
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9649 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699820 នាក់
ប្រទេសកូរ៉េ៖នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោក Lee Jae-myung បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបញ្ជាក់ពីជ័យជម្នះរបស់លោក។ ការសន្យាជាច្រើនដែលលោកបានធ្វើអំឡុងយុទ្ធនាការ ត្រូវបានប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបញ្ជាក់ជាថ្មី ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីសម្រេចបានភ្លាមៗ។
ជាមួយនឹងការបញ្ជាក់ឡើងវិញខ្លីៗពីការសន្យាសំខាន់ៗមួយចំនួនរបស់លោក រួមទាំងការកសាងប្រទេសជាតិថ្មី ការលើកកម្ពស់ការបង្រួបបង្រួមជាតិ ការប្រយុទ្ធប្រឆាំងនឹងការបែកបាក់និងភាពជ្រុលនិយម និងការប្តេជ្ញាចិត្តដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយការបរទេសជាក់លាក់ដែលផ្តល់អាទិភាពដល់សន្តិភាព។លោក Lee Jae-myung«ខ្ញុំនឹងមិនភ្លេចកាតព្វកិច្ចរបស់ប្រធានាធិបតីក្នុ ងការបង្រួបបង្រួមប្រជាជនឡើយ ខ្ញុំនឹងបំពេញកាតព្វកិច្ចទីមួយដែលប្រជាជនបានប្រគល់ឱ្យខ្ញុំ គឺការបង្ក្រាបការបះបោរ និងធានាថានឹងមិនមានរដ្ឋប្រហារយោធាដែលគំរាមកំហែងប្រជាជនដោយអាវុធ ដែលប្រជាជនខ្លួនឯងបានប្រគល់ឱ្យយោធានោះទេ។ ខ្ញុំក៏នឹងស្វែងរកកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្វែងរកការរួមរស់ និងសហការគ្នា ដើម្បីស្វែងរកផ្លូវឆ្ពោះទៅរកវិបុលភាពរួម»។ នេះបើតាមសារព័ត៌មាន AFP បានផ្សាយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបានបញ្ជាក់ជាផ្លូវការថា បេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានសំឡេងគាំទ្រ ៤៩,៤២ភាគរយ។ គូប្រជែងសំខាន់របស់លោកមកពីគណបក្សអំណាចប្រជាជនគឺលោក Kim Moon-soo បានឈ្នះឆ្នោតត្រឹម ៤១,១៥ភាគរយ និងបានទទួលស្គាល់ការបរាជ័យនៅក្នុងការបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតមានអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៧ ដោយមានចំនួនប្រហែល ៣៥ លាននាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៤៤,៣៩លាននាក់។លោក Lee Jae-myung បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ លើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជា អតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង
លោក Lee បានគូសបញ្ជាក់ដូច្នេះថា «មិនថាលះបង់តម្លៃណានោះទេ ក៏សន្តិភាពនៅតែល្អប្រសើរជាងសង្គ្រាម»។ លោក Lee ក៏បានប្ដេជ្ញាដែរថានឹងបន្តពង្រឹង សមត្ថភាពកំញើញទប់ស្កាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងសកម្មភាពយោធាបង្ករឿងរបស់កូរ៉េខាងជើង ខណៈបើកចំហចំពោះកិច្ចសហប្រតិបតិការ។
សហគមន៍អន្តរជាតិបានផ្ញើសារអបអរសាទរជាលើកដំបូងដល់ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។ សេតវិមានបានសរសើរការបោះឆ្នោតកូរ៉េខាងត្បូងថា មានភាពយុត្តិធម៌ ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានផ្ញើសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងត្បូង ដោយបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង ដោយផ្អែកលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏ពឹងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Lee Jae-myung សម្ព័ន្ធភាពអាម៉េរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីជើរ៉ូ អ៊ីស៊ីបា បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងជប៉ុនគឺជាអ្នកជិតខាងដ៏សំខាន់ ហើយនៅឆ្នាំនេះនឹងប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានលើកឡើងថា ប្រទេសទាំងពីរគួរតែរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ទន្ទឹមនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានបង្ហាញពីបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត៕