ ៧៩% មានច្បាប់ដកសញ្ជាតិ ដោយហេតុផលទាក់ទងនឹងសន្តិសុខ, ចំនួន១៣៤ប្រទេស បង្កើតច្បាប់ដកសញ្ជាតិ ដោយហេតុផល «ក្បត់ជាតិ» (treason) និងមានចំនួន៣៧ប្រទេស ទើបតែបានបង្កើតច្បាប់នេះ ចាប់ពីឆ្នាំ២០០០នោះមក។
សញ្ជាតិមិនមែនគ្រាន់តែជាឋានៈស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណងនៃការទទួលខុសត្រូវរវាងពលរដ្ឋ និងជាតិ។ កាតព្វកិច្ចរបស់ខ្មែររៀងរាល់គ្រប់ៗរូប គឺត្រូវការពារមាតុភូមិ និងប្រឆាំងរាល់អំពើក្បត់ជាតិ។ ដូច្នេះ នៅពេលបុគ្គលណាមួយ ប្រើប្រាស់សញ្ជាតិរបស់ខ្លួនជាឧបករណ៍ដើម្បីបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងហើយ ប្រទេសជាសាមី មិនត្រឹមតែប្រើសិទ្ធិរក្សាការពារជាតិ ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកាតព្វកិច្ច ផ្តាច់ចំណងសញ្ជាតិ ដើម្បីការពារអធិបតេយ្យភាពនៃជាតិរបស់ខ្លួន ដោយមិនរួញរាឡើយ។
ដោយឡែក ក្រុមប្រឹក្សាជាតិតស៊ូដែលមានមូលដ្ឋាននៅក្រៅប្រទេស និងលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងនឹងការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ។ ក្រុមប្រឹក្សានេះ បានចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ថាបាន និងកំពុងប្រហាររដ្ឋធម្មនុញ្ញដោយតាំងខ្លួនជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងប្រើឈ្មោះពលរដ្ឋខ្មែរដើម្បីកាន់អំណាច។បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិតស៊ូបានសង្កត់ធ្ងន់ថា ការចង់ធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនេះ ប្រៀបបាននឹងការដកព្រលឹងជាតិ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ តាមក្រុមប្រឹក្សាជាតិតស៊ូ សកម្មភាពនេះគឺជានិន្នាការបំផ្លាញពូជសាសន៍ខ្មែរ និងដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។